Sunday, February 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ជាំ​ង​ស៊ូ ប្រារព្ធ​ធ្វើ​ទិវា​សប្តាហ៍​វប្បធម៌ នៅ​កម្ពុជា​

​ភ្នំពេញ​៖​ខេត្ត​ជាំ​ង​ស៊ូ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ បានដាក់​សម្ពោធ​មហោស្រព​ទស្សនីយភាព ល្ខោន​សណ្តែកក្រហម នៅក្នុង​ទិវា​សប្តាហ៍​វប្បធម៌ របស់ខ្លួន នៅ​កម្ពុជា​។​

​សប្តាហ៍​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ នឹង​ប្រារព្ធ​ធ្វើ​ក្នុងប្រទេស​កម្ពុជា នាទី​ក្រុងភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១៧ ដល់​២៤ ខែកុម្ភៈ​ឆ្នាំ​២០១៩ ដើម្បី​ឆ្លើយតប​នឹង​គំនិត​ផ្តួចផ្តើម ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​។​

​ក្នុង​ពិធី​សម្ពោធ​មហោស្រព​ទស្សនីយភាពរ​បាំ ក្នុង​ទិវា​សប្តាហ៍​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ នា​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​មហោស្រព​កោះ​ពេជ្រ លោក ឯក សំអុល ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន បាន​ថ្លែងថា ៖ ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ដ៏​ប្រពៃ​បន្ថែម​មួយកម្រិត​ទៀត នៃ​មិត្តភាព​ដែកថែប រវាង​កម្ពុជា​និង​ចិន ដែល​ប្រមុខ​ដឹកនាំ នៃ​ប្រទេស​យើង​ទាំងពីរ បានកំណត់​យក​ថា​ជា​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន​។ លើសពីនេះ​ឆ្នាំ​២០១៩ ជាការ​ចាប់ផ្តើម​នៃ​គីឡូម៉ែត្រ​ថ្មី នៃ​សករាជ​ទំនាក់ទំនង រវាង​កម្ពុជា​និង​ចិន លើ​ការ​បន្សា​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​១ ផ្លូវ​១ និង​យុទ្ធសាស្ត្រ​ចតុកោណ​។​

​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម ជាមួយ​ប្រទេស​ចិន លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​១​ផ្លូវ​១ ក្នុង​គោលបំណង សម្រេច​ឱ្យបាន​នូវ​សហគមន៍​រួមគ្នា ជោគវាសនា​តែមួយ ដើម្បី​ផ្តល់​ផលប្រយោជន៍ កាន់តែច្រើន​បន្ថែមទៀត ដល់​ប្រជាជាតិ នៃ​ប្រទេស​យើង​ទាំងពីរ​។​

​លោក​បាន​បន្តថា វិនិយោគិន និង​ទេសចរ​ជនជាតិ​ចិន ជាពិសេស វិនិយោគិន និង​ទេសចរ​ខេត្ត​ជាំ​ង​ស៊ូ បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ពង្រឹងពង្រីក​ថែមទៀត នូវ​ចំណងទាក់ទង​ជា​មេត្រីភាព និង​មិត្តភាព​រវាង​ប្រជាជាតិ​យើង​ទាំងពីរ ដែលមាន​តាំងពី​បុរាណកាល​មក​។​

​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា​៖ ខេត្ត​ជាង​ស៊ូ គឺជា​ខេត្ត​សេដ្ឋកិច្ច​មួយ ដែល​រី​កច​ម្រើ​នៅ​តំបន់ឆ្នេរ​សមុទ្រ ភាគ​ខាងកើត នៃ​ប្រទេស​ចិន ហើយ​ជា​ខេត្ត​មួយ ក្នុងចំណោម​ខេត្ត​រីកចម្រើន​បំផុត នៅក្នុង​ប្រទេស​ចិន​តាំងពី​សម័យបុរាណ​។ ជាពិសេស​ចាប់តាំងពី​ការ​កំណែទម្រង់ និង​ការបើកចំហ​របស់​ប្រទេស​ចិន ខេត្ត​ជាំ​ង​ស៊ូ តែងតែ​ឈានមុខ​គេ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ហើយ​ក្នុង​រយៈ ៤០ ឆ្នាំ ជាប់​គ្នា នៃ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​ធ្វើឱ្យ​ការរស់នៅ របស់​ប្រជាជន ក្នុង​ទីក្រុង​និង​ជនបទ​មានការ​ផ្លាស់ប្តូរ និង​ស្ថិតនៅ​លំដាប់​ជួរមុខ​គេ ។ ឆ្នាំ ២០១៨ ផលិតផល​ក្នុង​ខេត្ត​បាំង​ស៊ូ សរុប​បាន​កើនឡើង​ដល់ ៩.២៦​ពាន់​លាន​យ័ន​។ តាមរយៈ​ការតាំងពិព័រណ៍ “​ជំនួប​អ៊ូ​ស៊ី​” ក្នុង​សប្តាហ៍​វប្ប​ធ​ម៍​ខេត្ត​ជាំ​ង​ស៊ូ យើង​អាច​មើលឃើញ លក្ខណៈពិសេស​នៃ​វប្បធម៌ ទីក្រុង​ខេត្ត​ជាំ​ង​ស៊ូ និង​សមិទ្ធផល​កំណែទម្រង់ និង​ការបើក​ចំហ​អស់​រយៈពេល ៤០​ឆ្នាំ​មកនេះ ។​

​លោក​បន្តថា បន្ថែម​ពីលើ​សេដ្ឋកិច្ច​ខេត្ត​ជាំ​ង​ស៊ូ ក៏មាន​វប្បធម៌​ជាទី​មោទនភាព​ផងដែរ​។ រចនាបថ​ជំនាន់​អ៊ូ និង​ហាន ដែលមាន​រួមបញ្ចូល​ធាតុ​ទាំង​ខាងជើង និង​ខាងត្បូង គឺមាន​គ្រឹះ​យ៉ាង​ជ្រាលជ្រៅ​។ ភាព​ទាក់ទាញ​នៃ​ទេសភាព​ភាគខាងត្បូង​ដ៏​សម្បូរបែប ជា​បេតិកភណ្ឌ​អរូបី ដែល​បានបង្ហាញ​ពី​តំបន់ និង​លក្ខណៈពិសេស​របស់​ខេត្ត​។​

​លោក​ទូត បាន​បញ្ជាក់ថា ការបង្ហាញ​របាំ​“​សណ្តែកក្រហម នៃ​ប្រទេស​ភាគខាងត្បូង​” គឺជា​ប្រធានបទ​ទាក់ទង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែលជា​ស្នាដៃ​សិល្បៈ​ពិតប្រាកដ​និយម​។ តាមរយៈ​ការសំដែង និង​តាំងពិព័រណ៍ ក្នុង​សប្តាហ៍​វប្បធម៌​ជាំ​ង​ស៊ូ​” គឺ​យើងទាំងអស់គ្នា អាច​មើលឃើញ​រូបចម្លាក់​តុក្កតា​ដីឥដ្ឋ​ហួយ​សាន ឬ​ស្សី​ធ្លាក់ ក្រដាសសែន ក្រណាត់​ប៉ាក់ ក្រដាស​កាត់​និង​ឧបករណ៍​ភ្លេង​ជាដើម និង​អាច​ជួប​ជជែក ជាមួយ​អ្នក​ស្នង​មរតក​ទាំងនេះ ដោយផ្ទាល់​។​

​លោក​បាន​លើកឡើងថា “​ប្រទេស​ចិន​និង​កម្ពុជា គឺជា​មិត្ត​ល្អ​និង​អ្នកជិតខាង​ល្អ​នឹង​គ្នា​។ ថ្មីៗ​នេះ ដំណើរ​ទស្សនកិច្ច របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ដែល​បាន​ជួប​ជាមួយ​មេដឹកនាំ​ចិន និង​បាន​ឈានដល់​ការមូល​មតិ​គ្នា​ជាថ្មី លើ​ការអភិវឌ្ឍ​បន្ថែមទៀត នូវ​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ ជា​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ​បានកំណត់ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ដែល​ចេញផ្សាយ ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា ភាគី​ចិន​មាន​ឆន្ទៈ បន្ត​គាំទ្រ​អាជីវកម្ម​មានកេរ្តិ៍ឈ្មោះរ​បស់​ចិន ក្នុងការ​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​អនុវត្តន៍​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​សំខាន់​ដទៃទៀត តួយ៉ាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជាដើម​”​។​

​លោក​បាន​បន្ថែមថា ឆ្នាំ ២០១៩ គឺជា “​ឆ្នាំ​ទេសចរណ៍វប្បធម៌​កម្ពុជា – ចិន​” ។ ក្នុងអំឡុង​ពេលនេះ​ប្រទេស ទាំងពីរ​នឹង​លើកកម្ពស់​សកម្មភាព ជា​បន្តបន្ទាប់ ដូចជា វប្បធម៌ កីឡា ទេសចរណ៍ និង​ការផ្លាស់ប្តូរ​យុវជន​ជាដើម ក្នុងន័យ​បន្ត​មិត្ត​ភាពជា​ប្រពៃណី និង​ការពង្រីក​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​។​

​លោក​បន្តថា​៖ “​យើង​មាន​ឆន្ទៈ​បន្ត​ជំរុញ​ដល់​ភ្ញៀវទេសចរ​ចិន កាន់តែច្រើន មកកាន់​ប្រទេស​កម្ពុជា​បន្ថែមទៀត ខណៈ ចំនួន​ភ្ញៀវទេសចរ​ចិន មក​ទស្សនា​កម្ពុជា​បាន​កើន​ដល់ ២​លាន​នាក់ កាល​នៅ​ឆ្នាំមុន​។ ភាគី​ទាំងពីរ​នឹង​រៀបចំ​ឱ្យមាន​ក្រុម​សិល្បៈ អក្សរសាស្ត្រ ដើម្បី​ផ្លាស់ប្តូរ​ទស្សនកិច្ច​បន្ថែ​ម​ទៀត ព្រមទាំង​បន្ត​ពង្រឹង​ការផ្លាស់ប្ដូរ និង​ការរៀន​​សូត្រ​ពីគ្នា​ទៅវិញទៅមក នៅក្នុង​វិស័យ​ដូចជា វប្បធម៌​ប្រពៃណី និង​ខិតខំ​ដើម្បី​សម្រេចបាន​នូវ​កិច្ចសហប្រតិបត្តិការ និង​ការ​ទទួលផល​ពី​វិស័យ​ទេសចរណ៍ និង​វប្បធម៌​សិល្បៈ​។ ព្រឹត្តិការណ៍​សប្តាហ៍​វប្បធម៌​ខេត្ត​ជៀង​ស៊ូ បាន​បើក​ការចាប់ផ្តើម​ដ៏​ល្អ សម្រាប់​ឆ្នាំ​ទេសចរណ៍វប្បធម៌ កម្ពុជា​-​ចិន​”​។

​លោក​សង្ឃឹម និង​ជឿជាក់ថា ភាគី​ទាំងពីរ នឹង​អនុវត្ត​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​ផ្លែផ្កា ក្នុង​រយៈពេល​ខាងមុខ និង​រួមចំណែក​ជា​វិជ្ជមាន ក្នុងការ​បង្កើន​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក និង​មិត្តភាព​ជ្រាលជ្រៅ រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​សម្តេចព្រះរាម នរោត្តម បុប្ផា​ទេវី សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​មាន​ព្រះរាជបន្ទូល​ថា ៖ ទំនាក់ទំនង​មិត្តភាព​កម្ពុជា – ចិន មាន​ប្រវត្តិ​យូរអង្វែង ជិត​ពីរពាន់​ឆ្នាំ​មកហើយ​។ ប្រទេស​ទាំងពីរ​នេះ មាន​អរិយធម៌​ដ៏​បុរាណ​និង​អស្ចារ្យ បេតិកភណ្ឌ​វប្បធម៌​សម្បូរបែប បាន​កសាង​នូវ​ភាពស្និទ្ធស្នាល របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។

​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀតថា កាលពី ៦០ ឆ្នាំមុន ព្រះបិតា​ស្ថាបនិក ព្រះបាទ​នរោត្តម សីហនុ ជាមួយ​មេដឹកនាំ​ចិន លោក​ម៉ៅ សេទុង លោកនាយក​រដ្ឋមន្ត្រី ជូ អេ​ន​ឡាយ បាន​បង្កើត​ទំនាក់ទំនង រវាង​កម្ពុជា​និង​ចិន ដែលជា​គំរូ​គួរឱ្យ​ទុកចិត្ត​បំផុត​។ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​ចិន ដែល​ទទួលបាន​សមិទ្ធ​ផល ដូច​ក្នុងពេល​បច្ចុប្បន្ន គឺ​យើង​មិនអាច​បំភ្លេច​គុណបំណាច់ របស់​ព្រះបិតា​ស្ថាបនិក ព្រះបាទ នរោត្តម សីហនុ និង​លោក​ម៉ៅ សេទុង លោកនាយក​រដ្ឋមន្ត្រី ជូ អេ​ន​ឡាយ និង​ថ្នាក់ដឹកនាំ​ជំនាន់​មុន​ផ្សេងទៀត នៃ​ប្រទេស​ទាំង​ពីរបាន​នោះទេ​។ ចំណងមិត្តភាព​កម្ពុជា​-​ចិន បាន​ចាក់ឫស​ក្នុង​វប្បធម៌ និង​ទឹកចិត្ត​រវាង​ប្រជាជន​ទាំងពីរ ហើយ​ការផ្លាស់ប្តូរ​វប្បធម៌​សិល្បៈ ជា​ញឹកញាប់​បន្ថែមទៀត គឺជា​ការចាក់​បញ្ចូល នូវ​ភាពរស់រវើក និង​ក​ម្លាំ​ចលករ ចូលទៅក្នុង​មិត្តភាព ជា​ប្រពៃណី​រវាង​ប្រជាជន​ទាំងពីរ និង​ស្ថិតនៅ​យូរអង្វែង​ទៅមុខទៀត​ ៕ ដោយ ៖ កូ​ឡាប​

×