កោះកុង៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារស្នាក់ការស្រែអំបិលដែលមាន កងរាជអាវុធហត្ថ ចំនួន២២នាក់ មន្ត្រីបរិស្ថានចំនួន៦នាក់ ជំនួយការរបស់អង្គរការចំនួន៤នាក់ និងជនបរទេសចំនួន២នាក់ បានធ្វើការល្បាតក្នុងភូមិសាស្ត្រភូមិព្រះអង្គរកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង លុះដល់ល្ងាច ក្រុមល្បាតនេះ បានជួបប្រទះប្រជាពលរដ្ឋប្រហែល ២០០នាក់ បានមករារាំងបិទផ្លូវក្រុមការងារ និងឃាត់រថយន្តក្រុមការងារ មិនឲ្យធ្វើដំណើរត្រឡប់ទៅទីស្នាក់ការល្បាតវិញ ពួកគេទាមទារឲ្យក្រុមល្បាតសន្យាដោះលែងជនសង្ស័យដែលត្រូវបានចាប់ខ្លួន ហើយត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធករណីសង់ផ្ទះខុសច្បាប់ លើដីឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង កាលពីសប្តាហ៍មុន។
បន្ទាប់ពីមានការរារាំងប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានរាយការណ៍ជូនអភិបាលខេត្ត ដើម្បីសុំអន្តរាគមន៍ ហើយត្រូវបានលោកស្រី មិថុនា ភូថង អភិបាលខេត្ត បញ្ជាទៅស្រុក និងឃុំ ចាត់កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល រួមជាមួយក្រុមល្បាត បានព្យាយាមធ្វើការសម្របសម្រួល ដើម្បីឲ្យពួកគាត់បើកផ្លូវ តែពួកគាត់មិនព្រម រហូតដល់យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារល្បាត បានសម្រេចចិត្តសម្រុកចេញពីការរារាំង ហើយពេលនោះ ក្រុមប្រជាពលរដ្ឋបានដេញតាម និងគប់ដុំថ្មមកលើកម្លាំងល្បាត ធ្វើឲ្យបែកកញ្ចក់ឡាន ទើបក្រុមល្បាតបានបាញ់គំរាមឡើងលើ ចំនួន៥គ្រាប់ ដើម្បីបញ្ឈប់ដំណើរដេញតាមពីសំណាក់ ក្រុមប្រជាពលរដ្ឋដែលរារាំង។
បើតាមលោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហើបថា បញ្ហានេះ គ្រាន់តែជាការយល់ច្រឡំគ្នាតែប៉ុណ្ណោះ ហើយបច្ចុប្បន្នមន្ត្រីពាក់ព័ន្ធ បាននិងកំពុងដោះស្រាយតាមនីតិវិធី៕ ដោយ៖កូឡាប