សៀមរាប ៖ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិបរទេសម្នាក់មានតួនាទីជាអ្នកគ្រប់គ្រងផ្ទះសំណាក់ ត្រូវសមត្ថកិច្ចនគរបាលខេត្តសៀមរាបចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប៉ុនប៉ងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា ដុតបំផ្លាញសម្ភារ និងទ្រព្យសម្បត្តិក្នុងផ្ទះសំណាក់ ។
សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិបរទេសម្នាក់ឈ្មោះ SIMMSDAMONWALTER NELSON ភេទ ប្រុស កើតថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៨០ ជាជនជាតិអូស្ត្រាលី សញ្ជាតិអៀកឡង់ កាន់លិខិតឆ្លងដែនលេខ PV១៧០៤៩៣៤ មានមុខរបរជាអ្នកគ្រប់គ្រងផ្ទះសំណាក់ហ្កាប៊ីស៍ ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញអនុវត្តនីតិវិធីខេត្ត សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលអធិការដ្ឋានក្រុងសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលខេត្តទទួលផែនការងារអន្តេាប្រវេសន៍ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីដុតបំផ្លាញសម្ភារ និងទ្រព្យសម្បត្តិក្នុងផ្ទះសំណាក់ នាវេលាម៉ោងប្រហែល ២០ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំនុចក្នុងផ្ទះសំណាក់ហ្កាប៊ីស៍ ប៉ុន្តែត្រូវបានសមត្ថកិច្ច ជួយពន្លត់ទាន់ពេលវេលា ដែលពុំបណ្តាលឲ្យខូចខាតសម្ភារ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរឡើយ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តការសាកសួរតាមការសម្រេចរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ៕ ដោយ ៖ បញ្ញាស័ក្តិ