Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ចេញ​សេចក្ដីបំភ្លឺ គឺជា​ស្ថាប័ន​កំពូល​របស់​ជាតិ និង​ប្រជាជន​កម្ពុជា ហើយ​ការបោះឆ្នោត​នឹងធ្វើ​ឡើង​តាម​ការគ្រោងទុក​

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាសថា ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹងធ្វើ​ឡើង​តាម​ការគ្រោងទុក នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ត្រឹមត្រូវ​ទៅតាម​ច្បាប់​។​

​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧​នេះ គ​.​ជ​.​ប​បានចេញ​សេចក្តី​បំភ្លឺថា មាន​ទស្សន​មួយចំនួន​លើកឡើងថា​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​អតីត គណបក្សប្រឆាំង​នៅ​កម្ពុជា​ចូលរួម ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នឹង​មិនមាន​លក្ខណៈ​ស្របច្បាប់ ។​

​គ​.​ជ​.​ប សូម​បំភ្លឺថា នេះ​ជាការ​ធ្វើ​បុរេវិនិច្ឆ័យ​នៅពេលដែល​ការបោះឆ្នោត​នៅ​មិនទាន់បាន​ប្រព្រឹត្តទៅ​ផង និង​ដោយ​ខុស​នឹង​គន្លង​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ នៅក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គ្មាន​មាត្រា​ណាមួយ​ទាល់តែសោះ ដែល​ចែងថា ការបោះឆ្នោត​នេះ​ត្រូវតែមាន ការចូលរួម​ពី​គណបក្សប្រឆាំង ហើយ​បើ​គ្មាន​ការចូលរួម ការបោះឆ្នោត​នឹង​មិនមាន​លក្ខណៈ​ស្របច្បាប់ ។

​គ​.​ជ​.​ប គឺជា​ស្ថាប័ន​កំពូល​របស់​ជាតិ និង​ប្រជាជន​កម្ពុជា មិនមែនជា​របស់​គណ​បក្ស​ណា ឬ​នរណា​មួយ​ឡើយ ប៉ុន្តែ​ប្រកាន់ខ្ជាប់​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​

​លើសពីនេះ​ទៀត ក្នុង​ដំណើរការ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប មិនដែល​បានធ្វើ​ចំណាត់​ប្រភេទ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ទាល់តែសោះ ពោលគឺ ចុះបញ្ជី​គណបក្សនយោបាយ​ទាំងឡាយណា ដែល​បាន​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​ស្របតាម​ច្បាប់ ស្តីពី គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។​

​យោង​មាត្រា ១៥០​ថ្មី (​ពីរ​) ជំពូក ១៥​ថ្មី (​ពីរ​) នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ​.​ជ​.​ប គឺជា​ស្ថាប័ន តែមួយគត់ ដែលមាន​សមត្ថកិច្ច​រៀប​ចំ ចាត់ចែង និង​គ្រប់គ្រង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ព្រមទាំង​ការបោះឆ្នោត​ផ្សេងទៀត តាម​ការកំណត់​នៃ​ច្បាប់ ។​

​គ​.​ជ​.​ប គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ស្របទៅតាម​ច្បាប់​ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានាថា ការបោះឆ្នោត​មួយ​លើកៗ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ដូច្នេះ​គ្មាន​អ្វីដែល​ត្រូវ​រាំងស្ទះ​នោះទេ ហើយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​ទៅតាម​កាល​គ្រោងទុក គឺ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ៕ ដោយ​៖​កូ​ឡាប​

×