ភ្នំពេញ ៖ ក្នុងបរិបទដែលសកលលោកកំពុងមានក្តីកង្វល់អំពីការធ្វើភេរវកម្មតាមទីប្រជុំជន រដ្ឋអំណាចនីមួយៗកំពុងយកចិត្តទុកដាក់ជាខ្លាំងចំពោះសន្តិសុខប្រជាពលរដ្ឋរបស់ខ្លួន បើទោះកម្ពុជាយើងជាប្រទេសមានសន្តិភាពហើយក្តី ក៏យើងមិនអាចមើលស្រាលសភាពការណ៍បាននោះដែរ។
នៅរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៧នេះ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានជួបប្រជុំជាមួយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់ផែនការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៧ ចូលឆ្នាំ២០១៨ខាងមុខ។
លោកអភិបាលរង បានបញ្ជាក់ថា មិនថាទីតាំងភូមិសាស្ត្រខណ្ឌគោលដៅកម្សាន្តសប្បាយឡើយ ទោះជាភូមិសាស្ត្រខណ្ឌជុំវិញ ក៏ត្រូវយកចិត្តទុកដាក់ទប់ស្កាត់កុំឱ្យមានបញ្ហាចោរលួច ឬចោរគាស់ផ្ទះជាដើម។ លោកបន្តថា ក្នុងឱកាសដ៏សែនរីករាយនេះ ខ្ញុំសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរកម្សាន្តទាំងទីជិត និងទីឆ្ងាយ ជាពិសេសបងប្អូនកងកម្លាំងរបស់យើងដែលនៅតាមការពារបងប្អូនប្រជាពលរដ្ឋ សូមឱ្យមានសុភមង្គលក្នុងក្រុមគ្រួសារ និងសុខភាពល្អមាំមួន។
ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៧ចូលឆ្នាំ២០១៨ខាងមុខនេះនៅរាជធានីភ្នំពេញមានការរៀបចំប្រគំតន្ត្រីឆ្លងឆ្នាំនេះជាច្រើនកន្លែងនៅតាមទីតាំងឯកជនរបស់គេដូចជានៅតាមសណ្ឋាគារ ក្រុមហ៊ុន រោងចក្រសហគ្រាសនាចំណែកទីតាំងសាធារណះមានតែក្រុមហ៊ុនធំៗដូចណាហ្គាវើលនិងក្រុមហ៊ុនហង្សមាសជាដើមធ្វើក្នុងនោះមានរដ្ឋបាលរាជធានីភ្នំពេញធ្វើនៅវត្តភ្នំមានការបាញ់កាំជ្រួចឆ្លងឆ្នាំថែមទៀតផង។ក្រុមហ៊ុនណាហ្គាវើលសុំធ្វើនៅលើសួនច្បារមុខណាហ្គាវើលតែម្ដងតែរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើនៅលើសួនច្បារឡើយខ្លាចខូចស្មៅសួននិងខូចសណ្ដាប់ធ្នាប់ដោយឱ្យរើសទីតាំងផ្សេងពីនោះនិងនៅក្បែរណាហ្គាវើលនេះដែរ។
ដោយឡែកក្រុមហ៊ុនហង្សមាសអ្នកនាំពាក្យបានបញ្ជាប់ថា៖រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យរៀបចំប្រគំតន្ត្រីតាមសំណូមពរនៅទីលានសួនច្បារមុខវត្តបទុមវតីដោយការរៀបចំនោះនៅលើថ្មក្រានីតមិនមែនលើសួនច្បារនិងខូចស្មៅឬផ្កានោះទេ៕ ដោយ៖កូឡាប