ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បន្តថា អាជ្ញាធរ សមត្ថកិច្ចនៅតាម រាជធានី ខេត្ត ត្រូវដឹកនាំត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់មិនអាចធូររលុងបានទេ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ និងបង្កើនការរៀបចំសណ្តាប់ធ្នាប់ឲ្យបានសមរម្យ ។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកឡើងថា ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍នេត សាវឿន បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងបំណងដើម្បីពិនិត្យឡើងវិញអំពីស្ថានភាពទូទៅនៃការគោរពច្បាប់ចរាចរណ៍ឆ្នាំ២០១៧ ។ ត្រូវតែរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមិនអាចធូររលុងបានទេ និងរិះរកវិធីធ្វើយ៉ាងណាឲ្យអ្នកជិះម៉ូតូត្រូវតែពាក់មួកសុវត្ថិភាព ធ្វើម៉េចចាប់បង្ខំឲ្យប្រជាពលរដ្ឋជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព មិនមែនសមត្ថកិច្ចធ្វើដើម្បីគំរាម ឬគាបសង្កត់ពួកគាត់នោះទេ តែយើងធ្វើដើម្បីការពារអាយុជីវិតរបស់ពួកគាត់ ព្រោះថាអ្នកស្លាប់ដោយមិនពាក់មួកសុវត្ថិភាពមានទៅដល់ជិត៨០ភាគរយ ។
ក្នុងកិច្ចប្រជុំនេះដែរ លោក នេត សាវឿន ក៏បានអំពាវនាវដល់អ្នកធ្វើដំណើរទូទៅគោរពច្បាប់ ស្រឡាញ់អាយុជីវិត ទ្រព្យសម្បត្តិ គិតគូដល់អ្នកដទៃ ហើយអត់ឳនឲ្យគ្នាទៅវិញទៅមក នេះជារឿងសំខាន់ បើយើងធ្វើបានយ៉ាងដូច្នេះ សង្ឃឹមថា ឆ្នាំ២០១៨ អាចកាត់បន្ថយចំនួនគ្រោះថ្នាក់ ។
លោក ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៧ បានកើតឡើងចំនួន៣៥៣១លើក បណ្តាលអោយស្លាប់ចំនួន ១៧៨០នាក់ (អ្នកស្លាប់ភាគច្រើនជាអ្នកជិះទោចក្រយានយន្តមានចំនួន ១៣៦៥នាក់ ស្មើ ៧៧ភាគរយ ប្រភេទ ១២៥សេសេចុះក្រោមមានចំនួន ៩៩ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ៧៨ភាគរយ ) និងរបួសចំនួន៥៥៣៩នាក់ ភាគច្រើននៅរាជធានីភ្នំពេញមានអ្នកស្លាប់១៦៨នាក់ ខេត្តកណ្តាលចំនួន១៦០នាក់ និងខេត្តកំពង់ធំចំនួន១២៤នាក់ ។ ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន ៤,៩នាក់ និងរបួសចំនួន១៥,២នាក់ ។ មូលហេតុបើកបរលើសល្បឿនកំណត់៣៦ភាគរយ មិនគោរពសិទ្ធិ១៧ភាគរយ មិនប្រកាន់ស្តាំ១៣ភាគរយ វ៉ាជែង១០ភាគរយ បត់១០ភាគរយ ស្រវឹង៩ភាគរយ កត្តាយានយន្ត៣ភាគរយ និងងងុយដេក១ភាគរយ ។ ប្រៀបធៀបនឹងឆ្នាំ២០១៦ គ្រោះថ្នាក់ថយចំនួន១៦៩លើក ស្មើ៤,៦ភាគរយ ស្លាប់កើនចំនួន៦៣នាក់ ស្មើ៤ភាគរយ និងរបួសថយចំនួន១០៦៨នាក់ ស្មើ១៦ភាគរយ ។ ក្នុងចំណោមអ្នកស្លាប់ ១៧៨០នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន៨៣ភាគរយ (ប្រភេទ១២៥cc ចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៧៨ភាគរយ ។ ករណីគ្រោះថ្នាក់ត្រូវបានដោះស្រាយចប់ចំនួន ១៣១៦ករណី បញ្ជូនទៅតុលាការចំនួន ១១០៩ករណី និងកំពុងអង្កេត៨៨០ករណី ៕ ដោយ៖បញ្ញាស័ក្តិ