កំពង់ស្ពឺ ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានណែនាំទូន្មាននិស្សិតនាយទាហានទាំងអស់ ត្រូវស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រ គោរពឱ្យបានម៉ឺងម៉ាត់នូវបទវិន័យទូទៅ និងលក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានទ័ពជើងគោក លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ហ្វឹកហ្វឺន នាយទាហានទ័ពជើងគោក ជំនាន់ទី៧ ដែលត្រូវបានប្រសិទ្ធនាមថា ‘’នាយទាហានទ័ពជើងគោក ជំនាន់ ៧មករា” ដោយមាននិស្សិតនាយទាហានសរុបចំនួន ២០៧នាក់។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានទ័ពជើងគោកដែលបានសហការល្អជាមួយទីចាត់ការហ្វឹកហ្វឺន ក្រសួងអប់រំយុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំគ្រប់គ្រង ការរៀបចំកម្មវិធីសិក្សាស្របតាមខ្លឹមសារមេរៀន និងបានសហការល្អក្នុងការកែលម្អជាដំណាក់ៗ នូវកម្មវិធីសិក្សា រហូតធ្វើឱ្យវគ្គសិក្សានេះអាចដំណើរការបានដោយជោគជ័យតាមផែនការកំណត់។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការក៏បានថ្លែងអំណរគុណចំពោះកងទ័ព នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម ជាពិសេសការធ្វើវិនិយោគរបស់ចិន ជាប់លំដាប់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។ លើសពីនេះទៅទៀត ភាគីចិនបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន ដើម្បីឱ្យកងយោធពលខេមរភូមិន្ទមានលទ្ធភាពក្នុងការកសាង ពង្រឹងសមត្ថភាពរបស់ខ្លួន ជាពិសេសបានផ្តល់លទ្ធភាពដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានវ័យក្មេង ឱ្យក្លាយជាធនធានបន្តវេន ប្រកបដោយសក្តានុពល។
យ៉ាងណាមិញសកម្មភាពហ្វឹកហ្វឺនលំហាត់ និងសមយុទ្ធនាគមាសឆ្នាំ២០១៩ ជាលក្ខណៈទ្វេភាគី កម្ពុជា-ចិនគឺជាសក្ខីភាពដែលបញ្ជាក់ពីការចូលរួម ហ្វឹកហាត់ដកស្រង់បទពិសោសន៍ ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈមួយកម្រិតថែមទៀត។
ឆ្លៀតក្នុងឱកាសនៃកិច្ចពិធីនោះលោក អគ្គមេបញ្ជការ វង្ស ពិសេន បានពាំនាំនូវការសាកសួរសុខទុក្ខនឹករឭកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃវិទ្យាស្ថានទ័ពជើងគោក និងសិក្ខាកាមទាំងអស់។
មានមតិផ្ដាំផ្ញើក្នុងពិធីនោះលោក វង្ស ពិសេន អគ្គមេបញ្ជាការ បានណែនាំទូន្មាននិស្សិតនាយទាហានទាំងអស់ ត្រូវស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រ គោរពឱ្យបានម៉ឺងម៉ាត់នូវបទវិន័យទូទៅ និងលក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទនិងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដែលបានប្រគល់ជូនឱ្យសក្តិសមជានាយទាហានដែលទទួលការហ្វឹកហ្វឺនពីវិទ្យាស្ថានជាន់ខ្ពស់ ដែលជាកម្លាំងស្នូលនៃកិច្ចការពារខឿនឯករាជ្យជាតិ។ ម្យ៉ាងវិញទៀត ត្រូវបន្តការសិក្សា រៀនសូត្រតាមគ្រប់រូបភាពទាំងជំនាញ និងភាសាបរទេស និងក្តាប់ឱ្យបានសភាពការណ៍ថ្មីៗ ដើម្បីយល់ឱ្យច្បាស់នូវប្រភេទព័ត៌មាន។ លើសពីនេះទៀត ត្រូវពង្រឹងចំណងសាមគ្គីភាព និងការឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ថែមទាំងត្រូវចេះរៀបចំទុកដាក់ថែទាំជួសជុលគ្រឿងបំពាក់អាវុធយុទ្ធភ័ណ្ឌ រក្សាឱ្យបានគត់មត់ទៅតាមលក្ខណៈបច្ចេកទេស៕ ដោយ ៖ កូឡាប