ទាហានរបស់ប្រទេសវេណេហ្ស៊ុយអេឡាជាង ១០០នាក់បានរត់ផ្តាច់ខ្លួនពីរបប Nicolas Maduru ចូលក្នុងប្រទេសកូឡុំប៊ី ក្នុងកំឡុងការប៉ះទង្គិចគ្នាជាមួយនឹងប្រជាជនជុំវិញការរារាំង និងចង់បញ្ជូនជំនួយចូលក្នុងប្រទេសកាលពីថ្ងៃសៅរ៍។
ពួកទាហានដែលបានរត់ផ្តាច់ខ្លួនបានសំដែងការព្រួយបារម្ភពីសុវត្ថិភាពគ្រួសាររបស់ពួកគេក្រោមការដឹកនាំរបស់ប្រធានាធិបតី Nicolas Maduru ដោយខ្លាចកងកម្លាំងដែលស្មោះស្ម័គ្រនឹងរបបនេះ វាយធ្វើបាបក្រុមគ្រួសាររបស់ពួកគេ។
ទោះយ៉ាងណា ពួកគេគិតថា ការរត់ផ្តាច់ខ្លួនគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។
បច្ចុប្បន្ន ភាពតានតឹងកំពុងតែកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតី Nicolas Maduru បានបញ្ជូលទ័ពឲ្យទៅបិទផ្លូវ និងស្ពាន នៅព្រំដែនប្រទេសប្រេស៊ីល និងកូឡុំប៊ី កន្លែងដែលឡានដឹកជំនួយថ្នាំពេទ្យ និងអាហារកំពុងចតនៅ ដើម្បីត្រៀមចូលប្រទេសវេណេហ្ស៊ុយអេឡា។
ការប្រឈមដាក់គ្នាកាលពីថ្ងៃសៅរ៍កន្លងទៅនេះ បណ្តាលឲ្យមនុស្សចំនួន ២ បានស្លាប់បាត់បង់ជីវិត ដោយសារការបាញ់របស់កងកម្លាំង ជុំវិញការរារាំងមិនឲ្យជំនួយចូលមកក្នុងប្រទេស។
តើអ្នកផ្តាច់ខ្លួននិយាយអ្វីខ្លះ?
BBC បានធ្វើបទសម្ភាសន៍ជាមួយនឹងទាហានផ្តាច់ខ្លួនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ហើយពួកគេបានប្រាប់ពីមូលហេតុដែលជំរុញឲ្យពួកគេរត់ចោលប្រធានាធិបតី Nicolas Maduru។
ទាហានវ័យ ២៩ឆ្នាំនិយាយថា “មានទាហានជាច្រើនដែលចង់ធ្វើបែបនេះ។ វានឹងមានការប្រព្រឹត្តដូចគ្នាកើតឡើង ហើយវានឹងមានឥទ្ធិពលលើកងកម្លាំងទាំងអស់”។
“កងកម្លាំងមានការខកចិត្ត ព្រោះមានមន្ត្រីពុករលួយជាច្រើន។ ទាហានជំនាញមានការនឿយហត់ខ្លាំងណាស់។ ពួកគេមិនអាចនៅធ្វើជាទាសករទៀតទេ ហើយការរត់នេះគឺពួកយើងកំពុងដោះលែងខ្លួនឯង”។
ទាហានជាស្ត្រីម្នាក់ទៀតបានថ្លែងពីក្តីឈឺចាប់របស់គាត់ចំពោះការប៉ះទង្គិចគ្នាជាមួយនឹងប្រជាជន កាលពីថ្ងៃសោរ៍ដូច្នេះថា “វាគឺជាអារម្មណ៍ដ៏លំបាក។ ខ្ញុំគិតថា ខ្ញុំមិនគួរគំរាមកំហែងប្រជាជនខ្ញុំទៀតទេ”។
“កូនស្រីរបស់ខ្ញុំកំពុងស្ថិតនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ហើយនេះជាអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់បំផុត ប៉ុន្តែខ្ញុំធ្វើបែបនេះដើម្បីនាង។ វាជាអារម្មណ៍ពិបាក ពីព្រោះខ្ញុំមិនដឹងថា ពួកគេនឹងធ្វើអ្វីដាក់នាងនោះទេ”៕ សុភ័ក្ត្រ
ប្រភព៖ BBC