ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជំហរថា រាល់កិច្ចការរបស់កម្ពុជា ត្រូវតែកំណត់ដោយផ្ទៃក្នុងកម្ពុជា មិនឱ្យកំណត់ដោយបរទេសនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអ្វីៗស្ថិតនៅលើបរទេសដដែល ខ្មែរគឺជាឆ្កែសុទ្ធ។
សម្តេចតេជោបានប្រតិកម្មបែបនេះ ឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីសរុបជិត ៥ពាន់នាក់នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “សូមចាំថា អ្វីក៏ដោយជាកត្តាកំណត់នៅក្នុងផ្ទៃក្នុងកម្ពុជាទេ មិនមែនកំណត់លើពួកបរទេសទេ បើគង់តែស្ថិតនៅលើបរទេសដដែល ខ្មែរគឺជាឆ្កែសុទ្ធ ដែលថា ណែ ដើរតាមអញបានអញទម្លាក់ឆ្អឹងឱ្យឯងស៊ី។ ឯករាជ្យ អធិបតេយ្យភាពជាតិមួយ វាមានតម្លៃធំណាស់ កុំធ្វើជាសត្វឆ្កែ គ្រាន់តែដើម្បីជាមួយនឹងឆ្អឹង ឬសាច់មួយដុំ វាមិនថ្លៃថ្នូទេ ឧទាហរណ៍គេគំរាម បើមិនធ្វើតាមអញ អញនឹងកាត់ផ្តាច់នេះ កាត់ផ្តាច់នោះ។ កាត់ទៅ លោកឯងជ្រើសរើសមនុស្សប៉ុន្មាននោះ ឬជ្រើសរើសប្រជាជន១៥លាននាក់ លោកឯងជ្រើសរើសទំនាក់ទំនងជាមួយបុគ្គលមួយក្រុម ឬក៏លោកឯងជ្រើសរើសទំនាក់ទំនងរវាងប្រទេស និងប្រទេស ហើយធ្វើទៅ ធ្វើឲ្យអស់សេចក្តីទៅ ។ សម្តេចបានបន្តថា ពិភពលោក មានទៅមានមក ។ គេរឹតបន្តឹង វីសា ទិដ្ឋាការ សូមអញ្ជើញព្រោះវាចំណេញលុយខ្មែរផង ប៉ុន្តែកុំភ្លេចថាគេក៏ត្រូវស្រុកយើងដែរ ហើយយើងរឹតបន្តឹងវិញដែរ វាមានទៅស្អីខុស វាអត់មានអ្វីផង ។ សុំទិដ្ឋាការ យើងមិនឲ្យវិញទៅ គឺបានតើ អត់មានអ្វីខុសផង ហើយប្រទេសខ្មែរ មិនមែនមានតែទំនាក់ទំនងជាមួយក្រុមប្រទេសតែមួយនោះទេ ។ សម្តេចបញ្ជាក់ថា យើងត្រូវគិតថា បើអញមិនធ្វើនេះ អញនឹងផ្តាច់អានេះ ផ្តាច់ជំនួយ ប៉ុន្តែយើងបើចង់បានជំនួយត្រូវតែឱនក្បាលថា បាទៗៗៗ ហើយជាតិមួយ យើងត្រូវធ្វើអីចឹង សុំទោស ខ្ញុំមិនអាចតំណាងជាតិសាស្ត្រមួយនេះ ទៅធ្វើអីចឹងបានទេ ។ មិនថាបរទេសនោះ ជាប្រទេសណានោះទេ ខ្ញុំធ្វើមិនរួច ដោយសារតែខ្ញុំស្អប់ខ្ពើម នូវការឈ្លានពានរបស់បរទេស ដោយសារជីដូនជីតារបស់បងប្អូនកូនក្មួយទាំងអស់ បានស្អប់ខ្ពើមនៃការឈ្លានពានរបស់បរទេស បំពានលើអធិបតេយ្យឯករាជ្យជាតិនោះហើយ បានជាប្រទេសយើងត្រូវតស៊ូ ងើបឈរឡើងដើម្បីឯករាជ្យអធិបតេយ្យរបស់ជាតិ យើងអត់ត្រូវធ្វើតាមបង្គាប់របស់គេនោះទេ ថាណែ គេបង្កកទ្រព្យសម្បត្តិ បង្កកៗទៅ យកទៅ អ្នកឯងចង់ឆក់ប្លន់ទ្រព្យសម្បត្តិ ក៏យកទៅ ហើយអ្នកណាភ្លើយកលុយទៅនៅក្រៅប្រទេស បើគេមានយកទៅ ខ្ញុំលើកទឹកចិត្តឲ្យគេយកទៅ ហើយកុំឲ្យខ្មែរ ពូកែយកទៅផ្ញើនៅក្រៅប្រទេស ខ្ញុំសុខចិត្តនឹងសាលារៀន ដើម្បីឲ្យក្មួយៗបានរៀនសូត្រ និងបានផ្ញើនឹងវត្តអារាម ដើម្បីបានឲ្យចាស់ៗទៅសុំសីល”។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្ថែមថា បរទេសមួយចំនួនពេលនេះ កំពុងតែបំពានមកលើអធិបតេយ្យភាពហើយ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋតស៊ូឡើង ដើម្បីតតាំងនឹងការរំលោភបំពានបែបនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានចោទជាសំណួរទៅកាន់សហរដ្ឋអាមេរិកថា តើលោកឯងចង់ជ្រើសរើស ទំនាក់ទំនងជាមួយតែបុគ្គលមួយក្រុមនោះ ឬជ្រើសរើសទំនាក់ទំនងជាមួយប្រជាជនកម្ពុជាទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វិធានការរបស់សហរដ្ឋអាមេរិកនេះ គឺជាការរំលោភលើអធិបតីភាពរបស់កម្ពុជា ហើយជាការជ្រៀតជ្រែកផ្ទៃក្នុង ដ៏ជ្រៅមកលើកម្ពុជា។ ជាមួយគ្នានេះ សម្តេចលើកឡើងថា កម្ពុជានឹងមិនធ្វើតាមការបង្គាប់របស់បរទេសទេ។ អ្វីៗមានទៅមានមក អាមេរិកចេះរឹតបន្តឹងទិដ្ឋាការដល់កម្ពុជា ហើយកម្ពុជាក៏ចេះប្រើប្រាស់វិធានការបែបនេះ សម្រាប់មន្ត្រីសហរដ្ឋអាមេរិកផងដែរ៕ ដោយ៖កូឡាប