Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី បាញ់​ស្លាប់ បុរស​ម្នាក់​សង្ស័យ​ចោរលួច​រថយន្ត សម្តេច ស ខេង សន្យា​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព

​ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានធ្វើការ​សន្យាថា សម្តេច​នឹង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ដល់​គ្រួសារ​សព ដែល​ត្រូវបាន​សមត្ថកិច្ច​ស្រុក​បាភ្នំ​បាញ់​ស្លាប់ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំ​រក្សជ​៧​យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។​

​សម្តេច ស ខេង បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​កាល​ពី​រំលង​អធ្រា​ត្រឈា​ន​ចូល​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ ថា “​ខ្ញុំ​មាន​ការសោកស្តាយ​ប្រកប​ដោយ​សមាណ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ក្រោយ​ទទួលបាន​ព័ត៌មាន​មក​ថា លោក ម៉ន វុ​ធ បាន​ទទួល​មរណ​ភាព ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ កាលពី​ម៉ោង​២៣:០០​នាទី​យប់​ថ្ងៃទី​២៣​ខែ​មីនា​ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ។

​ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​គ្រួសារ​សព និង សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​លោក ម៉ន វុ​ធ បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

​ក្នុងនាម​ក្រសួង​មហាផ្ទៃ ខ្ញុំ​សន្យាថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព ក៏ដូចជា​ក្រុមគ្រួសារ​ដែល​មាន​ការពាក់ព័ន្ធ និង ជូន​សង្គមជាតិ​យើង​ទាំងមូល “​។​

​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន បាន​ថ្លែងថា មន្ត្រី​នគរបាល​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ម្នាក់ ត្រូវបាន​ចាប់ខ្លួន និង​ម្នាក់​ទៀត​កំពុង​រត់​គេច ដោយ​ជាប់​ពាក់ព័ន្ធ​ការបាញ់សម្លាប់​បុរស​ម្នាក់ ជា​អ្នកបើករថយន្ត ដោយ​កម្លាំង​នគរបាល​ពី​ដំបូង​ឡើយ​ដាក់​ការសង្ស័យថា ពួកគេ​ជា​ចោរលួច​រថយន្ត​ពី​ភ្នំពេញ​។​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បានបញ្ជាក់​ថា យើង​បាន​ឃាត់​ម្នាក់​ហើយ និង​ម្នាក់​ទៀត​កំពុង​រត់គេចខ្លួន ដែល​កំពុង​តាម​ចាប់ ករណី​បាញ់សម្លាប់​អ្នកបើករថយន្ត​នោះ​។ អ្នកពាក់ព័ន្ធ​ការបាញ់សម្លាប់​អ្នកបើករថយន្ត គឺ​មាន​នគរបាល​២​នាក់ នៅ​ស្រុក​ព្រះស្តេច​។​

មន្ត្រីជាន់ខ្ពស់​សាលាដំបូង​ខេត្ត​ព្រៃវែង បានឲ្យ​ដឹង​ផងដែរ ជនរងគ្រោះ​បាន​រង​ការបាញ់​ចំ​ក្បាល​ចំនួន​៥​គ្រាប់ ពី​សំណាក់​ក្រុម​មន្ត្រី​នគរបាល​ទាំងនោះ ខណៈ​កំពុង​តាម​បង្ក្រាប​ដោយ​ចោទ​ថា ជា​ចោរ​លួច​រថយន្ត​ចេញ​ពី​ទឹកដី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រៃវែង​។​

​សូមបញ្ជាក់​ថា នៅ​យប់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​គេ​បាន​ឃើញ​កម្លាំង​នគរបាល និង​អាវុធហត្ថ​ជាច្រើន​នាក់ បាន​ដេញ​តាម​រថយន្ត​មួយ គ្រឿង​ម៉ាក​ព្រូស​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-2679​។ ការដេញ​តាម​រថយន្ត​មួយ​គ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា ជា​ជនសង្ស័យ​ក្នុង​អំពើ​លួច​រថយន្ត​ចេញពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រៃវែង ហើយ​ត្រូវបាន​ម្ចាស់​រថយន្ត​ប្តឹង​មក​សមត្ថកិច្ច ស្រុក​ព្រះស្តេច ក្រោយ​ពិនិត្យ​ឃើញ​តាម​ប្រព័ន្ធ GPS​។​

​ផ្តើមចេញ​ពី​ករណី​នេះ ទើប​កម្លាំង​នគរបាល​ស្រុក​ព្រះស្តេច រួម​ជាមួយ​កម្លាំង​អាវុធហត្ថ​ផង​ដែរ​នោះ បាន​ដេញ​រហូត​យក​រថយន្ត​មួយ​គ្រឿង​ទៅ​ពាំ​ង ហើយ​ក៏​ផ្ទុះ​អាវុធ​ទៅលើ​ជនសង្ស័យ​ទាំង​២​នាក់ ដែល​កំពុង​នៅ​ខាងក្នុង​រហូតដល់​ស្លាប់​ម្នាក់ និង​របួស​ម្នាក់​។

មន្ត្រីនគរបាល​ដែល​រង​ការ​ចោទថា បាន​បាញ់​ទៅលើ​អ្នកបើករថយន្ត​ទាំង​២​នាក់​នោះ មានឈ្មោះ ជឹម រតនៈ ត្រូវបាន​គេ​ដឹងថា ជា​កូនប្រុស​លោក​ឧកញ៉ា ជឹម សុខ ល្បី​ខាង​រកស៊ី​ទិញ និង​លក់​គោ ក្របី​មួយរូប​នៅ​ខេត្ត​ព្រៃវែង​។​

​តាម​សេចក្តីរាយការណ៍ បានបង្ហាញ​ថា ​មូលហេតុ​មកពី​ជនរងគ្រោះ ទិញ​រថយន្ត​បង់លុយ​មិន​ទាន់​គ្រប់ ហើយ​ម្ចាស់​ដើម​បាន​យក​រថយន្ត​នោះ ទៅ​ជួល​ឲ្យ​ជនជាតិ​ចិន ធ្វើឲ្យ​អ្នក​ទិ​ញខឹង រហូត​បាន​ស្កាត់​ទៅ​យក​រថយន្ត​ពី​ជនជាតិ​ចិន​ទាំង​ទទឹង​ទិស រួច​បើក​គេច​មក​ស្រុក​កំណើត​។​

​ស្រាប់តែ​ម្ចាស់​ដើម​ស្រាវជ្រាវ​តាម GPS ដេញ​ពីក្រោយ ប្ដឹង​សមត្ថកិច្ច ថា​ចោរៗ ទើប​សមត្ថកិច្ច​ស្ទាក់​បាញ់សម្លាប់​អ្នក​ទិញ​រថយន្ត​តែ​ម្ដង ព្រោះ​ស្មានថា​ចោរលួច​រថយន្ត​ដូច​ពាក្យបណ្ដឹង​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ន រ៉ាវុធ អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ អ្នករួមដំណើរ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង រង​របួស​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ មន្ត្រីនគរបាល​ដែល​បាញ់​ជនរងគ្រោះ​នោះ​មានឈ្មោះ ជឹម រតនៈ មាន​តួនាទី​គ្រាន់បើ​នៅ​អធិការដ្ឋាន​ស្រុក​ព្រះស្ដេច​។​

​តាម​ដំណើររឿង ឈ្មោះ ម៉ន រ៉ាវុធ និង​ឈ្មោះ វ៉ាន ខេមរិន មិនមែនជា​ចោរលួច​រថយន្ត​ទេ គឺ​រថយន្ត​នោះ​ទិញ​បង់លុយ​មិន​ទាន់​គ្រប់​នៅ​ខ្វះ ៣០០០​ដុល្លារ​ទៀត​។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ដែល​ត្រូវ​គេ​បាញ់​ស្លាប់ បាន​ទិញ​រថយន្ត​នេះ​​ដោយ​បង់​រំ​លោះ​នៅ​ខ្វះ​លុយ ៣០០០​ដុល្លារ​ទៀត​។ ហើយ​ម្ចាស់​ដើម​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ត​ជា​ជាង​ជួសជុ​លឡាន​នៅ​ភ្នំពេញ បាន​ជួល​រថយន្ត​នោះ​ឲ្យទៅ​ជនជាតិ​ចិន​សម្រាប់​ជិះ​។​

​ក្រោយមក​ជនរងគ្រោះ​ឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្ត​ខ្លួន​ត្រូវ​ម្ចាស់​ដើម​យកទៅ​ជួល​ឲ្យ​ចិន ទើប​ខ្លួន​ស្កាត់​ទៅ​យក​រថយន្ត​នោះ​ពី​ជនជាតិ​ចិន​ទាំង​ទទឹងទិស រួច​បើក​ពី​ភ្នំពេញ​រត់គេច​មក​ផ្ទះ​ជាមួយ​ឈ្មោះ វ៉ាន ខេមរិន​។​

​ទន្ទឹម​និង​នោះ​ឈ្មោះ ផាន់ សុ​ឌី គិតថា ទិញ​រថយន្ត​ឲ្យ​លុយ​មិន​ទាន់​គ្រប់​ផង ហើយ​ទៅ​យក​រថយន្ត​ពី​អតិថិជន​អ្នក​ជួល​បែប​នោះ​ទៀត និង​មានបំណង​គេច ទើប​ខ្លួន​ស្រាវជ្រាវ​តាម GPS បើកឡាន​តាម​ពីក្រោយ និង​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច ថា​ចោរ​លួច​រថយន្ត​តែម្តង រហូត​កម្លាំង​សមត្ថកិច្ច​ព្រោងព្រាត​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បែបនេះ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក​ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​មែន ដោយ​កម្លាំង​នគរបាល​របស់​លោក បាន​ចេញ​បង្ក្រាប​ក្រុមចោរ រហូត​មាន​ការផ្ទុះអាវុធ ខណៈ​ដែល​ក្រុមចោរ​មិន​ព្រម​ឲ្យ​ចាប់ខ្លួន និង​បន្ត​បើកឡាន​រត់គេច​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា មុនពេល​កើតហេតុ​មាន​ករណី​លួច​រថយន្ត​ពី​រាជធានី​ភ្នំពេញ ស្រាប់តែ​ពេលនោះ​ម្ចាស់​រថយន្ត ដែល​ស្គាល់​នាយ​នគរបាល​ប៉ុស្តិ៍​ឈើកាច់ ក៏​បាន​ទូរស័ព្ទ​ប្រាប់​។ លោក​ថា ខណៈ​កម្លាំង​របស់លោក រួម​ជាមួយ​កម្លាំង​អាវុធហត្ថ​ផង​ដែរ​នោះ បាន​ដេញ​ពីក្រោយ រហូត​រថយន្ត​ដាក់​ពាំង ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ឈប់ ថែម​ចង់​បំបុកកម្លាំង​ទៀត ក៏​មាន​ការផ្ទុះអាវុធ​បណ្តាលឲ្យ​ត្រូវ​ជនសង្ស័យ​ម្នាក់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈ​ម្នាក់​រង​របួសស្រាល​។ ចំពោះ​ហេតុការណ៍​ផ្ទុះ​អាវុធ​នេះ លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ បានបញ្ជាក់​ថា លោក​បាន​និង​កំពុង​ធ្វើកា​រ​ស្រាវជ្រាវ​លើ​ករណី​នេះ​ផងដែរ​។​

យ៉ាងណាក៏ដោយ សម្រាប់​ករណី​មួយ​នេះ ក៏​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ផងដែរ ចំពោះ​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច ដោយ​មិន​ទាន់​បាន​ប្រាកដប្រជា​ផង និង​គ្រាន់តែ​មាន​ពាក្យបណ្តឹង ឬ​ការប្តឹង​ផ្ទាល់មាត់ ក៏​ចេញ​ប្រតិបត្តិការ​រហូត​បាញ់សម្លាប់​យ៉ាង​ដូច្នេះ​។ មន្ត្រីនគរបាល​ជាតិ​ជាន់ខ្ពស់​ម្នាក់ បាន​បញ្ចេញ​ជា​យោបល់​ថា បើសិន​បែបនេះ នៅពេល​មាន​បុគ្គល​ម្នាក់ ត្រូវ​គេ​ស្អប់ ហើយ​ចោទ​ថា ជា​ចោរ​លួច​រថយន្ត ចឹង​មិន​ច្បាស់ជារង​ការបាញ់ស​ម្លាប់​ជាក់​ជា​មិនខានឡើយ​៕ ដោយ​:​កូឡាប​

      

×