Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចុះបញ្ជីតំបន់បឹងទន្លេសាបនឹងត្រូវបញ្ចប់នាពេលខាងមុខ ក្រសួងទាំងពីរ បានពិភាក្សាអំពីការធ្វើផែនទីបង្ហាញផ្លូវ ដើម្បីគ្រប់គ្រងការប្រើប្រាស់ដី​ក្នុងតំបន់បឹងទន្លេសាប

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំជីវភាពដើម្បីពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣ នៃតំបន់បឹងទន្លេសាប រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ដោយសារការចុះបញ្ជីតំបន់បឹងទន្លេសាបនឹងត្រូវបញ្ចប់នាពេលខាងមុខ ក្រសួងទាំងពីរ បានពិភាក្សាអំពីការធ្វើផែនទីបង្ហាញផ្លូវ ដើម្បីគ្រប់គ្រងការប្រើប្រាស់ដី​ក្នុងតំបន់បឹងទន្លេសាបប្រកបដោយសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយឈានទៅ​អភិរក្សផ្ទៃបឹងសម្រាប់កូនចៅជំនាន់ក្រោយ។

ក្រសួងទាំងពីរ បានឯកភាពលើការពិនិត្យ ផែនទីបង្ហាញផ្លូវនេះរួមគ្នា ហើយនឹងបន្ត​រៀបចំផែនការប្រើប្រាស់ដីតំបន់បឹងទន្លេសាបឱ្យបានសមស្របប្រកបដោយ ប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបង្កើតឱកាសការងារ សំដៅលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ និងលុបបំបាត់អាណាធិបតេយ្យភាពនៅក្នុងតំបន់។

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទស និងការសាងសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា នៅទូទាំងប្រទេសមានរាជធានី-ខេត្តចំនួនពីរមិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺរាជធានីភ្នំពេញ និងខេត្តប៉ៃលិន។ ចំណែកខេត្តចំនួន២៣ ទៀតគិតមកដល់ពេលនេះមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួចមានចំនួន១៩៧ ស្មើនឹង ១៣% អាងស្តុកទឹក និងអាងទឹកកំពុងដំណើរការចុះបញ្ជីមានចំនួន ២៧៣ ស្មើនឹង ១៧% និងអាងស្តុកទឹក និងអាងទឹកមិនទាន់បានចុះបញ្ជីមានចំនួន ១០៩២ ស្មើនឹង ៧០%។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពក្នុងការបន្តជំរុញការងារចុះបញ្ជីអាងស្ដុកទឹក និងអាងទឹកដែលមិនទាន់បានចុះបញ្ជីឱ្យបានឆាប់រហ័ស។

ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងការងារធ្វើបច្ចុប្បន្នភាពផែនទី និងបោះបង្គោលនៅតំបន់បឹងទន្លេសាប ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ទំហំផ្ទៃដីតំបន់ទាំងបី ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ខេត្តទាំង៦ រួមមាន៖ តំបន់១មានទំហំ ៤៣៦ ៨៧៩,១១ហិកតា តំបន់២មានទំហំ ៤១៣ ៤៨៨,០៨ហិកតា និងតំបន់៣មានទំហំ ៥៦១ ៦៣៤,៦០ហិកតា។ ក្នុងនោះការងារសង់បង្គោលព្រំតំបន់៣ គិតមកត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្រេចបាន ១០០% នៃបង្គោលសរុបចំនួន ១២២៤បង្គោល និងជំហ៊ានបន្ទាប់គឺឈានទៅបោះបង្គោលតំបន់២៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×