ភ្នំពេញ៖ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់សមាសភាពគណបក្សសង្គ្រោះជាតិ បន្ទាប់ពីត្រូវបានរំលាយរួចមក សម្រាប់ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន១៣រូប។ នេះបើតាមការបញ្ជាក់របស់លោកចេង ប៊ុនឃៀង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២២ខែធ្នូ។
បើតាមសេចក្តីជូនដំណឹង ស្តីពីការទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំំណុលរបស់សមាសភាពគណបក្សសង្គ្រោះជាតិ បន្ទាប់ពីត្រូវបានរំលាយ កាលពីថ្ងៃទី២២ខែធ្នូ លោកចេង ប៊ុនឃៀង បានលើកឡើងថា គិតត្រឹមថ្ងៃទី២២ខែធ្នូឆ្នាំ២០១៧នេះចំនួនទទួលបានសរុប៦៨២រូប រួមមាន តំណាងរាស្ត្រ ចំនួន៤០រូប និងទីប្រឹក្សា ជំនួយការ ចំនួន៣១រូប សរុបចំនួន៧១រូប ។ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន៣រូប និងសមាជកិក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ចំនួន៦០៨រូប។
ទោះយ៉ាងបើតាមលោកចេង ប៊ុនឃៀង នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុល សូមធ្វើការលើកទឹកចិត្តដល់បងប្អូនដែលជាប់កាតព្វកិច្ចប្រកាសទាំងអស់ សូមរួសរាន់មកបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងរយៈពេល៣០ថ្ងៃនេះ ដោយនាយកដ្ឋានធ្វើការទទួលឯកសារទាំងពេលថ្ងៃត្រង់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប្រសិនបើបងប្អូនជួបបញ្ហា នាយកដ្ឋាននឹងជួបពិភាក្សាដោះស្រាយជូន៕ ដោយ៖កូឡាប