ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នគរបាលខណ្ឌដង្កោ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានមុខរបររត់ម៉ូតូកង់បីឥណ្ឌា នៅថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី ត្រង់ចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សងា្កត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កាន ម៉ារីន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងបុរីពិភពថ្មី ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សថ្លាចំនួន ១ កញ្ចប់ថង់ធំ ម៉ូតូកង់ ៣ ឥណ្ឌា ១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង វិទ្យុទាក់ទង ២គ្រឿង (ធំ១,តូច១) លោហៈធាតុពណ៌លឿងទុំចំនួន៤ (ខ្សែកចំនួន១ ខ្សែដៃចំនួន១ ជញ្ជៀនចំនួន២) និងកាបូបលុយ១។
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស បានល្បាតក្នុងមូលដ្ឋានមកដល់ត្រង់ចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សងា្កត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក៏បានជួបជនសង្ស័យ ឈ្មោះ កាន ម៉ារីន ភេទប្រុស អាយុ៣៦ឆ្នាំ បានម៉ូតូកង់៣ឥណ្ឌា ពណ៌លឿង មានស្លាកលេខកណ្តាល 1X-4540 មានលេខម៉ាស៊ីន 02248 ចំនួន១គ្រឿង នៅចំណុចក្នុងដីឡូតិ៍គ្មានលេខខាងលើ ដោយមានការសង្ស័យសមត្ថកិច្ចយើងក៏បាន ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ថង់ធំល្មម នៅក្នុងហោប៉ៅខោមុខខាងឆ្វេង របស់ឈ្មោះ កាន ម៉ារីន ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់៕ ដោយ ៖ កូឡាប