ភ្នំពេញ ៖ មន្ត្រីរដ្ឋបាលខណ្ឌដូនពេញអះអាងថា៖ចាប់ពីពេលនេះទៅរដ្ឋបាលខណ្ឌដូនពេញប្តេជ្ញាបន្តអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត ដែលល្មើសច្បាប់ជិះបញ្ជ្រាសទិសដៅចរាចរ នៅជុំវិញវិមានឯករាជ្យ ឲ្យមានប្រសិទ្ធភាពជាដាច់ខាត។ការលើកឡើងបែបនេះរបស់រដ្ឋបាលខណ្ឌដូនពេញនេះ គឺធ្វើឡើងក្រោយពីមានសារព្រមានពីសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា៖ការដកតំណែងអភិបាលខណ្ឌម្នាក់ប្រើពេលតែ៥នាទីចប់ ប៉ុន្តែបើអភិបាលរងខេត្តយូរបន្តិច ។ ដោយសំដៅលើលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញជាឧទាហណ៍។ ចំពោះការព្រមាននេះបានធ្វើឡើងនៅមុខកម្មកររោងចក្រជាង១ម៉ឺននាក់ក្នុងខណ្ឌប្ញស្សីកែវកាលពីថ្ងៃទី៣ខែមករានេះ។
ក្នុងថ្ងៃទី៣ខែមករានេះលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយសហការជាមួយការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តន៍យុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជាលទ្ធផលកន្លងមក បានធ្វើការឃាត់យានយន្តសរុបចំនួន ៩៥ គ្រឿង មានៈ ១-ម៉ូតូចំនួន៨៤ គ្រឿង២-រ៉ឺម៉កម៉ូតូកង់បីចំនួន៩គ្រឿង ៣-រថយន្តចំនួន២គ្រឿង បានបញ្ជូនទៅការិយាល័យចរាចរ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។
ប្រជាពលរដ្ឋសំណូមពរលោកអភិបាលខណ្ឌដូនពេញអនុវត្តគ្រប់ផ្លូវក្នុងខណ្ឌដូនពេញតែម្ដងទៅកុំធ្វើតែម្ដុំជិតផ្ទះសម្ដេចតេជោមួយកន្លែងនៅជុំវិញផ្សារតូចធំរបស់ខណ្ឌដូនពេញក៏ពោរពេញដោយការជិះបញ្ច្រាសដូចគ្នា។
ជាមួយគ្នានេះរដ្ឋបាលខណ្ឌដូនពេញ សូមអំពាវនាវ និងសំណូមពរ ដោយទទូចចំពោះអ្នកប្រើប្រាស់ផ្លូវ ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាគោរពឲ្យបាននូវច្បាប់ចរាចរជាធរមាន ក្នុងបុព្វហេតុ កាត់បន្ថយឲ្យបានជាអតិប្បរមានូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតចេញអំពីការមិនគោរពអនុវត្តន៍ច្បាប់ខាងលើ ជាពិសេស សកម្មភាពបំពាននេះ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះ សោភ័ណភាពទីក្រុង ជាក់ស្តែង ការមិនគោរពភ្លើងស្តុបចរាចរ គំនូសសញ្ញាចរាចរ ស្លាកសញ្ញាចរាចរ និងមន្ត្រីនគរបាលជាដើម គឺបណ្តាលឲ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាព នៃរាជធានីភ្នំពេញយើងទាំងមូល ។
ក្នុងនោះដែរប្រជាពលរដ្ឋនៅរាជធានីភ្នំពេញសូមលោកអភិបាលខណ្ឌនានានៅក្នុងរាជធានីភ្នំពេញបន្តអនុវត្តការងាររៀបចំសណ្ដាប់ធ្នាប់នេះបន្ថែមទៀតខណ្ឌណាធ្វើបានល្អជំរុញតទៅទៀត។ប្រជាពលរដ្ឋក៏បានសំណូមពរជាពិសេសដល់លោកអភិបាលខណ្ឌចំកាមននៅខណ្ឌចំការមន ឱ្យក្រឡេកមើលនៅបណ្តោយមហាវិថី ព្រះនរោត្តម ចាប់ពីស្ពានអាកាសក្បាលថ្នល់រហូតដល់ស្តុបចំការមន ម៉ូតូភាគច្រើនសុទ្ធតែបើកបរបញ្ជ្រាសទិសចរាចរណ៍៕ ដោយ៖បញ្ញាស័ក្តិ