Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមប៉ែន បូណា ៖ មេរោគព្រហើន គឃ្លើន ជម្លើយ និងមួលបង្កាច់ ស័ក្តិសមនឹងការបន្សាបដោយឱសថល្វីងគឺមិនមែនសេរ៉ូផ្អែមនោះឡើយ

ភ្នំពេញ ៖ តាមរយៈបណ្តាញសង្គមនាថ្ងៃអាទិត្យនេះ ឯកឧត្តមប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះថា ” ក្នុងនាមជាអ្នកធ្លាប់ប្រកបអាជីពជាអ្នកសារព័ត៌មានជិត៣០ឆ្នាំ ខ្ញុំមិនដែលឃើញនិងមិនដែលលឺអ្នកណាដែលអះអាងថា ធ្វើការក្នុងវិស័យសារព័ត៌មាន ហ៊ានប្រើសម្តីពាលព្រហើន ជម្លើយនិងមួលបង្កាច់បែបនេះទៅកាន់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិនោះឡើយ។
ក្រៅពីជាថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ សម្តេចតេជោគឺជាមនុស្សដែលមានវ័យចំណាស់ និងជាអតីតនាយករដ្ឋមន្ត្រីដែលបានសាងស្នាដៃធំធេងមហាសាលចំពោះជាតិមាតុភូមិនិងប្រជាពលរដ្ឋដែលពលរដ្ឋខ្មែរគ្រប់គ្នាហៅថា«សម្តេចពុក»ជាទីគោរពស្រឡាញ់និងជាអ្នកមានគុណ។
ទោះបីជាសម្តេចមានតួនាទីជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិក៏ដោយ ក៏សម្តេចនៅតែទទួលទូរស័ព្ទហៅចូល។ នេះគឺជាគុណធម៌ដ៏ថ្លៃថ្នារបស់សម្តេចតេជោក្នុងនាមជាសម្តេចពុករបស់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែ មានក្រុមជនក្រៅសង្គមមួយចំនួនបែរជាហ៊ានប្រើសម្តីប្រមាថ មួលបង្កាច់យ៉ាងព្រហើននិងយ៉ាងគឃ្លើនបំផុតទៅលើសម្តេចដោយថែមទាំងបានបង្ហាញអាកប្បកិរិយាបែបមោទនភាពចំពោះភាពជម្លើយរបស់ខ្លួនទៀតផង។
ក្នុងនាមជាកូនខ្មែរនិងជាអតីតអ្នកសារព័ត៌មានមួយរូប ខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតនូវវប្បធម៌ដ៏ជម្លើយនេះដោយចាត់ទុកជននោះថា មិនសមជាកូនខ្មែរ និងអនុវត្តន៍ផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទាំងស្រុង។ នេះជាហេតុផលដែលយើងមិនចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្រៅស្រុកដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈថា ជាស្ថាប័នសារព័ត៌មាននោះឡើយ។
យ៉ាងណា ក្រុមអ្នកប្រកាន់វប្បធម៌បែបជ្រុលនិយមនិងជម្លើយដែលប្រៀបបាននឹងមេរោគសង្គមដ៏គ្រោះថ្នាក់នេះកំពុងផាត់ខ្លួនឯងឱ្យរសាត់អណ្តែតកាន់តែឆ្ងាយពីសង្គម និងក្លាយជាជនក្រៅសង្គមយ៉ាងឯកាដែលគ្មាននរណារាប់រក។ មេរោគព្រហើន គឃ្លើន ជម្លើយ និងមួលបង្កាច់បែបនេះស័ក្តិសមនឹងទទួលការបន្សាបដោយឱសថល្វីងគឺមិនមែនជាសេរ៉ូផ្អែមនោះឡើយ។ សូមចូលរួមកម្ចាត់មនោគមន៍វិជ្ជាជ្រុលនិយមដ៏អាក្រក់នេះឱ្យអស់ពីសង្គមខ្មែរ។
គាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ទិសដៅកសាងមូលធនមនុស្សដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌”៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×