ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច រសៀលថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះបានមានប្រសាសន៍ដោយថ្លែងនូវការកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យរួមចំណែកក្នុងការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
លោកស្រីបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀងដែលបានរៀបចំឡើងនៅសាលប្រជុំ អគារ ឃ សាលាខេត្ត និងមានការអញ្ជើញចូលរួមកពីសំណាក់ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីជា ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តស្វាយរៀង លោក លោកស្រីជារដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ លោក លោកស្រីជា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពនានា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធ សរុប ៤៨៦នាក់។
ជាមួយនេះលោកស្រី ម៉ែន សំអន បានមានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ច ក្នុងខេត្តស្វាយរៀងទាំងមូលត្រូវខិតខំរួមគ្នា សម្រេចឲ្យបាននូវកិច្ចការសំខាន់ៗដូចជា៖
១.ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ ។
២.ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការប្រយុទ្ធប្រឆាំងគឿងញៀន ។
៣.ការគ្រប់គ្រងរក្សាការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន ។
៤.ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
៥.ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
៦.ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន។
៧.ការត្រៀមសម្រាប់គ្រោះរាំងស្ងួត និងការពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងនោះដែរ លោកស្រីក៏បានគូសបញ្ជាក់ឡើងវិញអំពីតួនាទី និងការទទួលខុសត្រូវរបស់អភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ក៏ដូចមន្ត្រីសាធារណៈនានា ដែលមានតួនាទីផ្សេងៗក្នុងគណបក្សនយោបាយ ក៏ដូចជា ការចូលរួមក្នុងសកម្មភាពនយោបាយរបស់គណបក្សនយោបាយណាមួយ ត្រូវគោរពឲ្យបានត្រឹមត្រូវនូវច្បាប់ និងលិខិតបទដ្ឋាននានា ពិសេស ច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពីលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ លក្ខន្តិកៈ នគរបាលជាតិ ដែលតម្រូវឲ្យមន្ត្រីសាធារណៈមានអព្យាក្រឹត្យភាព ក្នុងការអនុវត្តមុខងាររបស់ខ្លួន និងមិនត្រូវប្រើប្រាស់ ពេលម៉ោងបំពេញ ការងាររដ្ឋ ទីតាំងស្ថាប័នរដ្ឋ មធ្យោបាយសម្ភាររបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយរបស់គណបក្សនយោបាយណាមួយនោះជាដាច់ខាត ៕ ដោយ ៖ វ៉ៃកូ