(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តកណ្ដាល រងការចោទថា ប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចផ្ដាច់ការខណៈក្រុមនគរបាលកាងល្បែងនៅស្រុកស្អាង ប្តឹងមេខ្លួនឯង គឺលោកស្នងការខេត្តកណ្តាល ព្រោះខឹងដកមិនឲ្យកាងល្បែង។
ករណីនេះស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បាន ច្រានចោលការចោទប្រកាន់លើរូបលោកថាបានប្រព្រឹត្តអំពើពុករលួយ ហើយលោកហៅការចោទប្រកាន់នេះថា មានចេតនាបង្ខូចកិត្តិយសរូបលោក តែប៉ុណ្ណោះ។
ក្នុងបណ្ដឹងមួយ ដែលផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តាំងពីថ្ងៃទី ១៩ ខែមេសា កន្លង មកក្រុមមន្ត្រីនគរបាលខេត្តកណ្ដាល បានចោទលោក អ៊ាវ ចំរើន ថាបានប្រើអំណាចផ្ដាច់ការ និងប្រព្រឹត្តអំពើពុករលួយ។
បណ្ដឹងអមទៅដោយស្នាមមេដៃនិងគ្មានឈ្មោះនោះ ក្រុមមន្ត្រីនគរបាលខេត្តកណ្ដាល បានស្នើទៅលោក ស ខេង ដកហូតតំណែងស្នងការនគរបាលខេត្តកណ្ដាលរូបនេះ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល កាលពីពេលថ្មីៗនេះត្រូវបានកូនចៅក្រោមឱវាទ ដែលមិនស្តាប់ឱវាទកើតទុក្ខមិនសុខចិត្ត និងនាំគ្នាយ៉ាងហោចណាស់៦នាក់ដាក់ពាក្យប្តឹងឲ្យសម្តេច ក្រឡាហម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយរកយុត្តិធម៌។
យោងតាមពាក្យបណ្តឹងដែលបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានក្នុងស្រុកចុះផ្សាយដោយបង្ហាញថាអ្នកប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ទៅសម្តេច ក្រឡាហោម គឺជាក្រុមនគរបាលស្រុកស្អាង ដែលត្រូវលោកស្នងការខេត្តសម្រេចដកតំណែងបញ្ឈរជើងព្រោះតែខូចពេកបើកឲ្យមានល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង។
គួរកត់សម្គាល់ថា បណ្តឹងរបស់កូនចៅក្រោមឱវាទលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានផ្ទុះឡើងបន្ទាប់ពីស្នងការខេត្តរូបនេះ បានចេញសេចក្តីសម្រេចដកតំណែងមន្ត្រីនគរបាលស្រុកស្អាងចំនួន៣នាក់ បន្ទាប់ពីរកឃើញថា ពួកគេមានការជាប់ពាក់ព័ន្ធនឹងអំពើកាងបនល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានដែលពួកគេគ្រប់គ្រង។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង, លោកវរសេនីយ៍ទោ ស៊ុប លាងសែ ឈ្មោះដើម ហូ សែ អធិការរងនគរបាលស្រុកស្អាង និងលោកអនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ត្រូវដកបញ្ឃរជើងនៅស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែពួកគេមិនដែលបង្ហាញខ្លួនឡើយ ទោះបីកោះហៅប៉ុន្មានដងក៏ដោយ។
សូមជម្រាបថា លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានរងការចោទប្រកាន់ថា បើកដៃឲ្យមានល្បែងស៊ីសងខុសច្បាប់ គឺបញ្ជល់មាន់ និងវង់អាប៉ោង នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្គើនបទបញ្ជា និងអនុសាសន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ មានដូចជា សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល លេងយ៉ាងគគ្រឹកគគ្រេង រយៈពេល៥ថ្ងៃ ដោយមានអ្នកលេងប្រមាណ៣០០នាក់ បែរជាមិនបង្ក្រាប រហូតកម្លាំងស្នងការខេត្តកណ្តាលបើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។
ក្រៅពីទីតាំងជល់មាន់ អាប៉ោង នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ក៏នៅមានទីតាំងល្បែងស៊ីសងខុសច្បាប់មួយចំនួនទៀត នៅក្នុងស្រុកស្អាង ដូចជានៅឃុំស្វាយប្រទាល ឈ្មោះ ហុង ជាមេសង្វៀន និងនៅឃុំខ្ពប និងនៅឃុំទឹកវិល…។ល ដែលក្នុងមួយវង់ៗមនុស្សមិនក្រោម២០០នាក់ ចូលលេងនោះទេ។
នៅស្វាយប្រទាល មានមេបាញ់អាប៉ោង ឈ្មោះ ស៊ ម៉ាន់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិពោធិប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ដោយបើកលេងនៅភូមិព្រែកតាតិន។
មេសង្វៀនមាន់ជល់ឈ្មោះ ស្រាង ហុង ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង បើសង្វៀនបញ្ជល់មាន់នៅពោធិប៉ាង។
ចំណែកអ្នកចាត់ចែងបើកលេងជល់មាន់ អាប៉ោង នៅចំណុចភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ចូលហ៊ុនជាមួយឈ្មោះ ថៃ ថី ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិបឹងខ្ពប ឃុំខ្ពបស្រុកស្អាង។
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បានច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុក បណ្ដឹងនេះថា ជាការសងសឹកទៅនឹងវិធានការរបស់លោកបង្ក្រាបទៅលើវង់ល្បែងជល់មាន់ដ៏ធំមួយនៅក្នុង ស្រុក ស្អាង កាល ពី ពាក់ កណ្ដាល ខែ មេសា កន្លង មក នេះ។
លោក អ៊ាវ ចំរើន មាន ប្រសាន៍ប្រាប់សារព័ត៌មានក្នុងស្រុក ថា៖ «គ្រាន់តែជាពាក្យសរសេរអសុរោះ របស់អ្នកចង់បង្ហោះបង្ខូចយើងក៏មិនដឹង ឬក៏ជារឿងពិតក៏មិនដឹង ធ្វើម៉េចដឹង បើមិនទាន់មានការត្រួតពិ និត្យផង ខ្ញុំបាទក៏អត់ទាន់ដឹងដែរ»៕ ដោយ៖កូឡាប