ភ្នំពេញ៖ លោកស្រីតាន់ ហ្វ៊ូអ៊ីង អគ្គនាយករងនៃការិយាល័យកិច្ចការបរទេសទីក្រុងស៊ិនជិន នៃទីក្រុងក្ខាងទុង សាធារណរដ្ឋប្រជាមានិតចិន មានបំណងបង្កើតអោយមានគម្រោង២ កើតមាននៅក្នុងរាជធានីភ្នំពេញ នាឆ្នាំ២០១៨ខាងមុខនេះ ក្នុងនោះគឺប្រព័ន្ធចែករំលែកតំបន់សេដ្ឋកិច្ចពិសេស ស៊ិនជិន មកភ្នំពេញនិងបង្កើតឲ្យមានភូមិពន្លឺព្រះអាទិត្យទន្លេមេគង្គនៅភ្នំពេញ ខណៈដែលតំបន់ជាយក្រុងនៅភ្នំពេញ ខ្លះមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។
ការបង្ហាញពីគម្រោងបែបនេះរបស់លោកស្រីតាន់ ហ្វ៊ូអ៊ីង បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយលោកនួន ផារ័ត្នអភិបាលរងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ធ្នូនេះនៅសាលារាជធានីភ្នំពេញ។
លោកនួន ផារ័ត្នអភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះនៅទីក្រុងស៊ិន ជិនរបស់ប្រទេសចិនមានការអភិវឌ្ឍរីកចំរើន ពិសេសទីក្រុងមួយនេះមានពណ៌បៃតង់ល្អ ហើយក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញពិតជារីករាយដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងដែលមានការអភិវឌ្ឍរីកចំរើនមួយនេះ។
លោក នួន ផារ័ត្នបានលើកឡើងថា រាជធានីភ្នំពេញកើតឡើងនៅឆ្នាំ ១៤៣៤ ចំណុចពិសេសនៃទីក្រុងភ្នំពេញគឺមានទន្លេបីឆ្លងកាត់ នោះគឺទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ។ ជាអកុសលដោយជួបសង្គ្រាមជាបន្តបន្ទាប់ បានធ្វើអោយរាជធានីភ្នំពេញ និងទូទាំងប្រទេសខ្ទេចខ្ទាំខ្លាំងដល់ចំណុចសូន្យនៅ១៩៧៩។ ប៉ុន្តែ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន បាននាំអោយប្រទេសជាតិមួយនេះមានការអភិវឌ្ឍន៍រីកចំរើនមកដល់បច្ចុប្បន្ននេះ ពោលគឺពីការជិះកង់ មកមានឡានកន្លះលានគ្រឿងនិងមានម៉ូតូប្រមាណ១លាន៦សែនគ្រឿង។ទាំងនេះបានមកពីការដឹកនាំរបស់សម្តេចតេជោនិងម្យ៉ាងដោយមានការគាំទ្រពីមិត្តបរទេសផងដែរ ពិសេសប្រទេសចិនជាមិត្ត។
លោកបន្តថា ចិនបានមកវិនិយោគច្រើននៅកម្ពុជា ក្នុងនោះក៏មានទីក្រុងស៊ិន ជិនផងដែរ តាមរយៈសម្ព័ន្ធមេត្រីភាពនេះ វានឹងធ្វើអោយទំនាក់ទំនង ប្រទេសទាំងពីរកាន់តែល្អប្រសើរ។
លោកស្រីតាន់ ហ្វ៊ូអ៊ីង បានមានប្រសាសន៍លើកឡើងថា ការចងសម័ន្ធមេត្រីភាពជាមួយគ្នារវាងភ្នំពេញនិងស៊ិន ជិន គឺរដ្ឋាភិបាលចិនបានជំរុញខ្លាំងណាស់ ហើយពេលនេះយើងទទូលបានផ្លែផ្កាហើយ។ ទីក្រុងស៊ិន ជិន មានចំនួន១០ខណ្ឌ ហើយក្រុមហ៊ុនល្បីឈ្មោះជាច្រើននៅប្រទេសចិន ក៏ចេញពីទីក្រុងស៊ិន ជិននេះដែរ។
លោកស្រីបានបញ្ជាក់ផងដែរថា ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងនិងទីក្រុងពិតជាមានសារសំខាន់ក្នុងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយគ្នា។
ក្នុងឱកាសនោះដែរ លោកស្រី សុំឲ្យប្រតិភូរាជធានីភ្នំពេញ ទៅទស្សនកិច្ចនៅស៊ិន ជិនម្តងទៀត ដោយភ្នំពេញ ជាទីក្រុងទេសចរ ហើយស៊ិន ជិនក៏ជាទីក្រុងទេសចរដែរ ។ នៅឆ្នាំក្រោយនេះ ជាឆ្នាំទី៦០នៃទំនាក់ទំនងការទូត កម្ពុជា ចិន លោកស្រីចង់ធ្វើអ្វីជាអនុស្សាវរីយជាមួយកម្ពុជា។
លោកស្រី ចង់ជំរុញឲ្យមានគម្រោង២ នៅក្នុងរាជធានីភ្នំពេញ នាឆ្នាំ២០១៨ខាងមុខនេះ ក្នុងនោះគឺប្រព័ន្ធចែករំលែកតំបន់សេដ្ឋកិច្ចពិសេស ស៊ិន ជិន ក្នុងបំណងចង់ចែករំលែកបទពិសោធន៍តំបន់សេដ្ឋកិច្ចពិសេស ស៊ិន ជិនមកភ្នំពេញ ។ ទី២ បង្កើតឲ្យមានភូមិពន្លឺព្រះអាទិត្យទន្លេមេគង់នៅភ្នំពេញ ខណៈដែលតំបន់ជាយក្រុងនៅភ្នំពេញ ខ្លះមិនទាន់មានអគ្គិសនីប្រើប្រាស់ ហើយ គម្រោងនេះយើងនឹងយកភូមិជាយក្រុងមកធ្វើជាគំរូមុនគេ។
លោកនួន ផារ័ត្ន បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ យើងមានតំបន់សេដ្ឋកិច្ចពិសេស១ យើងនឹងរៀនសូត្រពីទីក្រុងស៊ិន ជិន ។ ចំពោះការអនុញ្ញាតឲ្យប្រតិភូភ្នំពេញទៅបំពេញ ទស្សនកិច្ច សិក្សាស្វែងយល់ ពីភាពជោគជ័យនៃតំបន់សេដ្ឋកិច្ចសេសរបស់ទីក្រុងស៊ិន ជិននោះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល នឹងរៀបប្រតិភូទៅទស្សនកិច្ចនៅពេលដ៏សមគួរមួយ។ ដោយឡែកចំពោះ គម្រោងភូមិពន្លឺព្រះអាទិត្យទន្លេមេគង់នៅភ្នំពេញ លោកគាំទ្រនិងទទួលយក ដោយសហគមន៍ក្រីក្រនៅភ្នំពេញច្រើន ដូច្នេះយើងយកទៅដាក់នៅសហគមនក្រីក្រនោះតែម្តង ៕ ដោយ៖កូឡាប