ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែលើ “សេចក្តីព្រាងរបាយការណ៍ ស្តីពី វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥” នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២២ខែធ្នូនេះ។ សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានច្រានចោលលើ “សេចក្តីព្រៀងកម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឱនភាពដីឆ្នាំ២០១៧-២០២៦” បញ្ជូនត្រឡប់ទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិញ ដើម្បីកែសម្រួលឡើងវិញទាំងចំណងជើង និងខ្លឹមសារ នៃច្បាប់បានកំណត់ឲ្យទៅជា កម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងការធ្លាក់ចុះ គុណភាពដី ជាដើម។
បើតាមផេកហ្វេសប៊ុកផ្លូវការ លោកផៃ ស៊ីផាន បានបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី “ខ្ញុំចង់ប្រើឲ្យអស់សក្ដានុពលភាព ខួរក្បាលរបស់កូនខ្មែរ ក្នុងការរៀបចំគោលនយោបាយ ឬកម្មវិធីជាតិនានា”។ នេះជាពាក្យមាសប្រកបដោយទស្សនវិស័យ ឯករាជ្យ អធិបតេយ្យភាព មោទនភាពជាតិខ្មែរ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាលើរបៀបវារៈស្តីពី “សេចក្តីព្រាងរបាយការណ៍ ស្តីពី វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥”
ខ្លឹមសារសង្ខេបមានដូចខាងក្រោម៖ គោលនយោបាយ គឺជាមគ្គុទ្ទេសក៏ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។ ចក្ខុវិស័យ នៃគោលនយោបាយនេះ គឺជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០១៥ ដោយខិតខំសម្រេចគោលដៅបីសំខាន់៖ ១)បង្កើនចំណែកនៃវិស័យឧស្សាហកម្ម ជាពិសេសវិស័យកម្មន្តសាល ក្នុងផលិតផលក្នុងស្រុកសរុប ២) ជំរុញពិពិធកម្មមុខទំនិញនាំចេញក្រៅពីសម្លៀកបំពាក់ និងការនាំចេញកសិផលកែច្នៃ និង៣) គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលដៅខាងលើនេះ ។
បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ៣៖ ១) ការកៀរគរ និងទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ២) ការអភិវឌ្ឍន៍ និងធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម ៣) ការកែលម្អបរិស្ថាននិយតកម្មដើម្បីពង្រឹងភាពប្រកួតប្រជែង និងការសម្របសម្រួលគោលនយោបាយគាំទ្រ។ គោលបំណង នៃរបាយការណ៍នេះ ដើម្បីធ្វើការបូកសរុបនូវសមិទ្ធផលដែលសម្រេចបានដកស្រង់ចំណុចខ្វះចន្លោះ និងបញ្ហាប្រឈម ព្រមទាំងលើកឡើងនូវវិធានការបន្ត និងវិធានការបន្ទាន់ចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខដែលកើតឡើងក្នុងពេលអនុវត្ត ព្រមទាំងពន្លឿន និងសម្រួចការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
ខ្លឹមសារសង្ខេប នៃរបាយការណ៍៖
១) ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធបានដាក់ចេញនូវវិធានការគោលនយោបាយ និងផែនការសកម្មភាពរបស់ខ្លួន ព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែង ក្នុងការអនុវត្តគោលនយោបាយនេះ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរអោយកត់សម្គាល់ និងកំពុងស្ថិតនៅលើផ្លូវត្រូវឈានទៅសម្រេចបាននូវគោលដៅចម្បងៗ របស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មនេះ។
២) ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម រៀបចំផែនការសកម្មភាពការងារ និងថវិកា ការកំណត់ការងារដែលត្រូវធ្វើចំពោះមុខដែលអាចទទួលបាននូវផ្លែផ្កាឆាប់រហ័សទាំងផ្នែកសេដ្ឋកិច្ច និងសង្គម (Low Hanging Fruits) ដូចជាការជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការជម្រុញការបណ្ដុះបណ្តាលជំនាញ និងធនធានមនុស្ស និងការជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជិស្ទីក។
៣) ក្រសួង ស្ថាប័នគន្លឹះ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ បានដឹកនាំ សម្របសម្រួល និងឬអនុវត្តវិធានការគោលនយោបាយ និងផែនការសកម្មភាព ក្នុងគោលបំណងឈានទៅសម្រេចអោយបានគោលដៅចម្បងទាំងបីនៃគោលនយោបាយនេះ។
គោលដៅទី១៖ ការកែប្រែ និងពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្ម ក្នុងសេដ្ឋកិច្ចជាតិដោយបង្កើនអនុបាតវិស័យឧស្សាហកម្មក្នុងផ.ស.ស អោយបាន៣០% នៅឆ្នាំ២០២៥ ក្នុងនោះវិស័យកម្មន្តសាលត្រូវកើនដល់២០%នៅឆ្នាំ២០២៥។
គោលដៅទី២៖ ការបង្កើន និងពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញទំនិញកម្មន្តសាល (មិនមែនជាវាយនភណ្ឌ អោយបាន១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ទន្ទឹមនឹងការជំរុញការនាំចេញទំន
ិញកែច្នៃកសិកម្មឲ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។
គោលដៅទី៣៖ ការពង្រឹងយន្តការគ្រប់គ្រង និងជម្រុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដោយជំរុញការចុះបញ្ជីផ្លូវការនៃសហគ្រាសទាំងនោះ និងលើកកម្ពស់អភិបាលកិច្ចសាជីវកម្មតាមរយៈការកាន់កាប់បញ្ជីគណនេយ្យ និងតារាងតុល្យការ។
វិធានការទី១៖ រៀបចំ និងអនុវត្តផែនការបញ្ចុះថ្លៃអគ្គិសនី សម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម រួមទាំងការពង្រឹងភាពទុកចិត្ត និងការពង្រឹងវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនី ការងារកសាងខ្សែបញ្ជូនតង់ស្យុងខ្ពស់តភ្ជាប់រាជធានី-ខេត្ត ដែលសម្រេចបានការផ្គត់ផ្គង់អគ្គិសនីតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗប្រមាណជា៥០%ក្នុងឆ្នាំ២០១៦ និងគ្របដណ្តប់១០០% ក្នុងឆ្នាំ២០១៨។
វិធានការទី២៖ រៀបចំ និងអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជិស្ទីក ដោយក្រុមជំនាញកូរ៉េ និងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិ នៃប្រទេសកំពុងសិក្សា អំពីការអភិវឌ្ឍប្រព័ន្ធឡូជិស្ទីក និងការរៀបចំផែនការមេមួយអំពីការអភិវឌ្ឍប្រព័ន្ធឡូជីស្ទីក។
វិធានការទី៣៖ ពង្រឹង និងបន្តអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ ការរៀបចំ និងអនុវត្តច្បាប់ស្តីពីសហជីព ការកំណត់លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គមក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ព្រមទាំងបានបង្កើនប្រាក់ឈ្នួលអប្បបរមាដោយសុខដុមនីយកម្ម។
វិធានការទី៤៖ អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលគ្រោងអនុវត្តតាមគោលការណ៍តំបន់រដ្ឋបាលពិសេស។
ជារួម តាមការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ នាពេលកន្លងមក បានបង្ហាញឲ្យឃើញថា ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកំពុងស្ថិតនៅក្នុងទិសដៅត្រឹមត្រូវ និងអាចឈានទៅសម្រេចគោលដៅដែលបានកំណត់នៅឆ្នាំ២០២៥។ ការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចសហប្រតិបត្តិការដ៏ល្អ របស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ និងការប្រើប្រាស់នូវធនធានសរុបមធ្យោបាយសរុប ក្រោមការសម្របសម្រួលដ៏មានប្រសិទ្ធភាព គឺជាកត្តាគន្លឹះនៃការធានាជោគជ័យលើការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនេះ៕ ដោយ៖កូឡាប