ប៉ូលិសរដ្ឋ Telangana ឥណ្ឌាឲ្យដឹងថា គេកំពុងស៊ើបអង្កេតករណីឃាតកម្មដ៏ចម្លែក ក្នុងនោះស្ត្រីម្នាក់បានសម្លាប់ប្តី រួចស្វែងរកវិធីប្រែសហាយឲ្យក្លាយជាជនជំនួសប្តីរបស់ខ្លួន។
Swati Reddy អាយុ២៧ឆ្នាំ ជាគិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យឯកជននាប្រជុំជន Nagarkurnool បានរៀបការជាមួយលោក Sudhakar Reddy អាយុ ៣២ឆ្នាំ ៣ឆ្នាំមកហើយ ហើយអ្នកទាំងពីរ មានកូន២នាក់។
ប៉ូលិសឲ្យដឹងថា Swati មានទំនាក់ទំនងជាមួយ Rajesh Ajjakolu ដែលជាអ្នកឯកទេសខាងព្យាបាលដោយចលនា រួចក៏រៀបផែនការសម្លាប់ប្តីប្លន់យកទ្រព្យសម្បត្តិថែមទៀត។
នៅថ្ងៃទី ២៧/១២ ជនជាប់ចោទទាំងពីរ ត្រូវបានចោទប្រកាន់ថា បានចាក់ថ្នាំសណ្តំឲ្យលោក Sudhakar រួចសម្លាប់ជនរងគ្រោះតែម្តង។ សហាយស្មន់មួយគូនេះក្រោយមកបានសារភាពថា ពួកគេបានដុត រួចកប់សាកសពលោក Sudhakar នៅក្នុងព្រៃ។ ស្ត្រីចិត្តតិរច្ឆានរូបនេះ ក៏បានយកអាស៊ីតមកចាក់លើមុខបុរសជាសហាយ ហើយប្រាប់ក្រុមគ្រួសារប្តីរបស់ខ្លួនថា ប្តីរបស់ខ្លួនត្រូវជនចម្លែកវាយប្រហារដោយទឹកអាស៊ីត។
បំណងរបស់ស្រីរូបនេះ គឺឲ្យបុរសជាសហាយ ឈ្មោះ Rajesh ទទួលបានការវះកាត់កែសម្ផស្ស រួចបន្តដើរតួនាទីជាប្តីរបស់ Swati។ Rajesh ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ ហើយឧក្រិដ្ឋជនទាំងពីរជឿថាពួកគេអនុវត្តបានសម្រេចឧបាយកលនេះហើយ។
ប៉ុន្តែប៉ូលិសឲ្យដឹងថា សាច់ញាតិរបស់ជនរងគ្រោះ Reddy ចាប់ផ្តើមសង្ស័យគ្រាដែល Rajesh បានបដិសេធពុំបរិភោគស៊ុបសាច់ចៀម ដែលពួកគេយកមកឲ្យ។
គ្រួសាររបស់លោក Reddy តក់ស្លុតគ្រាដឹងថា Rajesh បានប្រាប់បុគ្គលិកមន្ទីរពេទ្យថា ខ្លួនជាអ្នកបរិភោគអាហារបួស ខណៈពេលដែលប្តីរបស់ Swati ពុំមែនជាអ្នកស៊ីបួសទេ។
ក្រោយមកទៀត គ្រួសាររបស់ជនរងគ្រោះ Reddy ចេះតែកើតការសង្ស័យ ព្រោះឃើញទង្វើចម្លែកៗរបស់ Rajesh ក៏សំណូមពរឲ្យ Rajesh និយាយពីបុគ្គលម្នាក់ៗជាសាច់ញាតិរបស់ខ្លួន។ ពុំអាចឆ្លើយតបនឹងសំណួរដែលគេសាកសួរនោះ Rajesh ឈប់និយាយ ហើយបញ្ចេញកាយវិការជំនួសវិញ។
គ្រួសារលោក Reddy ក៏បានរាយការណ៍ទៅប៉ូលិស។ តាមរយៈការត្រួតពិនិត្យក្រយ៉ៅដៃ Rajesh ក៏បានសារភាព។
នាង Swati ត្រូវបាននាំមកសួរចម្លើយ ហើយក៏ស្វារភាពថា ខ្លួនពិតជាបានសម្លាប់ប្តីដោយមានជំនួយពី Rajesh។
តាមស្ថានីយ៍ BBC មកទល់ពេលនេះ គេពុំទាន់រកឃើញសាកសពរបស់ជនរងគ្រោះ ប៉ូលិសបាននិយាយថា គ្រួសាររបស់ Raddy ព្រោះតែជឿថា បុរសនោះជាកូនរបស់ខ្លួនបានចំណាយអស់ ៧៧៥៨ដុល្លារ រួចទៅហើយ៕ អាទិត្យ