ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធុនធំដឹកស្វាយ ទម្ងន់ជាង១៥តោន ឡើងស្ពានព្រះមុនីវង្ស មិនរួចរអិលថយក្រោយ បុករះបង្កាន់ដៃស្ពានបណ្ដាលឲ្យក្រឡាប់ រថយន្តផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង២យប់ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅចំណុចស្ពានព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីស្រី្តម្នាក់ ដែលជាម្ចាស់ស្វាយ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ នឹងអ្នកបើកបរម្នាក់ បានដឹកស្វាយមួយឡានពេញ ដោយរថយន្តម៉ាក HYUNDAI ពណ៌សពាក់ស្លាកលេខតាកែវ3A-2397 បើកបរបុរសម្នាក់ ដោយផ្ទុកទម្ងន់ជាង១៥តោន ដើម្បីយកទៅលក់នៅប្រទេសវៀតណាម។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើបានបើកឡើងស្ពានព្រះមុនីវង្ស ក្នុងល្បឿនលឿន លុះជិតដល់ពាក់កណ្ដាលស្ពាន ស្រាប់តែរថយន្តទៅមុខលែងរួច ហើយភ្លាមៗនោះ គាត់បានរត់ចុះយកឈើទៅដាក់កង់រថយន្ត ដើម្បីកុំឲ្យរអិលថយក្រោយ តែដោយសាររថយន្តដឹកធ្ងន់ពេក ក៏រអិលថយក្រោយជ្រុលបុករះបង្កាន់ដៃស្ពានព្រះមុនីវង្ស បណ្ដាលឲ្យរងការខូចខាតអស់ចំនួន៤ផ្ទាំង ចំណែកឯរថយន្តវិញ បានក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ ៖ បញ្ញាស័ក្តិ