Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន សហប្រតិបត្តិការ​សម្រាប់ គម្រោង​ចំនួន​២ ក្នុង​ទឹកប្រាក់​ប្រមាណ ៤៥,៣០​លាន​ដុល្លារ​

​ភ្នំពេញ ​៖ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​លោក Yuichi SUGANO ប្រធាន JICA ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់ គម្រោង​ចំនួន ២ ក្នុង​ទឹកប្រាក់​ហិរញ្ញប្បទាន​សរុប​ចំនួន ៤ ៩៣៩ លាន​យ៉េន ត្រូវជា​ប្រមាណ ៤៥,៣០ លាន​ដុល្លារ​អាមេរិក​, នា​រសៀល​ថ្ងៃ​អង្គារ ទី ២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។​

​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហប្រតិបត្តិការ​សម្រាប់ គម្រោង​ចំនួន​២ ក្នុង​ទឹកប្រាក់​ហិរញ្ញប្បទាន​សរុប​ចំនួន ៤,៩៣៩​លាន​យ៉េន ត្រូវជា​ប្រមាណ ៤៥,៣០​លាន​ដុល្លារ​អាមេរិក រួមមាន​ដូចខាងក្រោម​៖

១៖ ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១៣៤០​លាន​យ៉េន​ជប៉ុន (​ប្រមាណ ១១,៨​លាន​ដុល្លារ អាមេរិក​) សម្រាប់​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អគ្គិសនី នៅ​កំពង់ផែ ដើម្បី​ការធ្វើ​ទំនើបកម្ម​កំពង់ផែ​៖ គម្រោង​នេះ​មាន​ទិសដៅ​ធ្វើ​ប​ច្ចុ​ប្ប​ភាព និង​ទំនើបកម្ម​លើ​ប្រព័ន្ធ​ចាំបាច់​នានា សម្រាប់​ការផ្លាស់ប្តូរ​ទិន្នន័យ​ឌីជីថល Digital ទៅលើ​ការស្នើសុំ និង​ការ​ផ្តល់ព័ត៌មាន​ជាដើម ទៅកាន់​អ្នកគ្រប់គ្រង​កំពង់ផែ​ដែល គ្រោង​នឹង​រៀបចំ​សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។ តាមរយៈ វិសាលភាព​នេះ​នីតិវិធី​សម្រាប់​ការចេញ​-​ចូល​កំពង់ផែ​របស់​នា​វា នឹង​ប្តូរ​មកប្រើប្រាស់​តាម​ទិន្នន័យ ឌីជីថល (Digital) ហើយ​ការបង្កើន​ប្រសិទ្ធិភាព នៃ​ប្រព័ន្ធ Logistic និង​ទំនើបកម្ម​នៃ​រដ្ឋបាល កំពង់ផែ នឹង​ត្រូវបាន​អនុវត្ត​។​

២៖ ឥណទាន​សម្បទាន​ចំនួន ៣៥៩៩ លាន​យ៉េន​ជប៉ុន (​ប្រមាណ ៣៣,៥ លាន​ដុល្លារ អាមេរិក​) សម្រាប់​គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ខាងលិច​ទន្លេសាប (​ជំហាន​ទី​២)៖ គម្រោង​នេះ មាន​ទិសដៅ​សាងសង់ និង​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ ដែល​នឹង​អាច​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម​សរុប​ប្រមាណ ១២៧៦០​ហិកតា​។ តាមរយៈ​គម្រោង​នេះ កម្ពុជា​នឹង​រៀបចំ​បង្កើត​និង​ពង្រឹង​សហគមន៍ កសិករ​ប្រើប្រាស់​ទឹក និង​ផ្សព្វផ្សាយ​ស្តីពី​ការគ្រប់គ្រង​កសិកម្ម នៅតាម តំបន់​ជនបទ​ចំនួន​៦ អនុ​គម្រោង នៃ​ខេត្ត​ចំនួន​៣ នៅ​ភាគ​ខាងលិច​បឹង​ទន្លេសាប រួមមាន អនុ​គម្រោង​លំហាច (​ខេត្ត​កំពង់​ឆ្នាំ​), អនុ​គម្រោង​ដំណាក់​អំពិល​, អនុ​គម្រោង​វត្ត​ល្លូ​ង និង​អនុ​គម្រោង​វត្ត​ជ្រៃ (​ខេត្តពោធិ៍សាត់​), អនុ​គម្រោង​រៀម​គុន និង​អនុ​គម្រោង​ប្រឡាយ​ពោធិ៍ (​ខេត្តបាត់ដំបង​) ជាដើម​។ គម្រោង​នេះ​នឹង​រួមចំណែក​ផងដែរ ក្នុងការ​បង្កើន​ផលិតកម្ម​កសិកម្ម​យ៉ាង​ខ្លាំង ក្នុង​តំបន់​គោលដៅ និង បង្កើត​វិស័យ​ស​ទេសចរណ៍ធម្មជាតិ ដែលជា​កត្តា​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​រស់នៅ​តាម​ជនបទ កាន់តែខ្លាំង​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ដ្រី បាន​ថ្លែងថា ការផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង ទាំងពីរ​ខាងលើនេះ​គឺ​បាន​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់​ទៅនឹង​សេចក្តីត្រូវការ​ជា​អាទិភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន ដែល​ស្របទៅនឹង​មុំ​ទី​១ នៃ​ចតុកោណ​ទី​២ និង វិស័យ​ធារាសាស្ត្រ​/​កសិកម្ម ដែល​ស្របទៅនឹង មុំ​ទី​១ នៃ​ចតុកោណ​ទី​៤ មានចែង​ក្នុង ឯកសារ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ដ្រី បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន ទាំងពីរ​ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅថ្ងៃនេះ​គឺជា​ឯកសារ​គតិយុត្ត​មួយទៀត បន្ទាប់ពី​លិខិត​ប្តូរ​សារ ដែល​ទើប​ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​អាច​នាំ​ឲ្យ​ឈានទៅដល់ ការអនុវត្ត​នីតិវិធី​បន្តបន្ទាប់​ទៀត​សម្រាប់​ការអនុវត្ត​គម្រោង​ជាក់ស្តែង​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី ក៏បាន​រំលឹក​ឡើងវិញ​ថា រាប់ទាំង​កិច្ចព្រមព្រៀង​ទាំងពីរ​នេះ ក្នុង​ឆ្នាំសារពើពន្ធ​ជប៉ុន​២០១៨ រដ្ឋាភិបាល​ជប៉ុន តាមរយៈ JICA បាន​ចុះហត្ថលេខា លើ​ឯកសារ​សី្ត​ពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​រុ​ប​ចំនួន ១៤ ៤៩៧ លាន​យ៉េន (​ប្រមាណ​ជា​១៣២,២៧ លាន​ដុល្លារ​អាមេរិក​) ក្នុងនោះ​ជំនួយឥតសំណង​ប្រមាណ ១៤,៩១​លាន​ដុល្លារ​អាមេរិក និង ឥណទាន​សម្បទាន​ប្រមាណ ១១៧,៣៦​លាន​ដុល្លារ​អាមេរិក​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាជន​កម្ពុជា អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ដ្រី បាន​សម្តែង​នូវ​មូលវិចារណ៍​ដ៏​ថ្លៃថ្លា និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​បន្ត​គាំទ្រ និង​បានផ្តល់​ហិរញ្ញប្បទាន​ដ៏​ថ្លៃថ្លា រួមចំណែក ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​៕ ​ដោយ ​៖ ​កូ​ឡាប​

×