Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈ​អភិបាលស្រុក ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ក្នុង​ជួរ​គណៈ​អភិបាលស្រុក​ឲ្យ​បានច្បាស់លាស់​

ខេត្តស្វាយរៀង​ ៖ ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ នេះ​បាន​មានប្រសាសន៍ថាៈ​គណៈ​អភិបាលស្រុក ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ក្នុង​ជួរ គណៈ​អភិបាលស្រុក​ឲ្យ​បានច្បាស់លាស់​។​

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក និង​នាយក​រដ្ឋបាល​សាលាស្រុក ចន្ទ្រា ខេត្តស្វាយរៀង ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នា​សាលប្រជុំ​របស់​សាលាស្រុក​ស្រុក​ចន្ទ្រា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក​តំណាង​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត លោក គង់​វស្សា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក ងួន រុាំ អភិបាលស្រុក កងកំលាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ រួម​និង​មន្ត្រី​នៅតាម​អង្គភាព​ដែលមាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ការ​សាមគ្គីភាព​ក្នុង​ជួរ​គណៈ​អភិបាលស្រុក និង​មន្ត្រីរាជការ​ទាំងអស់ ធ្វើ​ឲ្យ​ស្រុក​របស់ខ្លួន សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ​ទាំង​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដោយឡែក​ចំពោះ​ការតែងតាំង​មុខតំណែង​នៅថ្ងៃនេះ គឺជា​ដំណើរការ​រដ្ឋបាល​ធម្ម​តា ក្នុង​ការរៀបចំ​មុខតំណែង​មន្ត្រីរាជការ​ក្នុង​មុខងារសាធារណៈ ស្របទៅតាម​គោលការណ៍​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដោយ លោក ម៉ក់ សម្បត្តិ ត្រូវបានតែងតាំង​ជា​អភិបាលរង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង និង​លោក ប៊ឹ​ង លំអង ត្រូវបានតែងតាំង​ជា​នាយក​រដ្ឋា​បាល​សាលាស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ។​

​លោក​អភិបាលរង​ខេត្ត ក៏បាន​ផ្ដាំផ្ញើ​នូវ​កិច្ច​ការសំខាន់ៗ​ដូចជា ​៖

​ទី​១-​មន្ត្រី​គ្រប់រូប​ត្រូវ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ដោយ​ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើតចេញពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ​។​

​ទី​២-​បង្កើន​ការសហការ​ក្នុងការ​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង​។​

ទី​៣-​បន្ត​ពង្រឹង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។​

​ទី​៤-​យកចិត្តទុកដាក់​គ្រប់គ្រង និង​ណែនាំ​ស្មៀនឃុំ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក ឲ្យ​អនុវត្តបាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់ខ្លួន​។

​ទី​៥-​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សមត្ថភាព​ម​ន្ត្រី​រាជការ ។

​ទី​៦-​បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ​នៅក្នុង​ស្រុក ជាពិសេស​នៅតាម​ទីប្រជុំជន និង​នៅតាម​ដងផ្លូវ​សាធារណៈ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ស្រុក​។

​ទី​៧-​បន្ត​ជំរុញ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។​

​និង​ទី​៨-​ខិតខំ​រួមសហការ​គ្នា​អភិវឌ្ឍន៍​ស្រុក​ឲ្យ​កាន់តែ​មានការ​រី​កច​ម្រ​រើ​ន​ថែមទៀត ព្រមទាំង​ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​ពិតប្រាកដ និង​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ជាង​មុន ទូលាយ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​ទទួលបាន​ផល​ច្រើនជាង​មុន ។​

​សូមបញ្ជាក់ថា ​៖ យោងតាម​ប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រីរាជការ របស់​ក្រសួងមហាផ្ទៃ​ ៖

– លេខ​៥៧៤​ប្រ​.​ក ចុះ​ថ្ងៃ​ច័ន្ទ​៦​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រូវបានតែងតាំង លោក ម៉ក់ សម្បត្តិ ឋានន្តរស័ក្ដិ​នាយក្រមការ ថ្នាក់​លេខ​៦ អោយទៅជា​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ។​

– លេខ​៥៧៥​ប្រ​.​ក ចុះ​ថ្ងៃ​ច័ន្ទ​៦​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រូវបានតែងតាំង លោក ប៊ឹ​ង លំអង ឋានន្តរស័ក្ដិ​លេខាធិការ​រដ្ឋបាល ថ្នាក់​លេខ​៦ អោយទៅជា​នាយក​រដ្ឋា​បាល​សាលាស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ៕ ដោយ ៖ ​វ៉ៃ​កូ​

×