Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​គម្រោង​ស្តីពី ”​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ របស់​យុវជន​នៅ​កម្ពុជា និង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ការងារ​ចល័ត​”

​ភ្នំពេញ ​៖ សន្និសីទ​បិទ​គម្រោង​ស្តីពី​៖ “​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា និង​សម្ពោធ​មជ្ឈមណ្ឌល​ការងារ​ចល័ត​” ដែល​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) ពី​ឆ្នាំ​២០១៣ ដល់ ២០១៩ និង​ទទួល​អនុវត្ត​រួមគ្នា​ដោយ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ទីភ្នាក់ងារ​ផ្តល់​សេវាសាធារណៈ​ស៊ុយអែត (SPES) ត្រូវបាន​ប្រារព្វ​ធ្វើឡើង ក្រោម​អធិបតីភាព​លោ​កម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយមាន​ការចូលរួម​ពី លោកស្រី​វ ម៉ា​រៀ សា​គ្រិន ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, លោកស្រី អេ​វ៉ា ថេ​អី​ស ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្ដរជាតិ នៃ​ទីភ្នាក់ងារ​ផ្ដល់​សេវា​ការងារ​សាធារណៈ​ស៊ុយអែត ព្រមទាំង​តំណាង​មកពី​ស្ថានទូត​ស៊ុយអែត ស្ថាប័នរដ្ឋ សិស្ស​-​និស្សិត​អង្គការក្រៅរដ្ឋាភិបាល សមាគមន៍ សហជីព​សហព័ន្ធ និង​ដៃគូ​អភិវឌ្ឍ​នានា នៅ​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ថ្លែង​ក្នុង​ពិធី​បិទ​គម្រោង​ស្តីពី​៖ ”​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា និង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ការងារ​ចល័ត​” លោក​បណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា​៖ “​ការអនុវត្ត​គម្រោង SIDA ទាំងពីរ​ដំណាក់កាល​នេះ ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អភិវឌ្ឍ​ធនធានមនុស្ស និង​ទីផ្សារការងារ​ជាពិសេស​យុវជន​ឲ្យ​ទទួលបាន​ការងារ​កាន់​តែ​ងាយស្រួល ឆាប់រហ័ស និង​ចំណេញ​ពេលវេលា ដែល​ស្របតាម​ក្របខណ្ឌ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងការ​ខិតខំ​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន និង​ជួយ​បែងចែក​ឱកាស​ទាំងនេះ ឲ្យ​បាន​ទៅដល់​ប្រជាជន​គ្រប់រូប​ប្រកបដោយ​តម្លាភាព និង​សមធម៌ សំដៅ​ប្រែក្លាយ​ឱកាស​ការងារ​ដែលមាន​ទាំងអស់ ឲ្យ​ទៅជា​មុខរបរ​កាន់តែ​ល្អ​សម្រាប់​ប្រជាជន​គ្រប់រូប​។​”
​តាមរយៈ​ការអនុវត្ត​គម្រោង​នេះ អ្នកទទួលផល​ផ្ទាល់ ដែល​ភាគច្រើន​ជា​យុវជន សិស្ស​និស្សិត ស្ត្រី និង​ជនពិការ បានទទួល​ការបណ្តុះបណ្តាល​អភិវឌ្ឍ​ជំនាញ និង​ទទួលបាន​ឱកាស​ការងារ​កាន់តែ​ងាយស្រួល​មាន​ជាអាទិ៍​៖ ការបណ្តុះបណ្តាល​ជំនាញ​ទន់ និង​សហគ្រិនភាព​ចំនួន​៣៤៥០​នាក់​, អ្នក​ចុះឈ្មោះ​ស្វែងរក​ការងារ​សរុប​ចំនួន​ប្រមាណ​៩​ម៉ឺន​នាក់​, អ្នកទទួលបាន​ការងា​រ​ធ្វើ​ប្រមាណ​២​ម៉ឺន​នាក់​, សិស្ស​និស្សិត និង​អ្នកស្វែងរក​ការងារ​ទទួល​ការប្រឹក្សា​អាជីព​ចំនួន​ប្រមាណ​១៤​ម៉ឺន​នាក់​, យុវជន​ទទួលបាន​កម្មសិក្សា​ចំនួន​៧៤៩​នាក់​។​

​ស្របពេល​ជាមួយគ្នា​នឹង​ការរៀបចំ​សន្និសីទ​បិទ​គម្រោង​នេះ ក៏មាន​សមិទ្ធិផល​មួយទៀត របស់​គម្រោង​គឺ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត “​មជ្ឈមណ្ឌល​ការងារ​ចល័ត​” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ត្រូវ​បានរៀបចំ​បំពាក់​នៅក្នុង​រថយន្ត​មី​នី​វ៉ាន ហើយ​មាន​មុខងារ​ផ្តល់នូវ​សេវា​សំខាន់ៗ ដូច​មជ្ឈមណ្ឌល​ការងារ​ធម្មតា​ដែរ​ដូចជា​៖ ការស្វែងរក​មើល​ព័ត៌មាន​ការងារ​, ការចុះឈ្មោះ​រក​ការងារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​និង​ទម្រង់​ក្រដាស​, ការទទួល​ប្រឹក្សា​យោបល់​ការងារ​, និង​បណ្ណាល័យ​ការងារ​ជាដើម​។ ប៉ុន្តែ​ចំណុច​ពិសេស​របស់​មជ្ឈមណ្ឌល ការងារ​ចល័ត​គឺអាច​នាំយក​សេវា​ការងារ និង​ព័ត៌មាន​ឱកាស​ការងារ​កាន់តែ​ខិតជិត ដល់​ប្រជាពលរដ្ឋ​អ្នកស្វែងរក​ការងារ​សិស្ស​និស្សិត​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​ជាពិសេស​តំបន់​ជនបទ និង​ខេត្ត​ឆ្ងាយៗ​ដែល​មិនទាន់មាន​មជ្ឈមណ្ឌល​ការងារ​នៅឡើយ​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ “​មជ្ឈមណ្ឌល​ការងារ​ចល័ត​” នេះដែរ លោក​បណ្ឌិត​រដ្ឋមន្ត្រី បានស្នើ​ដល់​ភាគី ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) និង​ទីភ្នាក់ងារ​ផ្តល់​សេវាសាធារណៈ​ស៊ុយអែត (SPES) បន្ត​ជួយ​ជ្រោមជ្រែង​ដល់ទី​ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ក្នុងការ​បង្កើត​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​នូវ “​មជ្ឈមណ្ឌល​ការងារ​ចល័ត​” ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការផ្តល់សេវា​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​ទីជិត​ឆ្ងាយ​នៅ​ទូទាំងប្រទេស តាមរយៈ​ការផ្តល់សេវា​ចុះឈ្មោះ​ស្វែងរក​ការងារ ផ្គូផ្គង​អ្នក​សែ្វ​ងរ​ក​ការងារ​ទៅនឹង​ឱកាស​ការងារ​ដែល​នៅ​ទំនេរ​, ការប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការជ្រើសរើស​កម្លាំង​ពលកម្ម​, ការផ្តល់​មគ្គទេសក៍ និង​ប្រឹក្សា​យោបល់​អាជីព ព្រមទាំង​ការផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ និង​ការរៀបចំ​កម្មវិធី ឬ​ព្រឹត្តិការណ៍​ការងារ​នៅតាម​មូលដ្ឋាន សំដៅ​បំ​ព្រួញ​គម្លាត​នៃ​ការខកខាន​មិន​ទទួលបាន​ឱកាស​ការងារ និង ជំរុញ​ការទទួលបាន​ព័ត៌មាន​ពី​ការងារ​ទូលំទូលាយ​ដល់​សិស្ស​/​និស្សិត យុវជន និង​អ្នកស្វែងរក​ការងារ​ធ្វើ​ទូទាំងប្រទេស​។ ជា​ចុងក្រោយ លោក​បណ្ឌិត​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ស៊ុយអែត ដែល​បានផ្តល់​នូវ​គម្រោង​ដ៏​ថ្លៃថ្លា​ខាងលើ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​លើកទឹកចិត្ត​ដល់​ប្អូនៗ សិស្ស​/​និស្សិត និង​យុវជន​អ្នកស្វែងរក​ការងារ​ធ្វើ​ទាំងអស់​ចូលរួម​ប្រើប្រាស់​នូវ​សេវា​ទាំងអស់​ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ជាពិសេស​មជ្ឈមណ្ឌល​ការងារ​ចល័ត​ថ្មី​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត​ស៊ុយអែត បាន​ថ្លែងថា កាលពី​១០​ឆ្នាំមុន កម្ពុជា​មិនទាន់មាន​ព័ត៌មាន​ទីផ្សា​ការងារ​ទូលំទូលាយ​នៅឡើយ​ទេ តែ​បច្ចុប្បន្ន​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) និង​គម្រោង​របស់​ទី​ភ្នា​ក់ SIDA ស៊ុយអែត បានផ្តល់​ឱ្យ​កម្ពុ​ជាមាន​ព័​​ត៌មាន​ទីផ្សា​ការងារ​យ៉ាង​ទូលំទូលាយ​ដល់​ពលរដ្ឋ​កម្ពុជា ហើយ​រដ្ឋាភិបាល​ស៊ុយអែត​សូម​កោតសរសើរ និង​អបអរសាទរ​ដល់ NEA ដែល​បាន​សម្រេចបាន​យ៉ាង​ជោគជ័យ​នូវ​គម្រោង​ជាច្រើន ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) និង​ទីភ្នាក់ងារ​ផ្តល់​សេវាសាធារណៈ​ស៊ុយអែត (SPES) នាពេល​កន្លងមក​៕ ​ដោយ ​៖​ កូ​ឡាប​

×