ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក ក្បូនគណៈប្រតិភូ ជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី អោង សានស៊ូជី បានមកដល់ចំណុចក្បែរអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវព្រះនរោត្តម កែងផ្លូវ១៧២ សង្កត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ មានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ ដេញតាមពីក្រោយក្បូនក្នុងល្បឿនលឿន ត្រូវបានសមត្ថកិច្ចយើងធ្វើការឃាត់ខ្លូនសាកសួរ និងធ្វើតេស្តពិនិត្យរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមាន) មានសារធាតុញៀន។
នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យទាំងនោះ ឈ្មោះ ចាន់ បូណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងឈ្មោះ លី គឹមសាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកមានម៉ូតូម៉ាក Yamaha Mio ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1F-9934។
សមត្ថកិច្ចបន្តទៀតថា ដំណើររឿងហេតុនោះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី កម្លាំងអធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាល បានបញ្ចេញកម្លាំងការពារក្បូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី អោង សានស៊ូជី លុះដល់វេលាម៉ោង៩ព្រឹក ក្បូនបានធ្វើដំណើរមកដល់ចំណុច ផ្លូវ១៧២ កែងផ្លូវព្រះនរោត្តម ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូតាមក្បូនដោយល្បឿនលឿនពីក្រោយ មិនព្រមឈប់ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនយកមកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងធ្វើតេស្តបឋមរកសារធាតុញៀន(លទ្ធផលវិជ្ជមាន)មានសារធាតុញៀន។ និងទិសដៅបន្ត កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងយកចម្លើយបន្ត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕ ដោយ ៖ កូឡាប