ភ្នំពេញ ៖ បន្ទាប់ពីបង្ហោះសារមួយឃ្លានៅលើបណ្ដាញសង្គមថា “ភ្លើងដាច់ម្លឹងៗ ចុះផ្ទះមេភ្លើងមានដាច់ដែរទេនុង?” មានអ្នកចែកចាយជាច្រើន ធ្វើឱ្យលោកជុំ កុសល ចេញមកបកស្រាយតាមរយៈវីដេអូ live មួយភ្លាមៗ ដោយលោកបញ្ជាក់ថា នោះជាការសរសេររបស់អ្នកកាន់ Facebook របស់លោកប៉ុណ្ណោះ គឺលោកបានដឹងរឿងនេះទេ។
លោក ជុំ កុសល បានអះអាងថា ការបង្ហោះនោះ ជាការសរសេររបស់ក្មេងៗ ដែលកាន់ Facebook របស់លោក ព្រោះពួកគេមានPassword ដើម្បីចូលទៅបង្ហោះ។ លោកបញ្ជាក់ទៀតថា ប្រហែលមួយម៉ោងក្រោយមក បន្ទាប់ពីបានឃើញប្រតិកម្មខ្លាំង លោកក៏បានប្រាប់ឱ្យលុបវិញ។ ចំណែកអ្នកបង្ហោះ ក៏បានសុំទោសលោកដែរ ជុំវិញបញ្ហាបង្ហោះដោយមិនបានដឹងស្ថានភាពជាក់ស្ដែងនេះ។
លោកបានបញ្ជាក់ទៀតថា ជុំវិញការដាច់ភ្លើង គឺដាច់គ្រប់កន្លែង ដោយសារអាកាសធាតុក្ដៅខ្លាំង។ ម្យ៉ាងវិញទៀតអគ្គិសនី នៅកម្ពុជាមិនទាន់មានគ្រប់គ្រាន់ ហើយបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា កំពុងរកដំណោះស្រាយរាល់ថ្ងៃ ដោយមិនចង់ឱ្យប៉ះពាល់ដល់ប្រជាជននោះទេ ៕ ដោយ ៖ បញ្ញាស័ក្តិ