ខេត្តព្រះសីហនុ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោង ១រសៀល ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩នេះ មានអគ្គីភ័យឆេះហាងចិនចំនួន ២កន្លែង ស្ថិតនៅម្តុំមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ប៉ុន្តែអគ្គីភ័យនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសទេ។
សមត្ថកិច្ចបន្តថា អគ្គីភ័យខាងលើនេះ បានបណ្តាលឲ្យខូចខាតសម្ភារៈក្នុងហាង និងខូចខាតផ្នែកខ្លះ នៃហាង ឬផ្ទះទាំងពីរនោះ។
យ៉ាងនេះក្តី គ្រោះអគ្គីភ័យនេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ ឬរបួសទេ។
សមត្ថកិច្ចនគរបាល បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យភ្លាមៗ ទៅជួយអន្តរាគមន៍ ដើម្បីទប់ស្កាត់ មិនឲ្យភ្លើងឆេះរាលដាលដល់ផ្ទះ ឬហាង របស់ប្រជាពលរដ្ឋដទៃទៀតទេ។
តាមការឲ្យដឹងពីកម្លាំងនគរបាលពន្លត់អគ្គីភ័យ បញ្ជាក់ថា ភ្លើងឆេះហាងជនជាតិចិនទាំង ២កន្លែងខាងលើនេះ គឺកើតឡើងដោយសារឆ្លងចេញពីម៉ាសុីនភ្លើង ដែលម្ចាស់ហាងបញ្ឆេះ នៅអំឡុងពេលក្រុងព្រះសីហនុ កំពុងដាច់ភ្លើងរដ្ឋ។
ត្រង់ចំណុចនេះ មន្ត្រីពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងជនជាតិខ្មែរ ត្រូវប្រយ័ត្នអំពីអគ្គីភ័យ ឬភ្លើងឆាបឆេះ ដែលអាចកើតមានគ្រប់ពេលវេលា ព្រោះរដូវនេះជារដូវក្តៅ ហើយមានអាកាសធាតុក្តៅហែង និងដាច់ភ្លើងជាប្រចាំ។
ដោយឡែក ចំពោះប្រជាពលរដ្ឋ ដែលមានម៉ាស៊ីនភ្លើង ផ្ទាល់ខ្លួននៅតាមផ្ទះនីមួយៗ ក៏ត្រូវប្រុងប្រយ័ត្ន ការឆាបឆេះ និងត្រូវឃ្លាំមើលរាល់ការបញ្ឆេះម៉ាស៊ីនភ្លើង របស់ខ្លួន ឲ្យបានជាប្រចាំ ព្រោះបារម្ភខ្លាចបង្កឲ្យមានការឆាបឆេះណាមួយកើតឡើង៕ ដោយ ៖ ដែន សីមា