មនុស្សយ៉ាងហោចណាស់ចំនួន ១៣០នាក់បានស្លាប់ និងជាង ២០០នាក់ទៀតកំពុងសំរាកព្យាបាលនៅពេទ្យ ក្រោយពេលពួកគេផឹកស្រាបិតមានជាតិពុល នៅក្នុងប្រទេសឥណ្ឌា។
មនុស្សចំនួន ៣៥នាក់ត្រូវបានគេរាយការណ៍ថាស្លាប់នៅក្នុងរដ្ឋ Assam កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីមនុស្ស ១០០នាក់បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh និងUttarakhand។
មនុស្សចំនួន ១០នាក់ត្រូវបានចាប់ខ្លួនជុំវិញការបិតស្រាដែលមានជាតិពុលនោះ។ នេះបើតាមការបញ្ជាក់របស់ប៉ូលីស។
ក្នុងចំណោមជនរងគ្រោះក៏មានស្ត្រីជាច្រើននាក់ផងដែរ ដែលពួកគេទាំងអស់ជាកម្មករនៅចំការតែ។
អាជ្ញាធរត្រូវបានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ចំពោះការស្លាប់ដ៏ច្រើនបែបនោះ។ ចំនួនអ្នកស្លាប់ ត្រូវបានគេជឿជាក់ថាជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១១មក ដែលកាលនៅមានករណីពុលស្រាដែរបណ្តាលឲ្យមនុស្សជាង ១៧០នាក់ស្លាប់នៅក្នុងរដ្ឋ West Bengal។
ប៉ូលីសបញ្ជាក់ថា ពួកគេបានរកឃើញផ្ទះមួយដែលជាកន្លែងផលិតស្រាមានជាតិពុល និងបានរកឃើញស្រាចំនួន ១លីត្រកន្លះ។
សូមបញ្ជាក់ថា ករណីពុលស្រា និងចំណីអាហារតែងកើតមានជាញឹកញាប់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទី ២នេះ៕ សុភ័ក្ត្រ
ប្រភព៖ BBC