សមត្ថកិច្ចនៅ Sydney, អូស្ត្រាលី បានប្រែក្លាយតំបន់ពាណិជ្ជកម្មនៅទីនោះ ទៅជាប៉ុស្តិ៍ប៉មមួយ ខណៈពេលដែលមនុស្សរាប់ម៉ឺននាក់ បានមកកាន់ទីនេះ ដើម្បីទិញទំនិញបន្ថយថ្លៃ ។
រថយន្តដឹកជញ្ជូនធុនធ្ងន់រាប់សិបគ្រឿង ព្រមទាំងបង្គោលបេតុងត្រូវបានដាក់រាំងតាមផ្លូវដែលសម្បូរមនុស្សបំផុត ពិសេសនៅជិតអាគារ Queen Victoria ។
បើតាមអ្នកយកព័ត៌មាន Daily Mail នៅអូស្ត្រាលី ឲ្យដឹងថា ប៉ូលិសស្លៀកស៊ីវិលបានមកធ្វើការល្បាតពេញដងផ្លូវ ខណៈពេលដែលរថយន្តដឹកទំនិញដ៏ធំសណ្តោងបន្ថែមរ៉ឺម៉កមួយបានចតពាំង វិថី George និងវិថី Market។ អ្នកនាំពាក្យប៉ូលិសនៃរដ្ឋ New South Wales ឲ្យដឹងថា ៖ “ដោយសារមានមនុស្សជាច្រើនដែលមកកាន់ទីនេះដើម្បីមកទិញទំនិញចុះថោក ទើបប៉ូសិសចាត់ការបែបនេះ បំណងគ្រប់គ្រងចរាចរណ៍ ការពារសុវត្ថិភាព”។
ទោះបីពេលនេះ ប៉ូលិសពុំបានលើកឡើងថា ពុំមានការគំរាមកំហែងណាមួយក្តី តែពួកគេនៅបានអំពាវនាវឲ្យមហាជនប្រយ័ត្នប្រយែង ហើយផ្តល់ព័ត៌មានភ្លាមប្រសិនបើឃើញមានអ្វីគួរឲ្យសង្ស័យ។
ប៉ូលិសអូស្ត្រាលីក៏បានឲ្យដឹងថា បញ្ហាគ្រោះថ្នាក់បណ្តាលមកពីភេរវកម្ម គ្រាន់តែជាករណីអាចប៉ុណ្ណោះ ហើយពុំមែនជាលើកទី១ទេ ដែលប៉ូលិសបានធ្វើការហ៊ុមព័ទ្ធផ្លូវបែបនេះ។
ទោះយ៉ាងណាសន្តិសុខត្រូវបានបង្កើននៅស៊ីនី ក្រោយអំឡុងពេល៤ថ្ងៃ ដែលបុរសម្នាក់បានបើកឡានបំបុកអ្នកធ្វើដំណើរតាមផ្លូវ Flinders, Melbourne ធ្វើឲ្យមនុស្សរងរបួស។
ប៉ូលិសនៃរដ្ឋ Victoria បានធ្វើការចោទប្រកាន់បុរសបើកឡានបំបុកសញ្ជាតិAfghanistan ដែលជាជនអន្តោប្រវេសន៍ឈ្មោះ Saeed Noori អាយុ ៣២ឆ្នាំ នៃបទល្មើសចំនួន ១៨ រួមទាំងការប៉ុនប៉ងសម្លាប់មនុស្ស៕ សូយន