(ភ្នំពេញ) ៖ បញ្ហាប្រឈមចំពោះប្រជាជនអាស៊ាន ដែលកើតចេញពីបទល្មើសជួញដួរមនុស្សនៅតែជាក្ដីព្រួយបារម្ភសម្រាប់អាស៊ានទាំងមូល ទោះបីកិច្ចខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនោះ ត្រូវបានធ្វើឡើងយ៉ាងសកម្មក៏ដោយ។
ដើម្បីចូលរួមចំណែកបញ្ជ្រាបបញ្ហាខាងលើ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានរៀបចំកិច្ចប្រជុំគំរូបែបអាស៊ានដ៏ធំមួយនៅAUPP នៅថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានការចូលរួមពីសំណាក់សិស្ស-និស្សិតជាង ១០០នាក់ មកពីសាកលវិទ្យាល័យ និងវិទ្យាល័យនានាចំនួន ១៦ ក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំអាស៊ាននេះបានធ្វើឱ្យសិស្ស-និស្សិតទទួលបាននូវចំណេះដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាជួញដូរមនុស្ស។ កិច្ចប្រជុំនេះក៏ដើរតួនាទីលើកទឹកចិត្តឱ្យអ្នកចូលរួមបើកចិត្តទូលាយ ចែករំលែកគោលគំនិត ទស្សនៈ និងបទពិសោធន៍របស់ពួកគេ។
លោក យៀប សំណាង ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអាស៊ាន បានថ្លែងថា «ប្រជាជនវ័យ ក្មេង អាស៊ានមិនត្រឹមតែរួមចំណែកដល់គ្រប់ដំណាក់កាល នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ថែមទាំងជម្រុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ និងផ្នែកផ្សេងទៀតនៃពិភពលោក»។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បានបង្ហាញថាប្រជាពលរដ្ឋខ្មែរបានចេញទៅធ្វើការនៅប្រទេសថៃមានចំនួនជាង១លាននាក់ក្នុងនោះ មានពលករជាង៣០ម៉ឺននាក់នៅមិនទាន់មានឯកសារស្របច្បាប់នៅឡើយ ដែលករណីនេះ គឺជាហានិភ័យខ្ពស់នៃកំណើនជួញមនុស្ស និងធ្វើឱ្យស្ត្រីក្លាយជាគោលដៅនៃការបំពានផ្លូវភេទ។
AUPP គឺជាសាកលវិទ្យាល័យតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលបានផ្តល់សញ្ញាប័ត្រ និង បរិញ្ញាប័ត្រជាន់ខ្ពស់(អនុបណ្ឌិត) ពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។ សិស្សដែលបញ្ចប់ការសិក្សាពី AUPP នឹងទទួលបានសញ្ញាប័ត្រទ្វេមានន័យថាសញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល៕ ដោយ ៖ កូឡាប