Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆែកឆេរ​ក្លឹប​កម្សាន្ត លុច្ស​សារី ឃាត់ខ្លួ​មនុស្ស ចិន ខ្មែរ វៀតណាម​ជាង ​៤០០ ​នាក់ រកឃើញ​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន និង​ថ្នាំញៀន​មួយចំនួន​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ទាំង​កណ្តាលអធ្រាត្រ​ចុះ​ឆែកឆេរ​ក្លឹប​កម្សាន្ត លុច្ស​សារី ឃាត់ខ្លួ​មនុស្ស​ប្រុស​ស្រី មាន​ទាំង​ចិន ខ្មែរ វៀតណាម​ ជាង​ ៤០០ ​នាក់ រួម​ទាំង​រកឃើញ​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន និង​ថ្នាំញៀន​មួយចំនួន​។​

​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ក្លឹប​កម្សាន្ត​កណ្តាល​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៤​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ បង្ក្រាប​ក្លឹប​កម្សាន្ត លុច្ស​សារី​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ។​

​កម្លាំង​សមត្ថកិច្ច​បាន​បិទ​ក្លឹប​ជា​បណ្តោះអាសន្ន និង​បាន​នាំ​អ្នក​លេង​កម្សាន្ត​ប្រមាណ ៤០០​ នាក់​ ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ បើតាម​ប្រភព​ពី​សមត្ថកិច្ច​អ្នកលេង​កម្សាន្ត​ក្នុង​ក្លឹប​នេះ​ភាគច្រេីន​ជនជាតិ​ចិន និង​វៀតណាម​។​

​ក្លឹប​កម្សាន្ត លុច្ស​សារី ជា​ក្លឹប​កម្សាន្ត​មួយ ក្នុងចំណោម​ក្លឹប​កម្សាន្ត​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​បិទ​ជា​បន្តបន្ទាប់​ក្រោយពី​សមត្ថកិច្ច​បាន​ចូល​ឆែកឆេរ​រកឃើញ​មាន​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ចាប់តាំងពី​លោក ស ថេត ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ចុងឆ្នាំ​២០១៨​។​

​បើ​យោង​តាម page facebook ជា​ផ្លូវការ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​ចេញផ្សាយ​ថា ” នា​វេលា​ម៉ោង ២ យប់​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី ៨ ខែមិថុនា ឆ្នាំ ២០១៩​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួមជាមួយ​សមត្ថកិច្ច​មូលដ្ឋាន កំពុង​បង្ក្រាប​កន្លែង​កម្សាន្ត លុច្ស​សារី​(Luxurious) ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ ២១៤ ស្ថិតនៅ​ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​
​ហើយ​បន្ទាប់​ពី​ត្រួតពិនិត្យ​ក្លឹប​នេះ បាន​រកឃើញ​សារធាតុ​ញៀន​មួយចំនួន ចំណែក​មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ “៕​ ដោយ ​៖ ​កូឡាប​

×