ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីធានាឲ្យបាននូវដំណើរការនៃអង្គពិធីប្រព្រឹត្តទៅដោយរលូន និងរក្សាឲ្យបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ និងមហាជនចូលរួមក្នុងអង្គពិធី។
បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ស្តីពី “ដំណេីរការនៃការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០១៩” នារសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នេះ គឺផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយឆ្ពោះទៅកាន់ការប្រារព្ធខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ «ខ្ញុំកាកបាទក្រហមកម្ពុជា» ខាងមុខនេះ ដើម្បីសម្រេចបានជោគជ័យតាមការរំពឹងទុក ក្នុងការយកមូលនិធិដែលទទួលបានពីសប្បុរសជនជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងជនងាយរងគ្រោះបំផុតរួមមាន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរៃ ។ល។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដើម្បីឈានទៅសម្រេចជោគជ័យនៃការប្រារព្ធខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ខ្ញុំ កាកបាទក្រហមកម្ពុជា»។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានអង្គប្រជុំ បានថ្លែងអំណរគុណនិងកោតសរសើរដល់ថ្នាក់ដឹកនាំ-មន្ត្រីទាំងអស់ជាពិសេស សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំទិវា ៨ ឧសភា ក៏ដូចជាថ្នាក់ដឹកនាំ-មន្ត្រីនៃអនុគណៈកម្មការទាំង៤ ដែលបានខិតខំលះបង់បំពេញការងារ ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់អនុសាសន៍ណែនាំបន្ថែមដល់គណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារគ្រប់ផ្នែក ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារដេីម្បីសម្រេចបានជោគជ័យនៃការប្រារព្ធទិវាខាងមុខ។
សូមបញ្ជាក់ជូនថា មិទ្ទីងថ្នាក់ជាតិដើម្បីអបអររទិវា ៨ ឧសភា និងអបអរខួប ១០០ឆ្នាំ នៃការបង្កេីតសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងសប្បុរសជនចូលរួមប្រមាណ ៤ពាន់នាក់៕ ដោយ ៖ កូឡាប