Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សម្ពោធជាផ្លូវការ នៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធី «សម្ពោធជាផ្លូវការនៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ» ដោយមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងធនាគារជាតិនៃកម្ពុជា តំណាងមកពីបណ្តាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគម និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ ៣០០នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានរំលឹកអំពីសាវតាវិវត្តន៍ពីមណ្ឌលសិក្សាបច្ចេកទេសធនាគារទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងបានគូសរំលេចថា ការប្រែក្លាយនៃមណ្ឌលសិក្សាទៅជាវិទ្យាស្ថាន និងការសាងសង់អគារអន្តេវាសិកដ្ឋាននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក៏ដូចជាវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់ធនាគារជាតិនៃកម្ពុជា, ការធ្វើឯកទេសកម្មជំនាញធនាគារចាប់តាំងពីថ្នាក់បរិញ្ញាបត្ររង ដល់បរិញ្ញាបត្ររបស់វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។

ជាមួយគ្នានេះដែរ ដើម្បីសម្រួល និងលើកទឹកចិត្តដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតមកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយ ដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជា បានសាងសង់អគារអន្តេវាសិកដ្ឋាន ដែលស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់និស្សិតស្នាក់នៅបណ្តោះអាសន្ន។ គិតមកដល់បច្ចុប្បន្ន វិទ្យាស្ថានបានទទួលបណ្តុះបណ្ដាលនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានចំនួន ៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣.១៧៥នាក់ ក្នុងនោះនិស្សិតស្រីមានចំនួន ១.៩៩៧នាក់ និងមានសាស្រ្តាចារ្យសរុបចំនួន ៦៥នាក់។

បន្ទាប់ពីស្តាប់របាយការណ៍របស់ លោកជំទាវបណ្ឌិត អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជារួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់វិទ្យាស្ថានដែលបានកកើតនិងវិវត្តន៍ខ្លួនរីកចម្រើនគួរជាទីមោទនៈ។ ការប្រែក្លាយទៅជាវិទ្យាស្ថាននេះ គឺជាការធ្វើឯកទេសកម្មស្របតាមស្ដង់ដា និងគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ តាមរយៈស្ថិតិនិស្សិត ដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារភាគច្រើនបានចូលបម្រើការងារនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលបានគូសបញ្ជាក់ឱ្យឃើញពីគុណភាពនៃការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សរបស់វិទ្យាស្ថាននាពេលកន្លងមក។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាននាថ្ងៃនេះ និងបានផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានបន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប់ជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា និងស្របតាមការអភិវឌ្ឍនៃបច្ចេកវិទ្យា វិទ្យាសាស្រ្តក្នុងតំបន់ និងអន្តរជាតិ ជាពិសេសត្រូវបង្កើតកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិ និងអន្តរជាតិនានា ដើម្បីពង្រីកឱកាសផ្លាស់ប្តូរបទពិសោធ និងចុះធ្វើកម្មសិក្សាដល់និស្សិតឱ្យទទួលបាននូវចំណេះដឹង និងពិសោធនៃការអនុវត្តជាក់ស្តែងក្នុងសង្គមការងារ។

សារជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកជំទាវបណ្ឌិត អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីបង្ហាត់បង្រៀននិស្សិតតាមគ្រប់រូបភាពឱ្យក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ និងសូមផ្តាំផ្ញើទៅនិស្សិតទាំងអស់ត្រូវគោរពវិន័យ និងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអាចឈានទៅចាប់បានឱកាសកាន់តែខ្ពស់សម្រាប់ជីវិត និងក្លាយជាកម្លាំងចលករចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×