ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជួបតំណាងកម្មករជាង៤ពាន់នាក់ នាព្រឹកថ្ងៃទី១៧ខែធ្នូនេះ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នៅសល់តែ១៤ថ្ងៃទៀត ប្រាក់ខែជាអប្បបរិមារបស់កម្មករកម្មការិនី រោងចក្រកាត់ដេរនិងស្បែកជើង នឹងឡើងដល់ 170 ដុល្លារ រួមជាមួយនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត កើនឡើងដល់ជាង២០០ដុល្លារ។
សម្តេចតេជោ បានថ្លែងថា “រាជរដ្ឋាភិបាលបានខិតខំធ្វើការច្រើនណាស់ ដើម្បីកូនក្មួយបានទទួលប្រាក់ខែថ្មីនេះ។ ជាការពិត ម្ចាស់រោងចក្រមានលទ្ធភាពដោះស្រាយបានតែ $165 ប៉ុណ្ណោះ។ ប៉ុន្តែ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៤០លានដុល្លារក្នុង១ឆ្នាំ (ដែលជាប្រាក់បានមកពីការព្យួរពន្ធកាត់ទុក និងកម្រៃនៃសេវានាំចេញ) ដើម្បីបន្ថែមជួយកូន ដោយក្នុងម្នាក់ៗ ទទួលបាន 5ដុល្លារ ទើបប្រាក់ខែកូនក្មួយនៅក្នុងឆ្នាំ២០១៨ គឺទទួលបាន 170ដុល្លារ។ នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន។ ប្រាក់ខែកូនក្មួយនឹងបន្តឡើងជារៀងរាល់ឆ្នាំ។ ពូសប្បាយចិត្ត និងសូមចូលរួមអបអរសាទរចំពោះប្រាក់ខែថ្មីរបស់កូនក្មួយក្នុងឆ្នាំ ២០១៨”។
នៅចំពោះមុខតំណាងកម្មករ កម្មការិនីជាង៤ពាន់នាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នេះជាការជួបសំណេះសំណាលលើកទី២៣ហើយ ហើយជួបថ្ងៃនេះ គឺកម្មករកម្មការិនី មកពីទឹកដីខេត្តកំពង់ស្ពឺ ដែលមានប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម មកពីបណ្តារោងចក្រផ្សេងៗគ្នា ដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករនិយោជិត ជាមួយនិយោជក និងសំណូមពរនានា ដើម្បីឲ្យការងារ និងជីវភាពរស់នៅរបស់កម្មករកម្មការិនីកាន់តែល្អប្រសើរ៕ ដោយ៖កូឡាប