សៀមរាប ៖ ជនបរទេសម្នាក់ បានស្លាប់នាវេលាម៉ោងប្រហែល ១១និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ដេករួមគ្រែលេខ ១៧ ផ្ទះសំណាក់ Pension Lodge ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ KOVALEV VIKTOR ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ រុស្ស៊ី ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ស្នាក់នៅផ្ទះសំណាក់កើតហេតុខាងលើ។
តាមការសាកសួរឈ្មោះ គឿន សុភាព ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ ជាបុគ្គលិកសំអាតបន្ទប់ បានឲ្យដឹងថា នាវេលាម៉ោងប្រហែល ១១និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ខ្លួនបានចូលទៅសំអាតបន្ទប់ ក៏ស្រាប់តែបានឃើញជនរងគ្រោះចង ក ខ្លួនឯងជាប់នឹងគ្រែលេខ១៧ ស្លាប់បាត់ទៅហើយ ឃើញដូចនេះខ្លួនក៏បានរត់មកប្រាប់ម្ចាស់ផ្ទះសំណាក់ នឹងបានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត (ចង ក សម្លាប់ខ្លួន)។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារ និងស្ថានទូត៕ ដោយ៖កូឡាប