ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរង និងជាប្រធាននាយដ្ឋានអង្គរក្ស បានក្រើនរំលឹកដល់កងកំម្លាំងអង្គរក្សទាំងអស់ ជាពិសេសកងកម្លាំងដែលទើបទទួលបានបណ្តុះបណ្តាលថ្មីៗឲ្យទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុវត្ថិភាពសន្តិសុខជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ នៅនាយដ្ឋានអង្គរក្ស ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ លោកនាយឧត្តមសេនីយ៍បានបន្តថា កងកម្លាំងអង្គរក្សជាកម្លាំងមួយយ៉ាងសំខាន់របស់កងនគរបាលជាតិកម្ពុជា មានតួនាទីភារកិច្ចទទួលខុសត្រូវក្នុងការពារសុវត្ថិភាព សន្តិសុខជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិសំខាន់ៗមានដូចជា ការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ប្រធានាធិបតី ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្ត្រី និងការពារបណ្តាព្រះរាជពិធីផ្សេងៗដែលព្រះមហាក្សត្ររៀបចំឡើងជាអាទិ៍ ព្រះរាជពិធីបុណ្យអុំទូក ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងកម្មវិធីប្រជុំការងារសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសកិច្ចប្រជុំកំពូលនានាក្នុងបណ្តាឆ្នាំជាបន្តបន្ទាប់ខាងមុខ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ។ ដូច្នេះតួនាទីកងកម្លាំងអង្គរក្សត្រូវយកចិត្តទុកដាក់បន្ថែមធ្វើយ៉ាងណាការពារបណ្តាគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំអោយមានសុវត្ថិភាពខ្ពស់។
នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ថ្លែងបន្តថា ផ្អែកតាមតួនាទីភារកិច្ចដែលទទួលខុសត្រូវដ៏សំខាន់ក្នុងការការពារសុវត្ថិភាពសន្តិសុខជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិនេះហើយ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលមានទំនុកចិត្ត និងផ្តល់សិទ្ធិជាអាទិភាព ក្នុងការការពារនៅកៀកជិតផ្ទាល់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដោយអនុញ្ញាតអោយប្រើប្រាស់អាវុធ និងមធ្យោបាយផ្សេងៗ ដើម្បីការពារ ហើយមានលក្ខណៈស្របតាមស្តង់ដារ អន្តរជាតិទៀតផង។
នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវបន្ថែមដល់កងកម្លាំងអង្គរក្សដែលទទួលបានការបណ្តុះបណ្តាល និងបណ្តុះបណ្តាលរួចហើយ ត្រូវមានចំនាញច្បាស់លាស់ពិតប្រកដ ដើម្បីការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ប្រកបដោយសុវត្ថិភាពខ្ពស់។ ទន្ទឹមនោះក៏ត្រូវមានអត្តចរិត អាកប្បកិរិយាថ្លែថ្នូរ មានវិន័យម៉ឹងម៉ាត់ក្នុងការងារប្រកបដោយសីលធម៌ វិជ្ជាជីវៈ ហើយជានិច្ចជាកាលត្រូវមានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល៕ ដោយ៖បញ្ញាស័ក្តិ