ព្រះសីហនុ ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងការចូលរួមអនុវត្តន៍ សាលដីការ របស់តុលាការកំពូល។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងថា បន្ទាប់ពីស្រាវជ្រាវរួចមក ក្រុមប្រឹក្សាវិន័យសម្រេចដាក់ វិន័យលើមន្ត្រីកងរាជអាវុធហត្ថចំនួន៥នាក់ ។ ទី១ លោកវរសេនីយ៍ឯក ប៉ែន វិបុល ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលមានកំហុសក្នុងការគ្រប់គ្រងបញ្ជាធ្វេសប្រហែសក្នុងការបញ្ជាកងកម្លាំង ហើយគាត់មិនចាត់វិធានការនៅពេលដែលឃើញ មានអំពើហិង្សា ដែលជាអាវុធហត្ថ ឬយោធិន គឺក្នុងនាមយើងជាមន្ត្រីប្រតិបត្តិច្បាប់ត្រូវតែឃាត់ តែគាត់បែរជាមិនឃាត់ ហើយគាត់ត្រូវទទួលទោស ដោយក្រុមប្រឹក្សាវិន័យបានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មវិន័យពាក់ព័ន្ធនឹងការធ្វើ “ការបន្ទោសដោយលក្ខខណ្ឌអក្សរ”។ ទី២ លោកព្រឹន្ទបាលទោ សុខ ធារិទ្ធ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺជាបុគ្គលដែលយើងឃើញនៅក្នុងរូបភាពដែលធាក់បុគ្គលម្នាក់ដែលជាប់ចំណង អីចឹងកំហុតរបស់គាត់គឺប្រើហិង្សាពាក់ព័ន្ធក្នុងពេលប្រតិបត្តិការ ដោយដាក់វិន័យគឺផ្អាកតំណែងក្នុងជំហានដំបូង ចាប់តាំងពីថ្ងៃប្រព្រឹត្ត ហើយជំហានបន្ទាប់នឹងប្តឹងទៅតុលាការ ។ ទី៣ លោកពុធ ចាន់ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺគាត់មិនបានប្រើហិង្សាទេ ប៉ុន្តែគាត់នៅកន្លែងនឹងដែរ ហើយក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ គាត់មិនឃាត់ ឬក៏ឃាត់ខ្លួនបុគ្គលដែលប្រើហិង្សា គឺទទួលវិន័យជាលាយលក្ខណ៍អក្សរ។ ទី៤ លោក សេក កុម្ភៈ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺគាត់មិនគោរពដោយជាក់លាក់នូវបទបញ្ជា ដោយធ្វើការផ្ទុះអាវុធម៉ាកអាកា ដោយបាញ់ឡើងលើចំនួន៤គ្រាប់ គឺទទួលវិន័យជាលាយលក្ខណ៍អក្សរ និងទី៥ លោកស៊ឹម វាសនា ជាជំនួយការការិយាល័យ និងជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ គឺគាត់មិនគោរពដោយជាក់លាក់នូវបទបញ្ជា ដោយធ្វើការផ្ទុះអាវុធខ្លីម៉ាកសេអេស៩៨ ដោយបាញ់ឡើងលើចំនួន២គ្រាប់ ។
លោកបានបន្តថា ហេតុអ្វីបានយើងដឹងនៃកាផ្ទុះអាវុធ ព្រោះក្រោយពេលបញ្ចប់ប្រតិបត្តិការ យើងបានធ្វើការត្រួតពិនិត្យនូវអាវុធទាំងអស់ ដោយសារអាវុធ និងគ្រាប់ត្រូវចុះបញ្ជី និងបានធ្វើលាកបត្រត្រឹមត្រូវ។ ក្នុងប្រតិបត្តិការ នោះមានកងកម្លាំង១០០នាក់ មានអាវុធវែង១០ដើម អាវុធខ្លី៦ដើម ។ លោកបន្តថា ក្បាលគ្រាប់ដែលត្រូវជនរងគ្រោះនោះ អាយុខ្លីម៉ាក កា៥៩ ជាប្រភេទអាវុធកែច្នៃ ។
ចំណែកអាវុធខ្លីចំនួន៦ដើម យើងបានយកទៅបាញ់ធ្វើតេស្តរកក្បាលគ្រាប់ ដោយបានយកក្បាលគ្រាប់ទៅកោសល្យវិច័យ គឺពុំមានលក្ខណៈដូចគ្នានឹងគ្រាប់តែត្រូវជនរងគ្រោះនោះទេ ហើយគ្រាប់តែត្រូវជនរងគ្រោះគឺក្បាលគ្រាប់អាវុធខ្លីម៉ាក កា៥៩។
លោកអេង ហ៊ី បានបញ្ជាក់បន្ថែមថា “គ្រាក់កាំភ្លើងដែលត្រូវជនរងគ្រោះនោះ គឺមិនបានចេញកាំភ្លើងពីកងរាជអាវុធហត្ថនោះទេ “។
លោក បានបន្តថា ពាក់ព័ន្ធនឹងក្រុមប្រឹក្សាវិន័យ មន្ត្រីអាវុធហត្ថ៥នាក់ ដែលត្រូវទណ្ឌកម្ម ក្នុងនោះមានមួយរូបត្រូវ គឺលោកសុខ ធារិទ្ធ ត្រូវតែកសាងសំណុំរឿងទៅតុលាការ ដោយសារគាត់ប្រើហិង្សា ទៅលើបុគ្គលម្នាក់ ។ ចំណែកយោធិនមួយរូបទៀត ដែលយកអាវុធអាកា ទៅវាយបុគ្គលម្នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ ។
លោកបានថ្លែងថា ចំពោះជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានធូរស្បើយហើយ ប៉ុន្តអវយវផ្នែកខាងក្រោម មិនទាន់មានចលនា ហើយពេទ្យកំពុងបន្តព្យាបាល។ លោកបន្តថា នៅពេលដែលយើងស្តាប់ចម្លើយទាំងពីរនាក់នោះ គឺគាត់ខឹងដោយសារមានការបាញ់ចម្ពាមកៅស៊ូត្រូវ គេគប់ត្រូវគាត់ ទើបគាត់បានប្រើអំពើហិង្សាតែម្តង។ លោកបានសម្តែងការសុំទោស ជំនួសឲ្យមន្ត្រីអាវុធហត្ថនិងយោធិនទាំងពីររូបនោះ ចំពោះជនរងគ្រោះ ដែលជាការប្រព្រឹត្តមិនគប្បី ដោយសារកន្លងទៅយើងមានការអប់រំណាស់ ជាពិសេសបានចុះអប់រំទូទាំងប្រទេស ឲ្យគាត់បម្រើប្រជាជន ចាត់ទុកប្រជាជនជាម្ចាស់ ដោយសារប្រជាពលរដ្ឋ មហាជន ប្រជាជនយើង ជាអ្នកបង់ពន្ធជូនរដ្ឋ ដើម្បីបានលុយបើកប្រាក់ខែឲ្យអាវុធ អីចឹងអាវុធហត្ថត្រូវតែបម្រើពលរដ្ឋឲ្យបានល្អ ។
លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ បានបំភ្លឺឲ្យសាធារណជន បានយល់ច្បាស់ពីទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ ដែលកើតឡើងប៉ុន្មានសប្តាហ៍មកនេះ រហូតដល់មានអំពើហិង្សារវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច ដែលជាអ្នកទទួលបញ្ជាដឹកនាំកម្លាំងដោះស្រាយបញ្ហានេះ។ លោក ផៃ ប៊ុនវណ្ណៈ សារភាពត្រង់ៗថា កម្លាំងសមត្ថកិច្ច ពិតជាបានបាញ់កាំភ្លើងប្រមាណ២០គ្រប់ ឡើងទៅលើ ក្នុងពេលប្រឈមមុខដាក់គ្នាជាមួយប្រជាពលរដ្ឋ។ ដំបូងឡើយ សមត្ថកិច្ច គ្មានចេតនាប្រើប្រាស់អាវុធឬក៏ចង់ឲ្យកើតអំពើហិង្សានោះទេ ប៉ុន្តែ ដោយសារតែខាងប្រជាពលរដ្ឋ ជាអ្នកផ្តើមមុន ដោយកែនគ្នីគ្នារាប់រយនាក់ ទៅតវ៉ា រហូតមានដុតកង់ឡាន គប់ដបសាំង ដប់ដុំថ្ម និងបាញ់ចម្ពាម លើក្រុមសមត្ថកិច្ច ដែលបណ្តាលឲ្យឆេះអេស្កាវ៉ាទ័រ និងឆេះឡានទឹក ទើបកម្លាំងសមត្ថកិច្ច សម្រេចបាញ់កាំភ្លើងឡើងលើ ដើម្បីឲ្យប្រជាពលរដ្ឋ បញ្ឈប់អំពើហិង្សា ។
អភិបាលរងរូបនេះ សន្និដ្ឋានថា ទំនងជាគ្រប់កាំភ្លើងដែលបាញ់ឡើងលើនោះហើយ ដែលត្រូវប្រជាពលរដ្ឋ ពេលធ្លាក់ចុះមកក្រោមវិញ។ លោក បញ្ជាក់បែបនេះថា៖«ពេលនោះ មានអំពើហិង្សាកើតឡើង ដោយមានផ្ទុះអាវុធបាញ់ឡើងទៅលើ ប្រហែលប្រមាណ២០គ្រាប់ ហើយប្រហែលជាគ្រាប់ធ្លាក់មកវិញ ត្រូវរបួសមនុស្សម្នាក់ តែការរងរបួសនេះ មិនបង្កឲ្យបាត់បង់អាយុជីវិតទេ» ។
គេមិនទាន់ភ្លេចទេថា ក្រោយពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ពៅ សារ៉ន ត្រូវរបួសដោយគ្រាប់កាំភ្លើង ពេលទៅតវ៉ារឿងដីធ្លីជាមួយប្រជាពលរដ្ឋផ្សេងទៀត សមត្ថកិច្ច ហាក់ព្យាយាមដកខ្លួនចេញពីទំនួលខុសត្រូវនេះ។ កាលនោះ លោក ផៃ ប៊ុនវណ្ណៈ បានបកស្រាយថា គ្រាប់កាំភ្លើងនោះ ជាគ្រាប់កាំភ្លើងប្រភេទឡុក ដែលមិនមែនជាគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចឡើយ។
លោក ផៃ ប៊ុនវណ្ណៈ ក៏ដាក់ការសង្ស័យថា ពេលចលាចលកើតឡើង ដោយសារការប្រទូសរ៉ាយរវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច ជនបាតដៃទី៣ ក៏ឆ្លៀតឱកាសបាញ់ប្រជាពលរដ្ឋតែម្តង ដើម្បីទម្លាក់កំហុសឲ្យសមត្ថកិច្ច។
លើសពីនេះ តាមរយៈវីដេអូដែលគេថតបាន និងបង្ហោះលើបណ្តាញសង្គម គេ ក៏ឃើញសមត្ថកិច្ច បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋផងដែរ ដោយក្នុងនោះ មានសមត្ថកិច្ចម្នាក់ បានយកកាំភ្លើង ទៅវាយខ្នងប្រជាពលរដ្ឋម្នាក់ ដែលអង្គុយលុតជង្គង់ ហើយដៃទាំង២ ត្រូវបានចងស្លាបសេក។
សូមបញ្ជាក់ថា ទំនាស់ដីធ្លីនេះ កើតឡើងនៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ។ ការប្រឈមដាក់គ្នារវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋ បានកើតឡើងតាំងពីប៉ុន្មានថ្ងៃមុនមកម្ល៉េះ ហើយមកដល់ពេលនេះ ការតវ៉ា មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ ប្រជាពលរដ្ឋប្រមាណ២០០នាក់ បាននាំគ្នាទៅតវ៉ា នៅពេលតុលាការកំពូល ចេញសាលដីកាស្ថាពរ ដោយសម្រេចឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ ឈ្នះក្តីពួកគាត់ លើរឿងដីធ្លី ៕ ដោយ ៖ ស្រីនាថ