តាកែវ ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៧និង៥០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧១-៧២ ក្នុងភូមិអង្គគគី ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្ត បើកបរស្របទិសគ្នា ដោយបុកពីខាងក្រោយ ។
តាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកហ្វ៊ុយសូ ដឹកទូកុងទីន័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-5216 បើកបរដោយឈ្មោះ មុំ សាមុត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិក្រាំងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀតពីក្រោយម៉ាកហ៊ិនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង 3A-8588 បើកបរដោយឈ្មោះ ចាន់ កុសល់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបើកបរមកពីទិសខាងជើងដូចគ្នា ចំពោះករណីនេះមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ ។ ក្រោយពេលទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏ចុះមកដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុ ដកហូតរថយន្តទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕ តាកែវ