ស្ត្រីម្នាក់សំណាងហើយ ដែលក្រពះ «អនុគ្រោះ» បន្សល់ទុកលុយ ៥,៧០០ ដុល្លារ បន្ទាប់ពីបានលេបលុយជាង ៧,០០០ ដុល្លារ សុទ្ធតែក្រដាស១០០ៗដុល្លារ ចូលក្នុងពោះ ក្នុងជម្លោះជាមួយប្តីមានស្រីញីខាងក្រៅ ។
ស្ត្រីម្នាក់នៅក្នុងប្រទេសកូឡុំប៊ី បានទៅកាន់មន្ទីរពេទ្យ Universitario de Santander ក្នុងទីក្រុង Bucaramanga បន្ទាប់ពីនាងបានត្អូញឈឺចុកពោះខ្លាំង មុនពេលប្រាប់ក្រុមគ្រូពេទ្យថា នាងបានលេបលុយចន្លោះពី ៧,០០០ ដុល្លារ ទៅ ៩,០០០ ដុល្លារ ដើម្បីរក្សាទុកកុំឲ្យរបូតចូលក្នុងដៃប្តី ដែលកំពុងផិតក្បត់នាង ។
នៅក្នុងបទសម្ភាសន៍ ស្ត្រីរូបនោះនិយាយថា នាងបានលក់របស់របរអគ្គិសនីប្រើប្រាស់ក្នុងផ្ទះមួយចំនួនរបស់ពួកគេ និងសន្សំលុយសម្រាប់ដំណើរកំសាន្តជាមួយប្តី ។ ទោះយ៉ាងណា នាងបានខកចិត្តជាខ្លាំង នៅពេលដឹងថា ប្តីរបស់នាងកំពុងតែក្បត់ចិត្តនាង ។
នៅពេលប្តីរបស់នាងគំរាមយកលុយពីនាង នាងក៏បានលេបលុយទាំងអស់ចូលក្នុងពោះ ក្នុងបំណងព្យាយាមរក្សាវាឲ្យផុតពីដៃប្តី ។ នាងបានលេបក្រដាសលុយ ១០០ ៗដុល្លារ ដែលមានទឹកប្រាក់សរុប ៧,០០០ ដុល្លារ ។ នាងបន្ទាប់មក បានរត់ចេញពីប្តីរបស់នាង មុនពេលដួលសន្លប់ដោយសារឈឺចុកពោះខ្លាំងពេក ។
វេជ្ជបណ្ឌិតនិយាយថា ពួកគេពុំអាចដកលុយ ១០០ ៗដុល្លារ ចំនួន ៥៧ សន្លឹកដោយពុំធ្វើការវះកាត់ ចេញពីក្នុងក្រពះ និងពោះវៀន របស់ស្ត្រីរងគ្រោះនាងបាន ។ គួរឲ្យសោកស្តាយ ស្រោមលុយមួយចំនួន ត្រូវបានបំផ្លាញទាំងស្រុងរួចទៅហើយ ។
វេជ្ជបណ្ឌិតក៏បានប្រគល់លុយដែលនៅសេសសល់ទៅឲ្យប៉ូលីសក្នុងតំបន់ ។ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ចំពោះរឿងរ៉ាវបែកបាក់គ្នារបស់ប្តីប្រពន្ធនេះ ។ ក្រៅពីនេះ ស្ត្រីក៏ត្រូវបង់សម្រាប់ការវះកាត់យកលុយនោះល្អចំនួន ៥៧០០ ដុល្លារ ផងដែរ ៕ ចន្ទី