ខេត្តកំពង់ស្ពឺ ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា អំពេីហឹង្សាក្នុងគ្រួសារជារឿងសង្គមនៅតែបន្ដកេីតមាន នៅក្នុងរង្វង់គ្រួសារខ្មែរដោយសារតែខ្វះការពិចារណាអត់ធ្មត់ ជាក់ស្តែងបុរសម្នាក់ឈ្មោះមឿន នី នៅក្នុងភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុក ឧដុង្គ ទាញកាំបិតផ្គាក់ដេញកាប់ឪក្មេក និងប្រពន្ធព្រោះតែរឿងមិនព្រមលោះចិញ្ជៀនយកមកវិញ ។
បុរសម្នាក់បានទាញកាំបិតផ្គាក់ដេញកាប់ ប្រពន្ធនិងឪក្មេករត់ពេញភូមិ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៩និង២០នាទី ព្រឹក ករណីហឹង្សាក្នុងគ្រួសារកើតឡើងនៅក្នុងភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ជនបង្កឈ្មោះ មឿន នី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់ភូមិ-ឃុំកើតហេតុខាងលើ បានទាញកាំបិតផ្គាក់ ដងដែក ប្រវែង ៥៧ សង់ទីម៉ែត្រ ដេញកាប់ទៅលើឪពុកក្មេកឈ្មោះ មិន មួន ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ និងប្រពន្ធខ្លួនឯងឈ្មោះ មួន ភឿក អាយុ ៤២ឆ្នាំ មូលហេតុដោយសារតែជនសង្ស័យបានយកចិញ្ជៀនមាសទៅបញ្ចាំគេយកលុយចាយ មកដល់ផ្ទះប្រាប់ប្រពន្ធអោយយកលុយទៅលោះមកវិញ តែមានការសួរដេញដោលលោកប្ដីខឹងក៏កើតជារឿងឈ្លោះប្រកែកខ្លាំងតែម្ដង ឪពុកក្មេកចូលជួយអន្ដរាគមន៍កុំអោយឈ្លោះគ្នាក៏កើតជាកំហឹងស្ទុះទាញកាំបិតផ្គាក់ដេញរត់ស្ទើសឹងមិនទាន់ជាន់ចាន ជាន់ឆ្នាំងផ្អើលអ្នកភូមិមកជួយឃាត់ប្រគល់ជូនសមត្ថកិច្ចនគរបាលតែម្ដង និងដកហូតបានកាំបិតផ្គាក់មួយ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធី៕ ដោយ:កូឡាប