ខ្មាន់កាំភ្លើងម្នាក់ដែលរងការចោទប្រកាន់ពីបទឃាតកម្មទាក់ទងទៅនឹងការបាញ់រះដ៏សាហាវឃោរឃៅ ទៅលើវិហារសាសនាក្នុងប្រទេសញូស៊ឺឡែន បានលេចមុខនៅតុលាការនៅថ្ងៃសៅរ៍នេះ។
ខ្មាន់កាំភ្លើង Brenton Harrison Tarrant អាយុ ២៨ឆ្នាំ បានធ្វើការបាញ់រៈទៅលើវិហារ Christchurch យ៉ាងសាហាវ បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៩នាក់បានស្លាប់បាត់បង់ជីវិត។ ការបាញ់ប្រហារនោះក៏មានការធ្វើការឡាយតាមបណ្តាញសង្គមផងដែរ។
បុរសរូបនោះរងការចោទប្រកាន់ពីបទមនុស្សឃាត និងអាចរងការចោទប្រកាន់ផ្សេងៗទៀត។
ជនសង្ស័យគឺជាប្រជាជនអូស្ត្រាលី ដែលបានរស់នៅក្នុងទីក្រុង Dunedin នៅពេលមានការវាយប្រហារ។ ទីក្រុងនោះមានចំងាយប្រហែល ២២៥ម៉ាយ ពីវិហារ Christchurch ដែលរងការបាញ់ប្រហារ។
Brenton Harrison Tarrant គឺជាមនុស្សម្នាក់ក្នុងចំណោម ៣នាក់ដែលត្រូវបានចាប់ខ្លួនទាក់ទងទៅនឹងការបាញ់ប្រហារ។ ជនសង្ស័យ ២នាក់ទៀតកំពុងត្រូវឃុំខ្លួន ប៉ុន្តែតួនាទីរបស់ពួកគេក្នុងការបាញ់ប្រហារមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC