ភ្នំពេញ ៖ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ បានរួមគ្នាវាយតម្លៃលើស្នាដៃគំនូរ និងកំណាព្យ ក្រោមប្រធានបទ “ការអប់រំដើម្បីអភិវឌ្ឍសង្គមគ្មានគ្រឿងញៀន “ ដែលជាស្នាដៃរបស់គរុសិស្សខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងសិស្សវិទ្យាល័យសម្តេចឪ ដោយបានធ្វើការជ្រើសយកស្នាដៃពីគរុសិស្ស និងសិស្សចំនួន១៨ស្នាដៃ។
ក្នុងឱកាសនោះដែរ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍អរគុណដល់ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធដែលបានខិតខំតស៊ូប្រឹងប្រែងបង្កើតកម្មវិធីនិងប្រធានបទយកមកធ្វើការប្រឡងប្រជែងហើយរើសបានស្នាដៃយកមកវាយតម្លៃនាពេលនេះ ហើយតាមរយៈការងារនេះពិតជាមានសារសំខាន់ណាស់ព្រោះពួកគាត់ភាគច្រើនជាគរុសិស្សដែលនឹងក្លាយជាលោកគ្រូ អ្នកគ្រូផ្តល់ដំបូន្មានដល់សិស្សនាពេលអនាគត។
លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថាស្នាដៃរបស់គរុសិស្ស និងសិស្សដែលបានជ្រើសយកមកវាយតម្លៃនាពេលនេះគឺបានបង្ហាញពីការចូលរួមចំណែកផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដែលបាននឹងកំពុងកើតមានក្នុងសង្គមយើងបច្ចុប្បន្នដើម្បីឲ្យគ្រប់គ្នាចៀសវាង ចេះបដិសេធ និងចាកចេញពីគ្រឿងញៀន ហើយលោកគ្រូ អ្នកគ្រូ ពិតជាឥទ្ធិពលទៅលើសិស្សក្នុងការផ្តល់ព័ត៌មានទាំងអស់នេះដល់សិស្សនិងមនុស្សជាទីស្រលាញ់យ៉ាងមានប្រសិទ្ធភាព ។
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មការបច្ចេកទេស បានបង្ហាញឲ្យដឹងថា ស្នាដៃកំណាព្យនិងគំនូរដែលបានប្រឡងប្រណាំងមានច្រើនតែគណៈកម្មការបានជ្រើសយកស្នាដៃពីគរុសិស្ស និងសិស្សចំនួន១៨ស្នាដៃដោយជ្រើសយកកំណាព្យគឺគិតទៅលើខ្លឹមសារ ជើងកាព្យ និងអក្ខរាវិរុទ្ធ និងគំនូរគឺគិតទៅលើ គំនិត បច្ចេកទេស និងសោភណ័ភាព ល្អជាងគេ ៕ ដោយ៖បញ្ញាស័ក្តិ