ភ្នំពេញ ៖ ជនជាតិចិនស្រវឹងស្រា បើបើករថយន្តហាយឡែនឌ័រ លឿនរេចង្កូត បុករះរទេះលក់គុយទាវ និងផ្ទះប្រជាពលរដ្ឋបណ្ដាល ឲ្យរងឲ្យរងការខូចខាតខ្ទេចខ្ទី។ ក្រោយពេលកើតហេតុ ភាគីរថយន្តបង្ក បានចុះមកដោះស្រាយសងសំណង ទៅឲ្យភាគីខាងម្ចាស់ផ្ទះ និងម្ចាស់រទេះគុយទាវ គិតជាទឹកប្រាក់អស់ចំនួន៨០០០ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង។
ករណីកើតឡើង នៅម៉ោងជាង២យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ នៅមុនពេលកើតហេតុគេឃើញជនជាតិចិនមួយក្រុម មានប្រុសស្រីចំនួន៤នាក់ ស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AP-8199 ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតងាកមកស្ដាំដៃ ជ្រុលទៅបុករះរទេះលក់គុយទាវ របងផ្ទះប្រជាពលរដ្ឋ និងរថយន្តមួយគ្រឿងទៀត ម៉ាក Lexus LX470 ពណ៌ស្ករពាក់ស្លាកភ្នំពេញ 2AK-0055 បណ្ដាលឲ្យរងការខូចខាត តែ មិនមាន នរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕ ដោយ ៖ បញ្ញាស័ក្តិ