ភ្នំពេញ ៖ មន្ត្រីយោធាមួយរូបបើករថយន្តបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងយ៉ាង កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
សពមានឈ្មោះ ចេង ដារ៉ាឌី មានអាយុ៥០ឆ្នាំ ជាយោធានៅកងឯកភាពបញ្ជាការដ្ឋានកងទ័ពជើងទឹក នៃអគ្គបញ្ជាការ មានស្រុកកំណើតស្ថិតនៅភូមិអូរស្លែង ឃុំដណាក់កន្តួត ស្រុកកំពង់ត្រាច ខេត្តកំពត ហើយទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោកក្រុងភ្នំពេញ។
បើតាមប្រភពព័ត៌មាន ពីអ្នកដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ISUZU D-MAX ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ 2A-8000 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវជាតិលេខ៥អា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បានបើកវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្ដាលឲ្យអ្នកបើកបរ បានស្លាប់បាត់បង់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តវិញ រងការខូចខាតផ្នែកខាងមុខ មួយកំណាត់យ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់ យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ។ ដោយឡែកសព ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចប្រគល់សពទៅឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ៕ ដោយ ៖ បញ្ញាស័ក្តិ