ខេត្តព្រះសីហនុ ៖ មន្ត្រីព័ត៌មានសាធារណៈ កងទ័ពជើងទឹក បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលាទ័ពជើងទឹក ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ បានរៀបចំធ្វើពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នបច្ចេកទេសប្រើប្រាស់អាវុធថ្មើរជើង និងអាវុធគាំទ្រជំនាន់ទី២ និងបើកវគ្គហ្វឹកហ្វឺនបន្តនូវជំនាញនាំផ្លូវ ជំនាន់ទី៣ ជូនដល់កម្លាំងកងទ័ពជើងទឹក ដើម្បីបង្កើនសមត្ថភាព របស់ពួកគេ ឲ្យកាន់តែខ្ពស់មួយកំរិតថែមទៀត។
លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចូលរួមជាអធិបតីនៅក្នុងពិធីនេះ។ ក្នុងនោះ ក៏មានវត្តមាន របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ក៏បានចូលរួមជាកិត្តិយសផងដែរ។
នៅក្នុងពិធីនោះដែរ ក៏មានបំពាក់ឋានន្តរសក្តិជូនដល់នាយនាវី នាយនាវីរង ក្នុងសាលាទ័ពជើងទឹកមួយចំនួន ដែលបានខិតខំបំពេញតួនាទីការងារ មានស្នាដៃល្អ ជូនអង្គភាព ក៏ដូចជាជូនសង្គមជាតិផងដែរ។
នាឱកាសនោះ លោកនាយឧត្តមនាវី ទៀ វិញ បានថ្លែងកោតសរសើរដល់សកម្មភាពការងារ របស់នាយនាវី នាយនាវីរង និងពលនាវិកកងទ័ពជើងទឹកទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចកន្លងមក ជាពិសេសបានខិតខំហ្វឹកហាត់យុទ្ធវិធី របស់កងទ័ពទទួលបានលទ្ធផលល្អ ជាបន្តបន្ទាប់មកនេះ។
ជាងនេះទៀត លោកនាយឧត្តមនាវី ទៀ វិញ ក៏បានដាក់ចេញនូវបទបញ្ជាដល់កងទ័ពជើងទឹកគ្រប់អង្គភាព ឲ្យបន្តការងារចុះជួយប្រជាពលរដ្ឋរាល់គ្រប់ការងារសង្គមផ្សេងៗ ពិសេសត្រូវត្រៀមលក្ខណៈសម្បត្តិ សម្ភារៈឧបករណ៍ផ្លូវទឹក សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ផ្សេងៗ នៅលើលំហសមុទ្រ ឬតាមផ្លូវទឹក ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ដោយ ៖ ដែន សីមា