ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដល់អង្គការសារព័ត៌មានអន្តរជាតិ មេត្តាពួតដៃគ្នាប្រឆាំងនឹងព័ត៌មានប្រឌិត និងក្លែងក្លាយទាំងឡាយណា ដែលមានបំណង អាក្រក់ប្រឆាំង មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់ប្រទេសផ្សេងៗទៀតផងដែរ ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍ប្រទេសណាមួយ ក៏ដូចជាសន្តិសុខពិភពលោក និងការអភិវឌ្ឍ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា ថ្មីៗនេះមានកាសែតបរទេសខ្លះ បានចុះផ្សាយអត្ថបទបែប ”ព័ត៌មានប្រឌិត ដ៏អាក្រក់បំផុតអំពីកម្ពុជា ដោយគ្មានមូលដ្ឋានអ្វីទាំងអស់”។ ចំណុចនេះ ត្រូវបានថ្នាក់ដឹកនាំកំពូលៗនៃកម្ពុជា មានប្រសាសន៍ម្ដងហើយម្ដងទៀតថា កម្ពុជាមិនបានអនុញ្ញាតឱ្យកម្លាំងបរទេសណាមួយ បោះទីតាំងនៅក្នុងទឹកដីខ្លួនឡើយ។ ព័ត៌មានបំភ្លៃបែបអវិជ្ជមានអំពីកម្ពុជា ដែលមានចរិតនយោបាយមកលើរាជរដ្ឋាភិបាលកម្ពុជា មិនទទួលយកបានទេ ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលជាម្ចាស់ឆ្នោត និងម្ចាស់វាសនារបស់ខ្លួន។ ការចុះផ្សាយព័ត៌មាន ដែលមិនបានដកស្រង់សម្ដីពីប្រភពច្បាស់លាស់ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែវាបានធ្វើឱ្យសាធារណមតិមួយចំនួនយល់ច្រឡំ ហើយថែមទាំងធ្វើឱ្យតម្លៃវិជ្ជាជីវៈ និងក្រមសីលធម៌ សារព័ត៌មានចុះអន់ថយផងដែរ។
សូមរំលឹកថា នៅដើមសប្តាហ៍នេះ មានកាសែតបរទេស បានចុះផ្សាយព័ត៌មានដោយមិនឆ្លុះបញ្ចាំងអំពី ស្ថានភាពពិតជាក់ស្ដែងនៅកម្ពុជា បានធ្វើឱ្យមន្រ្តីទូតខ្លះមានការយល់ច្រឡំ។ អង្គភាពអ្នកនាំពាក្យបានបញ្ជាក់នូវ ចំណុចមួយចំនួនដូចខាងក្រោម៖
១៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមានអធិបតេយ្យ បូរណភាពទឹកដីពេញលេញ មានរាជរដ្ឋាភិបាល មានអង្គនីតិប្បញ្ញត្តិ… ក៏ដូចជាប្រជាជនខ្លួន ដែលជាម្ចាស់ជោគវាសនា ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសខ្លួន។ កម្ពុជាគឺជាម្ចាស់ប្រទេសគ្រប់ទម្រង់ទាំងអស់ មាននយោបាយជាមិត្តល្អនឹងគ្នា ជាមួយបណ្ដាប្រទេសនានា ក្នុងភាពជាដៃគូស្មើមុខស្មើមាត់ តាមរយៈកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសខ្លួន។ នៅក្នុងន័យនេះ គ្មានជនបរទេសណាមួយត្រូវបានអនុញ្ញាតឱ្យជ្រៀតជ្រែក ឬបង្គាប់បញ្ជាទៅក្នុង កិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត។
២៖ អង្គភាពអ្នកនាំពាក្យ សូមអំពាវនាវរាល់មិត្តភក្តិរបស់អាស៊ានទាំងអស់ ក៏ត្រូវតែគោរពសមាជិករបស់អាស៊ាននីមួយៗផងដែរ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូរ មិត្តភាព និងសហប្រតិបត្តិការ ដើម្បីចៀសវាង ពីការប៉ះទង្គិចពាក្យសម្ដីផ្នែកការទូត។
៣៖ អង្គភាពអ្នកនាំពាក្យ ក៏សូមអះអាង និងបញ្ជាក់សាជាថ្មីនូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជានៅតែរក្សាសុច្ឆន្ទៈ ក្នុងការបន្ត និងពង្រឹងបន្ថែមនូវទំនាក់ទំនងល្អ ក្នុងទិសដៅកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយបណ្ដាប្រទេសនានា ក្រោមស្មារតីរដ្ឋធម្មនុញ្ញតែមួយរបស់ខ្លួន ក៏ដូចជាច្បាប់ជាតិ និងអន្តរជាតិផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងថែរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោកសម្រាប់មនុស្សជាតិទាំងមូល។
៤៖ អង្គភាពអ្នកនាំពាក្យ ក៏សូមអំពាវនាវដល់ប្រទេសដែលជាហត្ថលេខី ចំពោះសេចក្តីថ្លែងការណ៍រួម អង្គរ ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយដែលបានធ្វើឡើងនៅខេត្តសៀមរាប នាពេលថ្មីៗកន្លងទៅនេះ ក៏ដូចជា អង្គការ សារព័ត៌មានអន្តរជាតិ មេត្តាពួតដៃគ្នាប្រឆាំងនឹងព័ត៌មានប្រឌិត និងក្លែងក្លាយទាំងឡាយណា ដែលមានបំណងអាក្រក់ប្រឆាំង មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់ប្រទេសផ្សេងៗទៀតផងដែរ ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍ប្រទេសណាមួយ ក៏ដូចជា សន្តិសុខពិភពលោក និងការអភិវឌ្ឍ៕ ដោយ៖បញ្ញាស័ក្តិ