Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបថត​ដែលជា​ប់​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួត​រូបថត បង្ហាញ​ពី​ភាពសម្បូរ​បែប​ដ៏​អស្ចារ្យ​របស់​ទន្លេមេគង្គ , អ្នក​ថតរូប​កម្ពុជា​៣​នាក់ ជាប់​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួត​រូបថត​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​

​ភ្នំពេញ​៖ រាត្រីកាល​ចូលមក​ដល់ ថាមពល​អគ្គិសនី​ចាប់ផ្តើម​បំភ្លឺ ភូមិ​នេសាទ​ក៏​ល្បីល្បាញ​មួយកន្លែង ដែល​បណ្តែត​ខ្លួន​ក្នុង​ទី​ងងឹត លើផ្លូវ​ទឹក គូ​ឡុង (​ឬ​មេគង្គ​) នៃ​ប្រទេស​វៀតណាម​។ ភ្លើង​អំពូល​ចាំង ច​ញ្ចែ​ង​ចិញ្ចាច ធ្វើ​ឱ្យគេ​មើលឃើញ​ពី​ការរស់នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដែល​ពឹង​អាស្រ័យ​លើ​ទន្លេមេគង្គ ដើម្បី​ចិញ្ចឹមជីវិត​។ រូបថត​នេះ​បង្ហាញ​ពី​អត្ថន័យ​ជ្រាលជ្រៅ​នៃ​ខ្សែជីវិត​លើទឹក ដែល​ឆ្លុះបញ្ចាំង​ពី ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​រវាង​មនុស្ស និង​ទន្លេ​។

​លោក Hien Minh Vu បាន​ថត​ផ្តិត​យក​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ និង​បានឈ្នះ​ជ័យលាភី​លេខ​មួយ ក្នុងការ​ប្រកួតប្រជែង​រូបថត​លើកដំបូង ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ទន្លេមេគង្គ​។

​ក្នុង​កម្មវិធី​ដែល​រៀបចំឡើង នា​ឯ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​នៃ​ទន្លេមេគង្គ ក្នុង​ទីក្រុង​វៀង​ច័ន្ទ កាលពីដើម​ខែធ្នូ ដើម្បី អបអរសាទរ​ភាពសម្បូ​រ​បែប​នៃ​ទន្លេមេគង្គ ជាមួយនឹង​រូបថត​ដែល​ឈ្នះ​ជ័យលាភី អ្នក​ថតរូប​ដែល​ទទួលបាន​ជ័យលាភី​រូបនេះ និយាយ​ដោយ​ចិត្ត​ត្រេកអរ ថា “​ការចូលរួម​ក្នុងការ​ប្រកួតប្រជែង​នេះ គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ ដើម្បី​បញ្ជូន​សារ​ប្រាប់​ទៅ​សាធារណជន​ទូទៅ ថា យើង​ចាំបាច់​ត្រូវ​ពួតដៃគ្នា ការពារ​ទន្លេ​ដ៏​ស្រស់បំព្រង​មួយ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​លើ​វា សម្រាប់​ម្ហូបអាហារ​ផង និង​ការរកចំណូល​ផង​”​។

​រូបថត​ឈ្នះ​ជ័យលាភី​របស់លោក Vu ត្រូវបាន​ជ្រើស​ចេញពី​រូបថត​ចំនួន ១៦៥ សន្លឹក របស់​អ្នក​ថតរូប​មិនមែន​អាជីព​ចំនួន ៤២ នាក់ ក្នុងប្រទេស​ចំនួន​បួន នៅ​អាង​ទន្លេមេគង្គ​ក្រោម ក្នុងនោះ​មាន​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ អ្នក​ថតរូប​ទាំងនេះ បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​រូបថត ក្រោម​ប្រធានបទ “​ភាពសម្បូរ​បែប​នៃ​ទន្លេមេគង្គ​ក្នុង​ខ្សែ​ភ្នែក​របស់​អ្នក​” ដែល​ចាប់ផ្តើម​ទទួល​ពាក្យ​ប្រកួត ពីថ្ងៃ​ទី ៧ ខែ កក្កដា ដល់​ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧​។

​រូបថត​ចំនួន ៣០ សន្លឹក ផ្សេងទៀត ដែល​ឈានដល់​វគ្គ​ជម្រុះ​ចុងក្រោយ ដែល​ផ្តិត​យក​ផ្ទាំង ទស្សនីយភាព​ដ៏​ស្រស់បំព្រង និង សកម្មភាព​មនុស្ស សុទ្ធតែ​សបញ្ជាក់​ពី​រឿងរ៉ាវ​គួរឱ្យ​ទាក់ទាញ​ចិត្ត ស្រដៀង​គ្នា​នេះ ដូចជា​ការបង្ហាញ​ពី​ប្រព័ន្ធ​បរិស្ថាន​សម្បូរបែប​នៃ​ទន្លេមេគង្គ ការប្រើប្រាស់​ទឹក​តាម​បែបផែន​ផ្សេងៗ​គ្នា និង​មុខរបរ​ចិញ្ចឹមជីវិត ដែលមាន​លក្ខណៈពិសេស របស់​សហគមន៍​នៅតាម​ដង​ទន្លេ​។

​រូបថត​ទាំងនោះ រួមមាន អ្នកនេសាទ ដែល​ប្រថុយ​ជីវិត​ជា​រៀងរាល់ថ្ងៃ ដើម្បី​នេសាទ​រកត្រី ការធ្វើ​ពាណិជ្ជកម្ម​នៅលើ​ផ្ទៃ​ទន្លេ ថ្ងៃ​លិច​លើ​ស្ពាន​មិត្តភាព​ភ្ជាប់​ពី​ប្រទេស​ឡាវ​ទៅ​ប្រទេស​ថៃ ហ្វូង​សត្វ​បក្សី សម្បុរ​ខ្មៅ និង​សោភ័ណភាព​នៃ​ព្រៃ​លិច​ទឹក​។ រូបថត​ទាំងនេះ សុទ្ធតែ​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​តំបន់​អាង​ទន្លេមេគង្គ​។ រូបភាព​នីមួយៗ សុទ្ធតែ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្ពស់​ពី​ចៅក្រម ដែល​ចូលរួម​វិនិច្ឆ័យ​ក្នុង​ពិធី​ប្រកួតប្រជែង​រូបថត​នេះ​។

​ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ក្តីរំភើប លោកស្រី Catherine O’ Brine ដែលជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​រូបថត​នេះ មានប្រសាសន៍​ក្នុង​កម្មវិធី​ផ្តល់​រង្វាន់​ថា “​រូបភាព​ទាំងនេះ​មាន​លក្ខណៈពិសេស​ម្យ៉ាង ដែល​ទាក់ទាញ​ចិត្ត​អ្នកទស្សនា​… វា​ជា​រូបភាព ដែល​ផ្លាស់ប្តូរ​ការយល់ឃើញ និង​បទពិសោធន៍​របស់​យើង​”​។​

​ពិធី​ប្រគល់​រង្វាន់​នេះ ត្រូវបាន​រៀបចំឡើង​ស្របគ្នា​ជាមួយនឹង​ពិ​ពណ៌​តាំង​បង្ហាញ​រូបថត ដែល​ជាប់​ចំណាត់​ថ្នាក់លើ​គេ​ចំនួន ៣០ សន្លឹក​។ រូបភាព​ឈ្នះ​ជ័យលាភី​ចំនួន ១២ សន្លឹក បានទទួល​រង្វាន់ ដែល​ក្នុងនោះ រូបល្អ​លើសគេ​ចំនួន​៨ ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់​មាន​ចាប់ពី ៥០ ដុល្លារ ទៅ ៥០០ ដុល្លារ​។​

​ក្នុងចំណោម​រូបភាព​ឈ្នះ​ជ័យលាភី​ទាំង​១២ មាន​រូប​៣​សន្លឹក​ថត​ដោយ​អ្នក​ថតរូប​ជាតិ កម្ពុជា គឺ​លោក ហ៊ូ សុខ​រ័ត្ន​នា ដែល​ឈ្នះ​រង្វាន់​រូបថត​ល្អ​ប្រចាំ​ប្រទេស ដោយបាន​ថតរូប​ពណ៌នា​ពី​ដើមឈើ​ដុះ បណ្តែត​ខ្លួន​ក្នុង​ទន្លេមេគង្គ​នៅ​ខេត្តស្ទឹងត្រែង​។ លោក ខឹម រិទ្ធី ឈ្នះ​រង្វាន់​រូបថត​ល្អ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ ដែល​បាន​ថតរូប​កសិករ​នៅតាម​ដង​ទន្លេមេគង្គ និង​លោក ផាន ភា​រិ​ទ្ធ ដែល​ឈ្នះ​រង្វាន់​រូបថត​ល្អ​សម្រាប់​គម្រោង​ធនធានទឹក​ចម្រុះ​ដែរ ពី​ការថតរូប​ការរស់នៅ​តាម ដង​ទន្លេ​របស់​ជនជាតិ​ចាម នៅ​កម្ពុជា​។ ពួកគេ​ទាំង​៣​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ផ្តល់​រង្វាន់​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។​

​ជាមួយ​វត្តមាន​ភ្ញៀវកិត្តិយស​ជាង ៧០ នាក់ រួមទាំង​ភ្ញៀវ​អញ្ជើញ​មកពី​តាម​ស្ថានទូត​របស់ បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដៃគូ​ហិរញ្ញវត្ថុ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ អ្នក​ជាប់​ជ័យលាភី​នីមួយៗ បាន​ឈរ​នៅ​ចំពោះមុខ​ភ្ញៀវកិត្តិយស​ប្រកបដោយ​មោទនភាព ដើម្បី​ទទួល​រង្វាន់​។ ពេលដែល​ឮឈ្មោះ​របស់​ពួកគេ ពួកគេ​ឈរ​ញញឹម​ដាក់​កា​មា​រ៉ា ចាំ​ឱ្យគេ​ថតរូប​។ ពិធី​នេះ​ផ្តល់ឱ្យ​អ្នក​ថតរូប ដែល​ទទួលបាន​ជ័យលាភី​មក​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម នូវ មោទនភាព ភាពសប្បាយ​រីករាយ និង​អំណរ​សាទរ​ចំពោះ​ស្នាដៃ​របស់ខ្លួន​។
​លោកស្រី Kankeo Oupravanh ដែលជា​ជ័យលាភី​ម្នាក់ ក្នុងចំណោម​អ្នក​ថតរូប​ជាប់​ជ័យលាភី​ជា​ស្ត្រី​ពីរ​នាក់ ហើយ​ជា​អ្នកទទួលបាន​ជ័យលាភី​ទី​បី សម្រាប់​រូបថត​បែប​មនោសញ្ចេតនា បង្ហាញ​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​រង់ចាំ​ប្តី​យក​ទូក​មក​ទទួល​ទៅផ្ទះ នៅ​រៀងរាល់​ល្ងាច បន្ទាប់ពី​លក់​ត្រី​ដែល​ចាប់ពី​ទន្លេមេគង្គ​រួច លោកស្រី បាន​និយាយថា “​ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​បានឃើញ​រូបថត​របស់ខ្ញុំ ត្រូវបាន​គេ​ដាក់តាំង​បង្ហាញ និង​ស្គាល់​មនុស្ស​ជាច្រើន​នាក់ តាមរយៈ​ការប្រកួតប្រជែង​នេះ​។ កម្មវិធី​ប្រកួតប្រជែង​នេះ លើកទឹកចិត្ត​ឱ្យ​ខ្ញុំ​ថតរូប​បន្ថែមទៀត ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ទន្លេ​នេះ ជាមួយនឹង​ជីវិត​របស់​មនុស្ស​។​

​រូបថត​ដែល​ឈ្នះ​ជ័យលាភី ១២ សន្លឹក ត្រូវបាន​បង្ហាញ​ក្នុង​ប្រតិទិន​ឆ្នាំ ២០១៨ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ហើយ​រូបថត ដែល​ជាប់​ចំណាត់ថ្នាក់​ល្អ​ជាងគេ​ចំនួន ៣០ កំពុង​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​សាល​ទទួលភ្ញៀវ​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ សម្រាប់​ឱ្យ​សាធារណជន​ចូល មើល​។

ការតាំង​ពិ​ពណ៌​នេះ នៅតែ​បន្ត​ទាក់ទាញ​ចំណាប់អារម្មណ៍​ពិតប្រាកដ​ពី​សាធារណជន​ទូទៅ​។ ភ្ញៀវ​ដែល​ចូលមក​ទស្សនា​រូបថត​ទាំងនេះ រីករាយ​ក្នុង​ការដើរ​មើល​សោភ័ណភាព​ដ៏​អស្ចារ្យ​របស់​ទន្លេ មេគង្គ ធនធានទឹក និង​ធនធាន​ផ្សេងទៀត របស់​ទន្លេ​នេះ តាមរយៈ​ម៉ាស៊ីន​ថត របស់​អ្នក​ថតរូប​។

​លោក Kittipong Jirayoot ដែលជា​ភ្ញៀវ​ម្នាក់​មកពី​ទីក្រុង​វៀង​ច័ន្ទ បាន​និយាយថា “​រូបថត​ទាំងនេះ តំណាងឱ្យ​តម្លៃ​នៃ​ទន្លេមេគង្គ​… រូបថត​ទាំងនេះ​ធ្វើឱ្យ​ខ្ញុំ​រំភើប​ដល់​ក្រអៅបេះដូង និង​រំឭក​ប្រាប់​ខ្ញុំ​ពី​គុណ​តម្លៃ ដែល​ទន្លេមេគង្គ​ផ្តល់ឱ្យ​យើងទាំងអស់គ្នា​។​”

​កម្មវិធី​ប្រកួត​រូបថត និង​ការតាំង​ពិ​ពណ៌​រូបថត​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ទន្លេមេគង្គ​នៃ​គណៈកម្មការ​ទន្លេមេគង្គ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​ពី​ធនាគារពិភពលោក ដែល​បាន​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន ជុំវិញ​ការប្រើប្រាស់ និង​ការគ្រប់គ្រង​ធនធានទឹក​រវាង​ប្រទេស​មេគង្គ​ទាំង​បួន​។ នេះ គឺជា​កម្មវិធី​ប្រកួតប្រជែង​លើកទីមួយ ដែល​គណៈកម្មការ​ទន្លេ មេគង្គ​បានរៀបចំ​ឡើង ដើម្បី​បង្កើន​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការសហការ​គ្រប់គ្រង​ធនធានទឹក​ឆ្លងដែន ដើម្បី​ការអភិវឌ្ឍ​តំបន់​នេះប្រកបដោយ​ចីរភាព​។​

​បើទោះបីជា​កម្មវិធី​ប្រកួតប្រជែង​នេះ ត្រូវបាន​បញ្ចប់​ទៅហើយ​យ៉ាងណាក៏ដោយ ពិ​ពណ៌​រូបថត នឹង​បន្ត​រហូតដល់​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៨ ហើយនឹង​មានការ​ចែក​ជូន​ប្រតិទិន​សម្រាប់​ភ្ញៀវ​ដែល​ចូលមក​ទស្សនា ១០០ នាក់​ដំបូង​៕ ដោយ​៖​កូ​ឡាប​

​សម្រាប់​អ្នក​ដែល​មិនអាច​ចូលរួម​ទស្សនាការ​តាំងពិព័រណ៍​ដោយផ្ទាល់ រូបថត​ដែល​ឈ្នះ​ពាន់រង្វាន់​ក្នុង​ទម្រង់​អេ​ឡិ​ត្រូ​និក ក៏មាន​បង្ហាញ​តាម រយៈ​ប្រព័ន្ធ​អន​ឡាញ​ផងដែ​រៈ https://www.flickr.com/photos/156837968@N06/sets/72157667788776459

×