កណ្តាល ៖ ជនសង្ស័យម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន២ដង ពីបទលួចនិង ហិង្សា គ្រឿងញៀន ត្រូវបានចាប់ខ្លួនម្តងទៀត ក្រោយពេលប្រើប្រាស់កូនកាំបិតភ្ជង់គំរាមនារីម្នាក់ប្លន់យកទ្រព្យសម្បត្តិ និងទូរស័ព្ទ។
នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីលួចមានស្ថានទំងន់ទោស កើតតហេតុ៖ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះជនរងគ្រោះភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ជនរងគ្រោះ១នាក់ ឈ្មោះប៉ាង សុផៃ ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ,មុខរបរគ្រូបង្រៀន។ ចំណែកជនល្មើស១នាក់ឈ្មោះចេកឈួន ហៅយូ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ។ ក្នុងពេលចាប់ខ្លួន សមត្ថកិច្ចចាប់យកវត្ថុតាង រួមមាន កូនកាំបិតចុងស្រួចប្រវែង៣២សង់ទីម៉ែត្រ កង់ចំនួនមួយ កាបូបស្ពាយពណ៍ខ្មៅចំនួន១ លុយចំនួន៨៥០០រៀល លុយចំនួន១០០០រៀល (របស់ជនរងគ្រោះ) ទូរសព្ឌ័ម៉ាកNokia x3 ពណ៍ខ្មៅ ចំនួន១គ្រឿង (របស់ជនរងគ្រោះ) ។
កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះកំពុងឈរនៅមុខផ្ទះរបស់ខ្លួន ក៏ស្រាប់តែឃើញជនល្មើសខាងលើជិះកង់មានស្ពាយកាបូបខ្មៅមួយមក ហើយសួរជនរងគ្រោះថាឈរធ្វើអី ។ ជនរងគ្រោះថាឈរចាំប្តី ពេលនោះជនរងគ្រោះក៏រត់ចូលផ្ទះ ហើយជនល្មើសក៏ដកកូនកាំបិតរត់ដេញតាម ពេលនោះជនរងគ្រោះក៏បានស្រែកថាចោរៗ
រួចជនល្មើសក៏បានរុញជនរងគ្រោះផ្តួលផ្ទប់ជញ្ជាំង ហើយនិយាយគំរាមថាមានរបស់អ្វីឲ្យអញទាំងអស់មក។ រួចជនរងគ្រោះឆ្លើយថាមានតែលុយមួយពាន់រៀលនិងទូរសព្ឌ័មួយ ហើយក៏ឲ្យវាទៅ។ បន្ទាប់ប្តីជនរងគ្រោះនិងអ្នកជិតខាងក៏មកទាន់រួចដេញចាប់ខ្លួនបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសឆ្លើយថាពិតជាបានប្រព្រឹតដូចខាងលើប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពលួចគាស់ផ្ទះគេយកទ្រព្យសម្បត្តិនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បាន១ម្តង កាលពីថ្ងៃទី៨តុលា២០១៧ ជាមួយបក្ខពួកម្នាក់ឈ្មោះផន មនោរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន២ដង ពីបទលួចនិង ហិង្សា រីឯគ្រឿងញៀនវិញខ្លួនបានប្រើប្រាស់រយៈពេល២ឆ្នាំ មកហើយ៕ ដោយ ៖ កូឡាប