ភ្នំពេញ ៖ មន្ដ្រីកាំកុងត្រូលផែស្ងួតចុងទី បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដែលកំពុង ដាក់លក់នៅលើទីផ្សារដើមគរ ដោយក្នុងប្រតិបត្តិការនេះ បានរកឃើញសារធាតុគីមីហាមឃាត់ ក្នុងម្ទេស ដែលនាំមកពីវៀតណាម យកមកដាក់លក់ក្នុងផ្សារអូរឫស្សី និងផ្សារដើមគរ ។ ក្រុមការងារបានយកនំចំណីផ្លែឈើជាង៤០មុខមកធ្វើ ពិសោធន៍ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ហើយក្នុងនោះបានរកឃើញសំណល់ថ្នាំ សម្លាប់សត្វល្អិត ក្នុងម្ទេសហាវៃពណ៌លឿង និងម្ទេសម៉ាឡេពណ៌ខៀវ ដែលនាំចូលពីវៀតណាម និងខ្ទឹមនៅក្នុងផ្សារដើមគរ។
នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខារាជធានីភ្នំពេញ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារដើមគរ និងផ្សារអូរឫស្សី រាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព និងទំនិញដែលមានហានិភ័យខ្ពស់ ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ ជាពិសេសផ្តោតទៅលើម្ទេសគ្រប់ប្រភេទ និងបន្លែផ្សេងៗ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារ ចំនួន ៤០គំរូ ហើយបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលនៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួន ដូចជា៖ នៅផ្សារអូរឫស្សី (ទំនិញមានសំណល់ថ្នាំសម្លាប់សត្វល្អិត) មាន ម្ទេសហាវៃពណ៌លឿង ចំនួន ១,២ គីឡូក្រាម ម្ទេសពណ៌ខៀវ ចំនួន ១,៧ គីឡូក្រាម។ ផ្សារដើមគ (ទំនិញមានសំណល់ថ្នាំសម្លាប់សត្វល្អិត) ផ្កាខ្ទឹម ចំនួន ០,៥ គីឡូក្រាម ម្ទេសហាវៃពណ៌លឿង ចំនួន ២ គីឡូក្រាម សរុបទំនិញដកហូតបានប្រហែល ចំនួន ៥,៤ គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមកកម្ទេចចោលភ្លាមៗនៅនឹងកន្លែង និងបានឱ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ការទទួលលក់បន្តទៀត ហើយបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។
លោក គង់ វុទ្ធី អនុប្រធានកាំកុង ត្រូលផែស្ងួត ចុងទីភ្នំពេញ បានឲ្យដឹងថា ៖ ក្រុមការងាររបស់លោកបានសហការជាមួយប្រធានផ្សារ ដើមគរ និងផ្សារអូរឫស្សី ចុះឆែកឆេរនិងត្រួតពិនិត្យនូវចំណីអាហារដែលអាជីវករដាក់ក្នុងផ្សារខាងលើនេះ ដោយបានរកឃើញនូវសារធាតុហាមឃាត់ក្នុងម្ទេសហើយក្រុមការងារក៏បានរឹបអូសភា្លមៗ យកទៅកម្ទេចចោលផងដែរ ៕ដោយ:កូឡាប