Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​បទ​សន្ទនា​រវាង “​ទេវតា​” និង “​គូ​សន្ទនា​” ៖ មហិច្ឆតា​លោភលន់​របស់​មនុស្ស​ពិត​ជា​គ្មាន​ព្រំដែន​

ដោយ​ឃើញ​មនុស្សម្នា​នាំគ្នា​ផ្អើល​រត់​ចេញពី​ស្រុក​ឈូ​រឆ បុរស​ចំណាស់​ម្នាក់​ក៏​ប្រមូល​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន គឺ​ដំឡូងជ្វា​១​បាវ រត់​នឹង​គេ​ដែរ​។​

​ពេល​ដល់​ពាក់កណ្តាល​ផ្លូវ បុរស​ចំណាស់​នេះ​បាន​ជួប​នឹង​បុរស និង​កូន​២​រូប កំពុង​ស្រេកឃ្លាន​យ៉ាងខ្លាំង ហើយ​ក្បែរ​នោះ គឺជា​បង្វិច​១​ដ៏​ធ្ងន់​។ បុរស​រូប​នេះ ឃើញ​បុរស​ចំណាស់​យើង​មាន​ដំឡូងជ្វា​១​បាវ ក៏​សុំ​១​មើ​ម តែ​គាត់​ពុំ​ឲ្យ​។ បុរស​នោះ​ពោលថា ៖ “​តើ​លោក​អាច​លក់​វាឲ្យ​ខ្ញុំ​បាន​ដែរ ឬទេ​?” និយាយ​បណ្តើរ ក៏​បើក​បង្វិច​ក្បែរ​ខ្លួន​មើល​។​

​បុរស​ចំណាស់​បើកភ្នែក​ធ្លោរ ព្រោះ​សូម្បី​ក្នុង​សុបិន្ត ក៏​ពុំ​ដែល​ឃើញ​ប្រាក់​អ្វី​ច្រើន​បែប​នេះ​ដែរ​។ គាត់​ទម្លាក់​បាវ​ដំឡូង​ចុះ​រួច​ប្រញាប់​ទាញ​យក​បង្វិច​ស្ពាយ​ដើរចេញ​យ៉ាង​លឿន ខ្លាច​គេ​តាម​ទាន់​ទារ​យកវិញ​។​

​ប៉ុន្មាន​ថ្ងៃ​ក្រោយ បុរស​ចំណាស់ ក៏​លែង​ដើរ​ទៅ​មុខ​ទៀត​បាន ព្រោះ​គ្មាន​អ្វី​បរិភោគ ទោះបីជា​មាន​ប្រាក់ តែ​ពុំ​មាន​អ្វី​សម្រាប់​ទិញ​។​

​ចំណែក​ឪពុក​កូន​២​នាក់ នោះ​បាន​ដើរ​យ៉ាង​លឿន​ទៅ​មុន​គាត់​បាត់ ។ គាត់​ខំ​ប្រមូល​កម្លាំង​សេសសល់ ដេញ​តាម​ទាន់ រួច​សុំ​ទិញ​ដំឡូង​វិញ ប៉ុន្តែ​គេ​ដាច់ខាត​ពុំ​ព្រម​លក់​។​

​បុរស​ចំណាស់ អស់សង្ឃឹម ដេក​ដួល​ឱប​បង្វិច​ប្រាក់ រួច​ដាច់ខ្យល់​ស្លាប់​ទៅ​។ ព្រលឹង​គាត់​ក៏​ទៅ​ជួប​នឹង​ទេវតា​។​

​ទេវតា​ប្រាប់ថា ៖ យើង​មាន​បំណង​ឲ្យ​ឯង​នូវ​ឱកាស​ធ្វើជា​អ្នក​មាន​ម្នាក់ និង​ពុំ​មាន​បំណង​យក​ជីវិត​ឯង​ទេ​។ ប៉ុន្តែ ដោយសារ​ការ​លោភលន់​លុយកាក់ ទើប​ស្លាប់​អីចឹង​!​។​

​បុរស​វ័យ​ចំណាស់​ក្រាប​សំពះអង្វ​ករ​ទេវតា ៖ ព្រះអង្គ​មេត្តា​ផង​! ជាតិ​មុន ខ្ញុំ​ក្រ​ពេក ទើប​លោភ​បែបនេះ ទោះយ៉ាងណា ជាតិ​នេះ ខ្ញុំ​ចង់​ធ្វើជា​អ្នកក្រ​ដដែល​។​

​ទេវតា ពោល​មួយៗ​ថា ៖ ពិតជា​ពិបាក​យល់​មែន​! ជាតិ​មុន ឯង​ពុំ​ត្រូវ​ក្រ​ដែរ ដោយ​គ្រាន់តែ​លក់​ឲ្យ​កន្លះ​បាវ​ដំឡូង នោះឯង​អាច​បាន​លុយ​កន្លះ​បង្វិច​ហើយ​។ គ្មាន​អ្នកណា​បង្ខំ​ឲ្យ​ឯ​ងលក់​ដំឡូង​ទាំងអស់​ឯ​ណា​?​។ ណ្ហើយ​ចុះ​! និយាយ​ពី​ជាតិ​នេះ​ម្តង យើង​ឲ្យ​ឯង​ជម្រើស​២ ទី​១​គឺ ៖ មនុស្ស​ម៉ឺន​នាក់ ចិញ្ចឹម​មនុស្ស​ម្នាក់ ហើយ​ទី​២ គឺ​ម្នាក់​ឯង​ចិញ្ចឹម​មនុស្ស​ម៉ឺន​នាក់​វិញ​។ សូម​ឯង​ជ្រើសរើស​ចុះ​។​

​បុរស​ចំណាស់​ឆ្លើយ​ដោយ​ពុំ​បង្អែរ​បង្អង់​ថា ៖ ពិត​ណាស់​ខ្ញុំ​ជ្រើសរើស​ជម្រើស​ទី​១ គឺ​មនុស្ស​ម៉ឺន​នាក់​ចិញ្ចឹម​មនុស្ស​ម្នាក់​!​។​

​ជាង​២០​ឆ្នាំ​ក្រោយមក បុរស​ចំណាស់​បានបង្ហាញ​វត្តមាន​នៅ​មុខ​ទេវតា ព្រមទាំង​រអ៊ូរទាំ​ថា ៖ ទេវតា​បាន​បញ្ឆោត​ខ្លួន​។ ទេវតា​សើច​ហើយ​ពោល​ថា ៖ ម្តេច​ក៏​ថា​យើង​បញ្ឆោត​ឯង​? បុរស​ចំណាស់​ឆ្លើយ​ទាំង​កំហឹង​ថា ៖ ព្រោះតែ​ស្តាប់​សម្តី​របស់​លោក ខ្ញុំ​ត្រូវ​ក្លាយជា​អ្នកសុំទាន ទើប​រស់​ពុំ​បាន​យូរ​បែបនេះ​!​។​

​ទេវតា​ពោល ៖ ដូច្នេះ តើ​វា​ត្រឹមត្រូវ​ហើយ​តើ ! មនុស្ស​ម៉ឺន​នាក់​ចិញ្ចឹម​មនុស្ស​ម្នាក់ បើ​ឯង​ពុំ​ធ្វើជា​ស្មូម សួរថា តើ​ត្រូវធ្វើ​ជា​អ្វី​?​។ ឯង​ពុំ​ត្រូវ​បន្ទោស​យើង​ទេ ត្រូវ​បន្ទោស​ចិត្ត​លោភលន់​របស់ខ្លួន​!​។​

​ស្តាប់​ចប់ បុរស​ចំណាស់​បន្ត​ក្រាប​អង្វ​ករ​ទេវតា​ទៀត ហើយ​សុំ​ព្រះអង្គ​ប្រធាន​ជីវិត​ក្នុង​ជាតិ​ថ្មី​ជា​លើក​ចុងក្រោយ​ថា ៖ សុំ​បាន​រស់​ក្នុង​ជីវភាព​សុខសាន្ត​ម្តង​ប៉ុណ្ណោះ​!​។​

​ទេវតា​ពោល ៖ អីចឹង​ក៏​បាន​ដែរ ! យើង​ឲ្យ​ឯង​ជ្រើសរើស​ផ្លូវ​២ ទី​១​គឺ ៖ គ្រប់គ្រង​មាស​១​ភ្នំ​! ហើយ​ទី​២​គឺ ៖ គ្រប់គ្រង​ដី​១​កន្លែង​។​

​ម្តងនេះ បុរស​ចំណាស់​ពុំ​សម្រេច​ចិត្ត​ភ្លាមៗ​ទេ​។ ទោះយ៉ាងណា គិត​ចុះ​គិត​ឡើង ក៏​ឃើញ​ថា គ្រប់គ្រង​មាស​១​ភ្នំ​ល្អ​ជាង​ដែរ​! រួច​ក៏​សម្រេចចិត្ត​។​

​ទេវតា​តាម​សម្លឹង​មើល​ស្រមោល​នៃ​ព្រលឹង​របស់​បុរស​ចំណាស់ ទាំង​ក្តី​អាណិតអាសូរ ហើយ​លាន់មាត់​ថា ៖ “​មនុស្ស​ម្នាក់​នេះ​ពិតជា​មាន​វាសនា​ជា​អ្នកក្រីក្រ​គ្រប់​ជាតិ​”​។​

​ចំណែក​ក្រុម​សេនា មន្ត្រី​នៅ​ក្បែរ​ទ្រាំ​ពុំ​បាន​ក៏​សួរ​។ ទេវតា​ឆ្លើយថា ៖ គ្រប់គ្រង​ដី​១​កន្លែង តាមពិតទៅ គឺជា​វាសនា នៃ​មន្ត្រី​ធំ​ម្នាក់ រី​ឯ​គ្រប់គ្រង​មាស​១​ភ្នំ ពុំ​ខុស​អ្វី​នឹង​ធ្វើ​ជា​កណ្តុរ​យាមឃ្លាំង​ស្រូវ​ប៉ុណ្ណោះ​៕ អាទិត្យ​

×